អន្តរជាតិ
ក្រុង​មួយ​នៅ​ចិន​ព្រមាន​ពី​ការផ្ទុះ​ជំងឺ​អាសន្នរោគ​ដែល​ធ្លាប់​សម្លាប់​មនុស្ស​រាប់លាន​នាក់​
06, Jul 2020 , 3:44 pm        
រូបភាព
ស្ត្រីម្នាក់ពាក់ម៉ាស់ការពារជំងឺឆ្លង។រូបតំណាង។រូបភាព AFP
ស្ត្រីម្នាក់ពាក់ម៉ាស់ការពារជំងឺឆ្លង។រូបតំណាង។រូបភាព AFP
ដោយ:
​អាជ្ញាធរ​របស់​ទីក្រុង​មួយ ដែល​ស្ថិតនៅ​តំបន់​ម៉ុង​ហ្គោ​លី​ភាគ​ខាងក្នុង​របស់​ចិន បានចេញ​សេចក្តី​ព្រមាន​កាលពី​ថ្ងៃទី​៥ ខែកក្កដា​ស្តីពី​ការផ្ទុះ​ជំងឺ​អាសន្នរោគ (bubonic plague) បន្ទាប់ពី​មាន​អ្នកជំងឺ​ម្នាក់​ត្រូវបាន​គេ​សង្ស័យថា ផ្ទុក​ជំងឺ​នេះ និង​ត្រូវ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​។​

 
​គណៈកម្មាធិការ​សុខាភិបាល​នៃ​ទីក្រុង Bayan Nur បានចេញ​កម្រិត​ព្រមាន​ទី​៣ ក្រោយ​ការកើតឡើង​ករណី​សង្ស័យ​ជំងឺ​អាសន្នរោគ​។​កម្រិត​ព្រមាន​ទី​៣ ហាមឃាត់​មិន​ឲ្យ​មានការ​បរបាញ់​សត្វ និង​បរិភោគ​សាច់សត្វ​ដែល​អាច​ផ្ទុក​ជំងឺ​អាសន្នរោគ​។ បន្ថែម​ពីនេះ សាធារណជន ចាំបាច់​ត្រូវ​ធ្វើការ​រាយ​ការ​ករណី​សង្ស័យ​នូវ​ជំងឺ​អាសន្នរោគ ឬ​ផ្តាសាយ​ដោយ​គ្មាន​មូលហេតុ​។ ក្រៅពីនេះ ប្រជាជន ក៏ត្រូវ​រាយ​ការ​ក្នុងករណី​ប្រទះឃើញ​សត្វ​កំប្រុក​ព្រៃ​ឈឺ ឬ​ងាប់​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ការចេញ​សេចក្តីប្រកាស​របស់​អាជ្ញា​ធរ​ទីក្រុង​នៅ​តំបន់​ស្វយ័ត​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​គេ​ធ្លាប់បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​អាសន្នរោគ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩  ដែល​ក្នុងនោះ​មាន​មនុស្ស​២​នាក់​ផ្ទុក​ជំងឺ​អាសន្នរោគ​សួត​(pneumonic plague) ដែលជា​ប្រភេទ​មួយ​របស់​ជំងឺ​អាសន្នរោគ​ផងដែរ​។ ករណី​ចុងក្រោយ កើត​ឡើងលើ​បុរស​ម្នាក់​ដែល​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​៤ ខែកក្កដា​។​
 
​នៅ​ប្រទេស​ចិន ការ​មាន​ជំងឺ​អាសន្នរោគ ជា​រឿង​ធម្មតា ប៉ុន្តែ​ការផ្ទុះ​ឡើង​ជំងឺ​មួយ​នេះ​មាន​លក្ខណៈ​កម្រ​ណាស់​។ ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៨ ចិន​មាន​ករណី​ជំងឺ​អាសន្នរោគ​ចំនួន​២៦ និង​ស្លាប់​ចំនួន​១១​។  ជំងឺ​អាសន្នរោគ​នេះ ក៏​ធ្លាប់​រាតត្បាត​ខ្លាំង​នៅ​ចិន នៅ​ឆ្នាំ​១៨៦៥ ដល់​១៨៥៩ និង​ម្តងទៀត​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៨៦៥ ហើយ​ដែល​បានសម្លាប់​មនុស្ស​ជាង​១០​លាន​នាក់​៕
 
​អ្នក​ដែលមាន​ជំងឺ​អាសន្នរោគ​បែបនេះ ច្រើន​លេចឡើង​រោគសញ្ញា​ដូចជា ក្រពេញ​ទឹករងៃ​ឡើង​ហើម  នៅត្រង់​ក្រលៀន ក្លៀក ឬ​ត្រ​ង់ក ហើយ​អាចមាន​ចេញ​អាការ​គ្រុនក្តៅ​ខ្លាំង រងារ ឈឺក្បាល ឬ​អស់កម្លាំង​ខ្លាំង​។​
 
​ជំងឺ​អាសន្នរោគ​មួយ​នេះ ដែល​ត្រូវបាន​គេ​ហៅ Black Death ជា​ជំងឺឆ្លង​យ៉ាង​សាហាវ នៅ​យុគសម័យ​កណ្តាល​នៅ​អឺរ៉ុប និង​ផ្ទុះ​ឆ្លង​ដំបូង​ពី​ចន្លោះ​ឆ្នាំ​១៣៤៦¬ ដល់​១៣៥៣​។ ជំងឺ​នេះ ឆ្លង​យ៉ាង​រហ័ស និង​មាន​ភាគរយ​ស្លាប់​ខ្ពស់ ដោយមាន​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​សត្វ​កណ្តុរ ឬ​កំប្រុក​។ 
 
​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ជំងឺ​នេះ​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិចណាស់ ៥០​លាន​នាក់ នៅពេល​វា​ផ្ទុះ​ឆ្លង​ដំបូង​។ ជំងឺ​នេះ​ផ្ទុះ​ឆ្លង​ជាច្រើន​រយ​ឆ្នាំ​ទៀត និង​នៅ​គ្រប់កន្លែង​ទូទាំង​ពិភពលោក ដែល​ធ្វើ​ឲ្យ​គេ​ប៉ាន់​ស្មានថា​ចំនួន​អ្នកស្លាប់​ដោយសារតែ​ជំងឺ​នេះ មាន​ចន្លោះ​ពី ៧៥​លាន​នាក់​ទៅ​រាប់រយ​លាន​នាក់​។​
 
​ក្រៅតែពី​អាជ្ញាធរ​ចិន អាជ្ញា​ធារ​ប្រទេស​ម៉ុង​ហ្គោ​លី ក៏បាន​ប្រកាស​បង្ខំ​បិទ​តំបន់ Khvod ភាគ​ខាងលិច​មួយផ្នែក​ដែរ​បន្ទាប់ពី​គេ​រកឃើញ​មនុស្ស​ចំនួន​២​នាក់​មាន​ឆ្លង​ជំងឺ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com