COVID-19
អន្តរជាតិ
ឥណ្ឌា ដក​ផែន​ការបើក​ប្រាសាទ Taj Mahal ឡើងវិញ ដោយ​បារម្ភ​ពី COVID-19
06, Jul 2020 , 9:59 pm        
រូបភាព
ប៉ូលិសឥណ្ឌាម្នាក់ពាក់ម៉ាស ឈរយាមនៅក្បែរប្រាសាទប្រវត្តិសាស្រ្ត Taj Mahal អំឡុងបម្រាមបិទប្រទេស (Reuters)
ប៉ូលិសឥណ្ឌាម្នាក់ពាក់ម៉ាស ឈរយាមនៅក្បែរប្រាសាទប្រវត្តិសាស្រ្ត Taj Mahal អំឡុងបម្រាមបិទប្រទេស (Reuters)
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌា បានសម្រេច​លុបចោល​គ​ម្រោ​ង​បើក​ប្រាសាទ Taj Mahal ជាថ្មី ដោយ​លើកឡើង​ពី​ហានិភ័យ​ករណី​ឆ្លង COVID-19 ថ្មី ដែល​រាលដាល​ក្នុង​ទីក្រុង Agra ពី​សំណាក់​ភ្ញៀវទេសចរ​សម្រុក​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​សម័យ​សតវត្សរ៍​ទី​១៧​របស់​ឥណ្ឌា​មួយ​នេះ ។

 
​អាជ្ញាធរ​តំបន់​របស់​ឥណ្ឌា បានចេញ​សេចក្តីណែនាំ​ថ្មី​មួយ​នៅ​ថ្ងៃទី​៥ ខែកក្កដា ដោយ​បញ្ជា​ឲ្យ​ពន្យារពេល​បម្រាម​បិទ​ប្រទេស​លើ​តំបន់​ប្រាសាទ Taj Mahal នេះ និង​នៅ​ជុំវិញ​ទីក្រុង Agra ដែលជា​ទីតាំង​របស់​ស​ម្ប​ត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី ពុំបាន​បញ្ជាក់​ច្បាស់​ពី​រយៈពេល​នៃ​បម្រាម​លើ​ប្រាសាទ​ឥណ្ឌា​នេះ ដែល​ត្រូវបាន​បិទ​ចាប់តាំងពី​ខែមីនា​។ 
 
​ជា​តំបន់​មាន​ករណី​ឆ្លង COVID-19 ជា​ចង្កោម​ធំ​ដំបូង​មួយ Agra នៅតែ​ជាទី​ក្រុង​រងគ្រោះ​ខ្លាំង​ក្នុង​រដ្ឋ Uttar Pradesh ដែលជា​រដ្ឋ​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​របស់​ប្រទេស​ឥណ្ឌា​។ ក្នុង​សេចក្តីណែនាំ​សរសេរ​ជា​ភាសា Hindi អាជ្ញាធរ​ឥណ្ឌា​បញ្ជាក់​ដូច្នេះ​ថា ដើម្បី​ប្រយោជន៍​សាធារណៈ ការបើក​ប្រាសាទ Taj Mahal ក្នុង​ទីក្រុង Agra នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។ 
 
​ការសម្រេច​ដកហូត​ផែនការ​បើក​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​របស់​ឥណ្ឌា​មួយ​នេះ ធ្វើឡើង​ខណៈ​ករណី​ឆ្លង COVID-19 ក្នុងប្រទេស​នេះ កំពុង​កើនឡើង​ក្នុង​ល្បឿន​លឿន​បំផុត​មួយ​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​។ 
 
​តួយ៉ាង កាលពី​ទី​៦ ខែកក្កដា ក្រសួងសុខាភិបាល​ឥណ្ឌា បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង​២៣០០០ ខណៈ​ថ្ងៃទី​៥ បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន ២៤ ៨៥០ ។ ករណី​ថ្មី​នេះ​ធ្វើ​ឲ្យ​ករណី​ឆ្លង​COVID-19​សរុប​ក្នុងប្រទេស​ឥណ្ឌា​ឡើងដល់​ជាង ៦៩​ម៉ឺន​ករណី នាំមុខ​រុស្ស៊ី​ជាមាន​ករណី​ឆ្លង​ច្រើន​បំផុត​លំដាប់​ទី​៣​ក្នុង​ពិភពលោក​វិញ​។ 
 
​ទោះជា​បែបនេះ​ក្តី រដ្ឋាភិបាល​ឥណ្ឌា បានសម្រេច​ដកហូត​ប​ម្រាម​បិទ​ប្រទេស​មួយផ្នែកធំ ខណៈ​វិធានការ​ទាំងនេះ​បង្ខំ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​រាប់ពាន់នាក់​អត់​ការងារ​ធ្វើ ហើយ​អាជីវកម្ម​ជាច្រើន​បិទទ្វារ​។ ខណៈ​ជើងហោះហើរ​អន្តរជាតិ​បន្ត​ផ្អាក​បណ្តោះអាសន្ន ការធ្វើដំណើរ​ក្នុងស្រុក បាន​បើក​ដំណើរ​ឡើងវិញ ហើយ​រដ្ឋាភិបាល​សង្ឃឹម​ថា​អ្នកដំណើរ​នឹង​ចាប់ផ្ដើម​ដើរ​កម្សាន្ត​នៅ​ទិសដៅ​ទេសចរណ៍​ពេញនិយម​ក្នុងប្រទេស​ឡើងវិញ​៕
 
 
 

Tag:
 ​ឥណ្ឌា​
  Taj Maha
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com