ជាតិ
កម្ពុ​ជាមាន​មហិច្ឆតា​ប្រែក្លាយ​ពី​ល្បែង​ពាណិជ្ជកម្ម​ទៅជា​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ​
05, Jul 2020 , 5:16 pm        
រូបភាព
​ភ្នំពេញ​៖ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣ ខែកក្កដា​កន្លងទៅ​។ សេចក្ដីព្រាងច្បាប់​នេះ រៀបចំឡើង​មាន​ចំនួន​១២​ជំពូក និង​៩០​មាត្រា ហើយ​ត្រូវ​បានសម្រេច​ឯកភាព​ដោយ​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​ម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

 
​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ត្រូវបាន​តាក់តែងឡើង​ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ (Integrated Resort) និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើត​ការងារ ប្រមូល​ចំណូល រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម​។ 
 
​សេចក្ដីព្រាងច្បាប់​នេះ នឹង​អនុញ្ញាតឱ្យ​មានការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​យ៉ាង​តឹងរ៉ឹង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា សម្រាប់​អាជីវកម្ម​កាស៊ីណូ​។​
 
​រដ្ឋាភិបាល​វាយតម្លៃថា ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ បាន​ចូលរួម​ជុំរុញ​ការអភិវឌ្ឍ​តំបន់​ព្រំដែន ដែលជា​អតីត​សមរភូមិ តំបន់​ពោរពេញ​ដោយ​គ្រាប់មីន តំបន់​គ្រុនចាញ់ និង​ជា​អតីត​តំបន់​គ្មាន​ប្រជាជន​រស់នៅ​។ បន្ថែម​ពីលើ​នេះ វា​បានរួម​ចំណែក​ការពារ​ខ្សែក្រវាត់​ព្រំដែន ការគាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ បង្កើត​ការងារ​ជូន​ពលរដ្ឋ ក៏ដូចជា​ការបង្កើត​ប្រភព​ចំណូល​ថវិកាជាតិ​។​
 
​គណៈរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ពី​ការ​ប្រែក្លាយ​ល្បែង​ពាណិជ្ជកម្ម​ទៅជា​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ជា​កន្លែង​កម្សាន្ត​ទាក់ទាញ​ទេសចរ តាមរយៈ​ការរៀបចំ​ទីតាំង​ល្បែង​ពាណិជ្ជកម្ម ដោយ​រួមបញ្ចូល​នូវ​ទីតាំង​បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារ​ទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌល​កម្សាន្ត​និង​ទស្សនា មណ្ឌល​សន្និបាត ឬ​ពិ​ព័រ​ណ៌ និង​ហាង​លក់ទំនិញ​ជាដើម​។​
 
​ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យមាន​ល្បែង​ពាណិជ្ជកម្ម ឬ​មិនគួរ​អនុញ្ញាត​ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកវិទ្យា​សមស្រប​ក្នុងការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​កិច្ចដំណើរការ​របស់​ប្រតិ​ប​ត្ត​ករ​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បានគិត​គូរ​អំពី​យន្តការ​យ៉ាង​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕
 
 

Tag:
 ច្បាប់​
 ​ល្បែង​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com