COVID-19
អន្តរជាតិ
អូស្ត្រាលី បិទ​ព្រំដែន​រវាង​រដ្ឋ​ពីរ ក្រោយ​ករណី​ឆ្លង COVID-19 កើនឡើង​
06, Jul 2020 , 9:53 am        
រូបភាព
ប៉ូលិសអូស្ត្រាលីឈរយាមខាងមុខអាគាររស់នៅដែលត្រូវបិទដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 ក្នុងទីក្រុង Melbourne ។ រូបភាព AFP
ប៉ូលិសអូស្ត្រាលីឈរយាមខាងមុខអាគាររស់នៅដែលត្រូវបិទដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 ក្នុងទីក្រុង Melbourne ។ រូបភាព AFP
​ព្រំដែន​រវាង​រដ្ឋ​ពីរ​របស់​អូស្ត្រាលី គឺ Victoria និង New South Wales នឹងត្រូវ​បិទ​ដោយ​គ្មាន​រយៈពេល​កំណត់ បន្ទាប់ពី​ករណី​ឆ្លង​ជំងឺ COVID-19 បាន​ហក់​ឡើង​ក្នុង​រដ្ឋ Victoria ។ រដ្ឋ​ទាំងពីរ​នេះ ជា​តំបន់​ដែលមាន​ប្រជាជន​ច្រើន​នៅ​អូស្ត្រាលី​។

 
​ចាប់ពី​ម៉ោង​១១ និង​៥៩​នាទី​យប់​ថ្ងៃទី​៧ ខែកក្កដា​តទៅ ព្រំដែន​រវាង​រដ្ឋ Victoria និង New South Wales នឹងត្រូវ​បិទ​។ នេះ​ជាការ​ប្រកាស​នៅ​ថ្ងៃទី​៦ ខែកក្កដា​របស់លោក Daniel Andrews នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Victoria ដែល​ធ្វើឡើង​ក្រោយ​ករណី​ឆ្លង COVID-19 ក្នុង​រដ្ឋ​របស់លោក​បាន​កើនឡើង​ខ្លាំង​គួរ​ឲ្យ​បារម្ភ​។​
 
​ក្នុង​ទីក្រុង Melbourne ដែលជា​ទីក្រុង​ធំជាងគេ​របស់​រដ្ឋ Victioria ករណី​ឆ្លង​ថ្មី បាន​កើនឡើង​ចំនួន​១២៧​នាក់​ដែលជា​ការកើនឡើង​ច្រើន​បំផុត​ក្នុង​រដ្ឋ​នេះ​តាំងពី​ផ្ទុះ​ករណី​ឆ្លង​មក​។ ករណី​ស្លាប់​ម្នាក់ ក៏​ត្រូវបាន​រាយការណ៍​នៅ​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​ដែរ​។ 
 
​ករណី​ឆ្លង​នៅ​ទីក្រុង​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ បាន​កើនឡើង​ប៉ុន្មាន​ថ្ងៃ​មកហើយ​។ អាជ្ញាធរ​ទីក្រុង​នេះ បានចេញ​បញ្ជា​ឲ្យ​ប្រជាជន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​ម៉ត់ចត់​។ នៅ​ថ្ងៃទី​៥ ខែកក្កដា ប្រជាជន​រាប់ពាន់នាក់​ផ្សេងទៀត​ដែល​រស់នៅ​អាគារ​ខ្ពស់​ចំនួន​៧ ក៏ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​ចាក​ចេញពីផ្ទះ​យ៉ាងហោចណាស់​៥​ថ្ងៃ​ដែរ​។ ជាមួយគ្នានេះ ប៉ូលិស ក៏ត្រូវ​បាន​ពង្រាយ​ដើម្បី​ឃ្លាំមើល​ការអនុវត្ត​បញ្ជា​បិទ​ការធ្វើដំណើរ​នេះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Andrews អះអាងថា បញ្ជា​មិន​ឲ្យ​ចេញពីផ្ទះ​នេះ ជា​បញ្ហា​ប្រឈម​មួយ ព្រោះ​អាជ្ញាធរ​ត្រូវ​ផ្គត់​ផ្អង់​អាហារ និង​គ្រឿង​ប្រើប្រាស់​សម្រាប់​ប្រជាជន​ប្រមាណ​បី​ពាន់​នាក់ ក៏ដូចជា​កម្លាំង​ប៉ូលិស​ផងដែរ​។​
 
​សូមបញ្ជាក់ថា កន្លងទៅ អូស្ត្រាលី និង​អ្នកជិតខាង នូ​វែ​ល​សេ​ឡង់ បាន​ចៀស​ផុតពី​ការឆ្លង​ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស នៅពេលដែល​ប្រទេស​ជាច្រើន រងគ្រោះ​ខ្លាំង​។ គិត​ត្រឹម​ថ្ងៃទី​៦ ខែកក្កដា អូស្ត្រាលី​ដែលមាន​ប្រជាជន​២៥​លាន​នាក់ មាន​ករណី​ឆ្លង​ប្រមាណ​៨៣០០ ហើយ​ស្លាប់​ជាង​មួយរយ​នាក់ ដែលជា​តួលេខ​ទាប​មួយ​៕

Tag:
 អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com