អន្តរជាតិ
ប្រទេស​អឺរ៉ុប ពន្យា​រពេល​ការសង​បំណុល​ឲ្យ​មី​យ៉ាន់​ម៉ា និង​ចង់ឃើញ​ចិន ធ្វើ​ដូចគ្នា​ដែរ​
06, Jul 2020 , 8:29 am        
រូបភាព
អនុប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ដៃអគ្គរដ្ឋទូតអឺរ៉ុប។ រូបភាព Myanmar Times
អនុប្រធានាធិបតីមីយ៉ាន់ម៉ា ចាប់ដៃអគ្គរដ្ឋទូតអឺរ៉ុប។ រូបភាព Myanmar Times
ដោយ:
​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ប្រាំមួយ​ប្រទេស បានសម្រេច​ឯកភាពគ្នា​ លើក​ពេល​ការសង​បំណុល​របស់​មី​យ៉ាន់​ម៉ា ដែល​ជំពាក់​ខ្លួន​រហូតដល់​បំណាច់​ឆ្នាំ​២០២០​។ ការពន្យា​រពេលនេះ ដើម្បី​ជា​ផ្នែក​មួយ​​ជួយ​ដល់​មី​យ៉ាន់​ម៉ា ឲ្យ​មានលទ្ធភាព​​​ស្រោចស្រង់​ប្រទេស ខណៈ​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច កំពុង​រង​ការគំរាមកំហែង​ ដោយសារតែ​ជំងឺ​រាតត្បាត Covid-19​។​

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times នៅ​ថ្ងៃទី​២ កក្កដា តំណាង​រដ្ឋាភិបាល អូទ្រីស ហ្វាំ​ង​ឡង់ បារាំង អាល្លឺម៉ង់ ប៉ូឡូញ និង​ហូ​ឡង់ បានចេញ​លិខិតផ្លូវការ​ដូចគ្ នា​ក្នុងការ​ពន្យារ​ពេល​ការសង​បំណុល និង​ការប្រាក់​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ​ក្នុង​ទំហំ ៩៨ លាន​ដុល្លារ ​រហូតដល់​បំណាច់​ឆ្នាំ​២០២០​នេះ​។ ក្រុម​ប្រទេស​អឺរ៉ុប​ទាំងនេះ ក៏បាន​ទទូច​ឲ្យ​បណ្តា​ម្ចាស់បំណុល​ធំ​រប​ស់មី​យ៉ាន់​ម៉ា ធ្វើបែបនេះ​​ដែរ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្នុង​កម្មវិធី​ប្រកាសសេចក្តី​សម្រេច​ផ្លូវការ​នេះ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​មី​យ៉ាន់​ម៉ា បាន​លើកឡើងថា ការ​ពន្យារពេលនេះ នឹង​ជួយ​ដល់​មី​យ៉ាន់​ម៉ា​កំណត់ឡើង​វិញ​ លើ​មូលនិធិ និង​ថវិកា​សាធារណៈ​របស់ខ្លួន​ សម្រាប់​ផ្តោតលើ​វិស័យ​សុខាភិបាល សហគមន៍​ដែល​ងាយ​រងគ្រោះ និង​ជាពិសេស​នោះ ​អាជីវកម្ម​ក្នុងស្រុក ដែល​កំពុងតែ​ជួប​រឿង​ត្រដាបត្រដួស​ ដោយសារតែ Covid-19​។​
 
​តំណាង​ក្រុម​ប្រទេស​អ្នកមាន​រូបនេះ ក៏បាន​ស្នើ​ឲ្យ​ម្ចាស់បំណុល​ផ្សេងទៀត​របស់​មី​យ៉ាន់​ម៉ា ជាពិសេស​ចិន អនុវត្តតាម​គំរូ​នេះ​ផងដែរ​។ មី​យ៉ាន់​ម៉ា គឺជា​ប្រទេស​ទីមួយ​ហើយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលបាន​ការលើក​លែង ឬ​ពន្យា​រពេល​ការសង​បំណុល​ ពី​បណ្តា​ប្រទេស​អឺរ៉ុប​។​
 
​តាមពិតទៅ ចលនា​នៃ​ការពន្រយា​ពេល​នៃ​ការសង​បំណុល ផ្តើមចេញ​ឡើង​បន្ទាប់ពី​ប្រទេស​ក្រុម ២០ បាន​ចុះហត្ថលេខា​រួមគ្នា​ នៅ​ខែមេសា​កន្លងទៅ ស្តីពី​ការបង្កើត​គំនិត​ផ្តួចផ្តើម​សេវាកម្ម​ពន្យា​រពេល​ការសង​បំណុល ។ គំនិត​ផ្តួចផ្តើម​នេះ គឺជា​ផ្នែក​មួយ​នៃ​ការគិតគូរ​របស់​សហ​គម​ន៍​អន្តរជាតិ ក្នុងការ​ជួយសង្គ្រោះ​គ្នា​ក្នុង​គ្រា​មាន​វិបត្តិ បន្ថែម​លើ​ជំនួយ​មនុស្សធម៌​ជាក់ស្តែង​។​
 
​គួរ​ជម្រាប​ថា បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា មាន​បំណុល​ជាតិ​សរុប​ប្រមាណ ១០ ពាន់​លាន​ដុល្លារ ក្នុងនោះ​ជំពាក់​ចិន ៤ ពាន់​លាន​ដុល្លារ​។ បំណុល​មួយ​ភាគ​ធំ ត្រូវបាន​ខ្ចី ​តាំងពី​មី​យ៉ាន់​ម៉ា គ្រប់គ្រង​ដោយ​របប​យោធា​មកម្ល៉េះ​។ នេះ​បើ​យោងតាម Myanmar Times៕

Tag:
 ​មី​យ៉ាន់​ម៉ា​
  អឺរ៉ុប​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com