តុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court) ត្រូវបានបង្កើតឡើងជាផ្លួវការ ក្នុងឆ្នាំ ២០០២ ដើម្បីទទួលភារកិច្ចដោះស្រាយសំណុំឧក្រិដ្ឋកម្មអន្តរជាតិធំៗរួមទាំងបទប្រល័យពូជសាសន៍ផង។ វត្តមាននៃស្ថាប័នយុត្តិធម៌មួយនេះបង្ហាញឲ្យឃើញពីការវិវត្តយ៉ាងរហ័សនៃវិស័យច្បាប់អន្តរជាតិ ប៉ុន្តែទោះជាបែបនេះក្តី តុលាការអន្តរជាតិមួយនេះរងការរិះគន់ច្រើន ដោយសារខ្វះខាតអំណាចអនុវត្តច្បាប់ទូទៅ ជាពិសេសអនុវត្តដីកាចាប់ខ្លួនជាដើម។ តើតុលាការនេះមានដើមកំណើតដូចម្តេច?
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៨ លក្ខន្តិកៈក្រុងរ៉ូម ស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ត្រូវបានអនុម័តក្នុងសន្និសីទទីក្រុងរ៉ូម ប៉ុន្តែលិខិតបទដ្ឋានអន្តរជាតិនេះចូលជាធរមានជាផ្លូវការក្នុងឆ្នាំ ២០០២។
ក្នុងអាយុ ១៨ ឆ្នាំ តុលាការមួយនេះមានរដ្ឋសមាជិកចំនួន១២៣ ដោយមានយុត្តាធិការលើបទល្មើសព្រហ្មទណ្ឌអន្តរជាតិចំនួន៤។ ការបង្កើតបាននូវតុលាកាអចិន្ត្រៃយ៍នេះ ត្រូវបានគេចាត់ទុកថាជាជំហានចំបងមួយក្នុងការវិត្តនៃច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ក៏ដូចជាការបង្កើតយន្តការក្នុងការបញ្ចប់វប្បធម៌និរទណ្ឌភាព ដោយនាំបុគ្គលប្រព្រឹត្តអំពើសាហាវឃោឃៅដូចជាប្រល័យពូជសាសន៍ រំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំពានច្បាប់សង្គ្រាមមកទទួលទោសចំពោះមុខច្បាប់។
ទោះជាតុលាការអចិន្ត្រៃយ៍នេះ ត្រូវបានគេចាត់ទុកជាជំហានយ៉ាងសំខាន់ក្នុងវិស័យច្បាប់អន្តរជាតិយ៉ាងណាក្តី គេមិនអាចភ្លេចបានកេរដំណែលរបស់តុលាការចំពោះកិច្ច (ad hoc Tribunal) មួយចំនួនដូចជាតុលាការលីបហ្ស៊ិក(Leipzig) និង អ៊ីស្តង់ប៊ុលដែលកាត់ក្តីបុគ្គលក្រោយសង្គ្រាមលោកលើកទី១ តុលាការនូរេមប៊ឺក(Nuremberg) និងតូក្យូក្រោយសង្គ្រាមលោកលើកទី២ ក៏ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតរដ្ឋយូហ្កោស្លាវី(ICTY) និងតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់រវ៉ាន់ដា(ICTR)។
ការវិវត្តក្រោយសង្គ្រាមលោកលើកទី២
ក្រោយសង្គ្រាមលោកលើកទី២ បញ្ចប់ទៅ និងមានការអនុម័តអនុសញ្ញាប្រឆាំងអំពើប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៤៨ អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិបានស្នើឲ្យគណៈកម្មាធិការច្បាប់អន្តរជាតិ(International Law Commission ) របស់អង្គការនេះសិក្សាពីលទ្ធភាព និងការចង់បង្កើតតុលាការអន្តរជាតិអចិន្ត្រៃយ៍មួយក្នុងការជំនុំជម្រះបទល្មើស និងអំពើឃោឃៅយង់ឃ្នង។ អត្ថបទព្រាងនៃតុលាការអចិន្ត្រៃយ៍មួយត្រូវបានរៀបចំឡើង ប៉ុន្តែនៅឆ្នាំ១៩៥០ អង្គមហាសន្និបាតសម្រេចផ្អាកដំណើរការនេះរហូតដល់គេអាចកំណត់និយមន័យបទល្មើសព្រហ្មទណ្ឌឈ្លានពាន និងសម្រេចឲ្យរួចរាល់នូវសេចក្តីព្រាងស្តីពីបទល្មើសប្រឆាំងសន្តិភាព និងសន្តិសុខនៃមនុស្សជាតិ( Code of Offences against Peace and Security of Mankind)។
មិនតែប៉ុណ្ណោះ គោលបំណងក្នុងការបង្កើតតុលាកាអចិន្ត្រៃយ៍មួយ ក៏ត្រូវបានផ្អាកបន្តទៀតដោយសារតែសង្គ្រាមត្រជាក់។ ក្នុងអំឡុងពេលនោះគំនិតផ្តួចផ្ដើមបង្កើតតុលាការកាត់ទោសក្នុងកម្រិតអន្តរជាតិ ពុំទទួលបានការគាំទ្រជាសកលឡើយ ដ្បិតអីប្រទេសស្ថិតក្នុងប៉ូលទាំងពីរទាំងប៉ូលសេរី និងកុម្មុយនីស្ត គិតថាគេនឹងអាចប្រើតុលាការអន្តរជាតិជាឧបករណ៍សម្រាប់ឃោសនានយោបាយ។ ក្នុងអំឡុងពេលនោះ ការយកចិត្តទុកដាក់លើវិស័យព្រហ្មទណ្ឌត្រូវបានបង្វែរទៅលើតុលាការជាតិ រួមមានទាំងការកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ ក្នុងការធ្វើបត្យាប័ន ក៏ដូចជាជួយគ្នាទៅវិញទៅមកក្នុងវិស័យច្បាប់។
ការវិវត្តក្រោយសង្គ្រាមត្រជាក់
នៅឆ្នាំ១៩៨៩ ប្រទេសតូចមួយក្នុងតំបន់អាមេរិកឡាទីន គឺ ប្រទេសទ្រីនីដាដ និងតូបាហ្គោ(Trinidad and Tobago) បានដាក់សំណើរទៅអង្គការសហប្រជាជាតិដើម្បីបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិមួយ។ បញ្ហាដែលប្រទេសទ្រីនីដាដ និងតូបាហ្គោបារម្ភនៅពេលនោះ គឺការកាត់ទោសជាអន្តរជាតិនូវបទល្មើសជួញដូរគ្រឿងញៀនប៉ុណ្ណោះ។ ឆ្លើយតបទៅនឹងសំណើរបស់ប្រទេសទ្រីនីដាដ និងតូបាហ្គោ មហាសន្និបាតអង្គការសហប្រជាជាតិ បានស្នើសុំឲ្យគណៈកម្មាធិការច្បាប់អន្តរជាតិរៀបចំសេចក្តីព្រាងស្តីពីលក្ខន្តិកៈនៃតុលាការ។ គណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិបានឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើនេះ ដោយរៀបចំសេចក្តីព្រាងស្តីពីលក្ខន្តិកៈនៃតុលាការនៅឆ្នាំ១៩៩៤។
ការសម្រេចបានសេចក្តីព្រាងនេះ គឺចំពេលវេលាដែលសង្គ្រាមត្រជាក់បានផុតរលត់បាត់ ហើយវាក៏បានបង្កើតឲ្យមានបរិយាកាសសមស្របមួយដែលអនុញ្ញាតឲ្យសហគមន៍អន្តរជាតិអាចជជែកវែកញែកពេញលេញលើបញ្ហានេះ។ វាក៏បើកផ្លូវឲ្យសហគមន៍អន្តរជាតិគិតគូរឡើងវិញដែរពីការជំនុំជម្រះក្តីព្រហ្មទណ្ឌអន្តរជាតិ។ ទីមួយគឺដោយសារតែការមើលឃើញពីអំពើប្រល័យពូជសាសន៍មួយចំនួនដែលកើតឡើងដូចជានៅកម្ពុជា រវ៉ាន់ដា និងទីម័រខាងកើត។ ឯកត្តាមួយទៀតនោះគឺសហគមន៍អន្តរជាតិចាប់ផ្តើមយកចិត្តទុកដាក់លើការពង្រឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។
ការចរចា និងសន្និសីទទីក្រុងរ៉ូម ឆ្នាំ១៩៩៨
ឆ្នាំបន្ទាប់មក អង្គមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានបង្កើតគណៈកម្មការរៀបចំ (Preparatory Committee)មួយ ដើម្បីសិក្សា និងបំពេញបន្ថែមលើអត្ថបទសេចក្តីព្រាងស្តីពីលក្ខន្តិកៈតុលាការ ដែលរៀបរៀងដោយគណៈកម្មាធិការច្បាប់អន្តរជាតិ។ ស្ថាប័នមួយនេះរៀបរៀង បន្ថែមលក្ខន្តិកៈតុលាការ ក៏ដូចជាទទួលយកសេចក្តីស្នើផ្សេងទៀតរាប់រយ។ ឯកសារព្រាងដែលរៀបចំដោយគណៈកម្មាធិការខាងលើ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការចចារ ក្នងឱកាសសន្និសីទទីក្រុងរ៉ូម។
ការចចារលើសេចក្តីព្រាងស្តីពីលក្ខន្តិកៈនៃតុលាការព្រហ្មទណ្ឌអន្តរជាតិដែលមានការចូលរួមពីរដ្ឋចំនួន១៤៨ បានអូសបន្លាយពេលអស់ ៥ សប្តាហ៍ពោលពីថ្ងៃ១៥ ខែមិថុនា ដល់ថ្ងៃទី១៧ ខែកក្កដាឆ្នាំ១៩៩៨។ ក្រៅតែពីរដ្ឋចំនួន១៤៨ គេក៏ឃើញមានវត្តមានអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដូចជាគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International ) ក៏ដូចជាអង្គការសិទ្ធិមនុស្ស និងមនុស្សធម៌ដទៃទៀត។ អង្គការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការចចារ និងបញ្ចុះបញ្ចូលបណ្តារដ្ឋនានាក្នុងដំណាក់កាលចចារទាំងនោះផង។
រដ្ឋចំនួន៦០ មានគំនិតប្រហាក់ប្រហែលគ្នាក្នុងការគាំទ្រការបង្កើតតុលាការ ដោយជួយជ្រោមជ្រែងដំណើរការចចារ ក៏ដូចជាស្នើឡើងចំណុចលម្អិតក្នុងអត្ថបទព្រាងយកមកចចារ។ សហភាពអឺរ៉ុប ចលនាមិនចូលបក្សសម្ព័ន្ធ និងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (Southern African Development Community) ក៏ស្ថិតក្នុងចំណោមក្រុមដែលជួយសម្របសម្រួលការចចារលើបញ្ញត្តិមួយចំនួនដូចគ្នាក្នុងលិខិតបទដ្ឋានគតិយុត្តនេះដែរ។
សន្នីសិទទីក្រុងរ៉ូម ឆ្នាំ១៩៩៨។ រូបភាព Coalition for ICC
ក្រៅពីនេះ បណ្តាប្រទេសអាហ្រ្វិក ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតុលាការនេះដែរ។ ជាក់ស្តែង អ្នកការទូតមកពីបណ្តាប្រទេសអាហ្វ្រិកមានវត្តមាននៅក្នុងគ្រប់គណៈកម្មការទាំងអស់ នៃការចចារកន្លងមក។ ចំណែកប្រទេសអាហ្វ្រិកខ្លះក៏កាន់កាប់តំណែងអនុប្រធានចំនួន៨ ក្នុងចំណោមតំណែងអនុប្រធានចំនួន ៣១នៃសន្និសីទ និងមានកាន់តំណែងជាប្រធាននៃគណៈកម្មការព្រាងទៀត។ មិនតែប៉ុណ្ណោះ មុននឹងសន្និសីទបានចាប់ផ្តើម សហគមន៍អភិវឌ្ឍអាហ្វ្រិកខាងត្បូង ដែលមានប្រទេសចំនួន១៦ បានជួបប្រជុំគ្នានៅទីក្រុងដាកា ប្រទេសសេណេហ្គាល់ ដោយបានចេញសេចក្តីប្រកាសគាំទ្រ និងលើកឡើងពីសារសំខាន់នៃតុលាការមួយនេះ តាមរយៈការចេញសេចក្តីប្រកាសស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ(Declaration on the Establishment of the International Criminal Court) ថែមទៀតផង។
ការចាប់កំណើតឡើងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៨ បន្ទាប់ពីបានចចារ វែកញែកលើអត្ថបទនៃលក្ខន្តិកៈរបស់តុលាការចប់សព្វគ្រប់ហើយ។ សេចក្តីព្រាងស្តីពីលក្ខន្តិកៈរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានដាក់ឲ្យបោះឆ្នោតអនុម័ត។ ក្នុងចំណោមប្រទេស ១៤៨ ដែលចូលរួម មានប្រទេសចំនួន១២០ បានបោះឆ្នោតគាំទ្រ ៧ប្រឆាំង និង ២១អនុបវាទ។ ចំណែក ចិន អ៊ីរ៉ាក់ កាតា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នាំគ្នាបោះឆ្នោតប្រឆាំងសេចក្តីព្រាងនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ចុះហត្ថលេខាលើលក្ខន្តិកៈក្រុងរ៉ូម ឆ្នាំ១៩៩៨។ រូបភាព UN
ក្រោយការចចារមានបទល្មើសព្រហ្មទណ្ឌអន្តរជាតិចំនួន៤ ត្រូវបានអនុម័តក្នុងនោះមានបទឧក្រិដ្ឋប្រល័យពូជសាសន៍(genocide) បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ(crime against humanity) បទឧក្រិដ្ឋសង្គ្រាម(war crime) និងបទឧក្រិដ្ឋឈ្លានពាន (crime of aggression)។យ៉ាងណាមិញ តុលាការនេះមិនទាន់អាចអនុវត្តយុត្តាធិការរបស់ខ្លួនលើបទឧក្រិដ្ឋឈ្លានពាន ដ្បិតខ្លួនពុំទាន់មាននិយមន័យ និងធាតុផ្សំនៃបទល្មើសជាក់លាក់នៅឡើយ។ ជារួម ក្រោយការអនុម័តលិខិតបទដ្ឋានខាងលើ តុលាការអាចត្រឹមអនុវត្តយុត្តាធិការលើបទឧក្រិដ្ឋចំនួន៣ សិនប៉ុណ្ណោះ។
បើទោះបីជាសេចក្តីសម្រេចត្រូវបានអនុម័តក៏ពិតមែន ហើយតុលាការត្រូវបានបង្កើតយ៉ាងណាក្តី គេត្រូវរង់ចាំរហូតដល់ប្រទេសចំនួន៦០ផ្តល់សច្ចាប័ន ដើម្បីអាចឲ្យលក្ខន្តិកៈនេះចូលជាធរមាន ។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២ លក្ខន្តិកៈសេចក្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលមានឈ្មោះថា «លក្ខន្តិកៈក្រុងរ៉ូម»(The Rome Statue) បានចូលជាធរមាន នឹងបើកផ្លូវឲ្យតុលាការចាប់ផ្តើមអនុវត្តយុត្តាធិការរបស់ខ្លួនដែរ។ នាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជារដ្ឋសមាជិករបស់តុលាការ ដោយបានផ្តល់សច្ចាប័ន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០២។
ដោយឡែក ដើម្បីឲ្យតុលាការអាចប្រព្រឹត្តទៅដោយរលូនបាន សន្និបាតនៃរដ្ឋសមាជិកដែលបង្កើតឡើងដោយលក្ខន្តិកៈក្រុងរ៉ូម ចាំបាច់ត្រូវជួបប្រជុំអនុម័តធាតុផ្សំនៃបទល្មើស និង វិធាននៃនីតិវិធី និងភស្តុតាង៕

បន្ទប់សវនាការរបស់តុលាការ។ រូបភាព AFP
អត្ថបទដោយ៖ គយ រតនបូរិន្ទ