COVID-19
អន្តរជាតិ
អេ​ស្ប៉ា​ញ បិទ​តំបន់ Galicia ដើម្បី​ទប់ស្កាត់ COVID-19 មុន​ការបោះឆ្នោត​
06, Jul 2020 , 11:17 am        
រូបភាព
រូបភាព៖ EPA-EFE
រូបភាព៖ EPA-EFE
​រដ្ឋាភិបាល​តំបន់ Galicia របស់​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី​៥ ខែកក្កដា បានដាក់​បម្រាម​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រជាជន​ប្រមាណ​៧​ម៉ឺន​នាក់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជាថ្មី​។ ការ​រឹតត្បិត​នេះ ធ្វើឡើង​បន្ទាប់ពី​តំបន់ Catalonia របស់​អេ​ស្ប៉ា​ញ បិទ​បាន មួយថ្ងៃ​។

 
​រដ្ឋាភិបាល​តំបន់​ស្វយ័ត​Galicia ដែល​ស្ថិតនៅ​ភាគ​ខាងជើង​អេ​ស្ប៉ា​ញ បានសម្រេច​ដាក់​បម្រាម​រឹតត្បិត​លើ​តំបន់ឆ្នេរ La Marina ចាប់ពី​ពាក់​កណ្តាលយប់​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​១០ ខែកក្កដា​ខាងមុខ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណាវី​រុស​។ ការបិទ​តំបន់​នេះ មាន​រយៈពេល​មុន​ពីរ​ថ្ងៃ​នៃ​ការបោះឆ្នោត​នៅក្នុង​តំបន់ Galicia​។ ប្រជាជន​ប្រមាណ ៧​ម៉ឺន​នាក់ នឹងរង​បម្រាម​មួយ​នេះ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជាមួយ​ការបិទ​តំបន់​នេះ ប្រជាជន​មួយចំនួន​រស់នៅ​តាម​បណ្តោយ​ឆ្នេរ La Marina ក្នុង​ក្រុង Lugo នៃ​តំបន់ Galicia មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​អ្វី​ឡើយ លើកលែងតែ​អ្នកធ្វើការ​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើដំណើរ និង​ចាកចេញ​បាន​។ ចំណែក​សកម្មភាព​មួយចំនួន ដូចជា បារ ភោជនីយដ្ឋាន​ជាដើម ត្រូវ​កាត់បន្ថយ​ភ្ញៀវ​ចំនួន ៥០​ភាគរយ​នៅក្នុង​ហាង​។​
 
​បន្ថែម​ពីលើ​នេះ ប្រជាជន​ត្រូវតែ​ពាក់​ម៉ាស់ បើទោះបីជា ត្រូវ​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ ឬ​អាង​ហែង​ទឹក​ក៏ដោយ​។ រដ្ឋមន្ត្រី​សុខាភិបាល​តំបន់ លោក Jesus Vazquez  បានលើកឡើង​បែបនេះ​នៅក្នុង​សន្និសីទកាសែត​មួយ ដោយ​បន្ថែមថា ករណី​ផ្ទុះ COVID-19 ធំ​បំផុត គឺមាន​ទាក់ទង​នឹង​បារ​មួយចំនួន​នៅតាម​ឆ្នេរ​។ នៅក្នុង​ថ្ងៃទី​៥ ខែមិថុនា​តំបន់​ស្វយ័ត Galicia បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ចំនួន ២៥៨​ករណី ក្នុងនោះ​ទីក្រុង Lugo គឺមាន​ចំនួន ១១៧​ករណី​។ 
 
​យ៉ាងណាក៏ដោយ អាជ្ញាធរ​សុខាភិបាល​អេ​ស្ប៉ា​ញ នឹង​តាមដាន​ស្ថានការណ៍ COVID-19 នៅក្នុង​តំបន់ Galicia និង Catalonia ឲ្យ​បាន​ម៉ត់ចត់​បំផុត ដើម្បី​បង្ការ​ការរីក​សាយភាយ​ជាថ្មី​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៥ ខែកក្កដា អេ​ស្ប៉ា​ញ​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ២៩៧៦២៦​ករណី អ្នកស្លាប់​មាន​ចំនួន ២៨៣៨៥​នាក់​៕

Tag:
 អេ​ស្ប៉ា​ញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com