ជាតិ
លោក ចំរើន វណ្ណ​ថា​៖ «​ក្រសួង​តម្រូវឱ្យ​ផលិតកម្ម មរតក មេ​ឌៀ លុប​ឆា​នែ​ល​របស់ខ្លួន​ចោល​»
06, Jul 2020 , 4:17 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ហៅ​ផលិតកម្ម មរតក មេ​ឌៀ ទៅ​ទូន្មាន​នៅ​ម៉ោង​៤​រសៀល ថ្ងៃទី​៦​ខែកក្កដា ឆ្នាំ​២០២០​នេះ​។ ជា​គម្រោង​ក្រសួង តម្រូវឱ្យ​ផលិតកម្ម មរតក មេ​ឌៀ លុប​ឆា​នែ​ល​របស់ខ្លួន ដើម្បី​ទុកជា​ការព្រមាន​ដល់​ផលិតកម្ម​ផ្សេងៗ​ទៀត ។ នេះ​បើតាម​លោក ចំរើន វណ្ណ​ថា ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​


​ប្រធាន​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ លោក ចំរើន វណ្ណ​ថា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗតាម​ទូរ​សព្ទ​ថា ក្រសួង​វប្បធម៌​ ជួប​ជាមួយ​ផលិតកម្ម មរតក មេ​ឌៀ ដើម្បី​អប់រំ​ណែនាំ​ពី​វិធាន​មួយចំនួន លើ​ក្រមសីលធម៌​តែង​និពន្ធ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត​ខុស និង​សូមទោស​ជា​សាធារណៈ​។ បន្ថែម​ពី​នោះ​លោក ចំរើន វណ្ណា ថា ក្រសួង​វប្បធម៌ ក៏​តម្រូវឱ្យ​ផលិតកម្ម មរតក មេ​ឌៀ លុប​ឆា​នែ​ល​របស់ខ្លួន ដែលមាន Subscriber ជិត​៤០​ម៉ឺន​នាក់​ចោល​ពី​យូ​ធូបផងដែរ ។​

សូមស្ដាប់សំឡេងលោក ចំរើន វណ្ណ​ថា ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៖


 
​លោក ចំរើន វណ្ណ​ថា ពន្យល់​ដូច្នេះ​៖«​យើង​ឱ្យ​គាត់​លុប​ឆា​នែ​ល​របស់គាត់​តែម្ដង​។ បើ​ឱ្យ​គាត់​លុប​តែ​បទ​ចម្រៀង លើក​ក្រោយ​គាត់​នៅតែ​និពន្ធ​បទ​ចម្រៀង​មិនល្អ​ដដែល​ទៀត​។ ទោះជា​យ៉ាងណា​គាត់​អាចបង្កើត​ឆា​នែ​ល​ថ្មី​បាន ដោយ​ដាក់ឈ្មោះ​ថ្មី​។ ចំពោះ​អត្ថន័យ​ដែល​បង្កឱ្យមាន​ការ​ញុះញង់ ឬ​បទល្មើស យើង​ត្រូវ​សិក្សា​ពី​ចេតនា​របស់គាត់​សិន ព្រោះ​សូម្បី​បទល្មើស​ណាមួយ ក៏​គេ​សិក្សា​ពី​ចេតនា​នៃ​បទល្មើស​ដែរ មុននឹង​កំណត់​ទោស​»​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០ ផលិតកម្ម មរតក មេ​ឌៀ (Morodok Media) បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​បទ​ចម្រៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម Page: Morodok Media និង​បណ្ដាញ​សង្គម (YouTube) ដោយ​តួ​សម្ដែង ដែល​ដើរតួ​ជា​ម្ដាយ​ខាង​ស្រី បាន​ជេរប្រមាថ​ទៅ​ភាគី​ខាង​ប្រុស​ថា អ្នក​ព្រៃវែង​សុទ្ធតែ​អ្នក​មិនល្អ ពូជ​ចោរលួច ចោរប្លន់ កាប់​ចាក់ សុំទាន និង​ជា​អ្នកក្រ​។ 
 
​ព្រោះតែ​ពាក្យ​ទាំងឡាយ​ខាងលើនេះ ធ្វើឱ្យ​មហាជន​មាន​ការមិន​ពេញចិត្ត និង​មានមតិ​រិះគន់​ផ្សេងៗ​គ្នា ទៅលើ​អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​”​។ 
 
​យ៉ាងណាក៏ដោយ ក្រោយ​ពីបទ​ចម្រៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានចេញ​ឃ្លី​ប​វីដេអូ​ខ្លី រដ្ឋបាលខេត្ត​ព្រៃវែង ក៏បាន​ចេញ​លិខិត ស្មើ​សុំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់វិធានការ​ចំពោះ​ផលិតកម្ម មរតក មេ​ឌៀ (Morodok Media) ផងដែរ​។​
 
​រដ្ឋបាលខេត្ត​ព្រៃវែង​យល់ឃើញថា បទ​ចម្រៀង​នេះ​គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ លើ​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​សតិអារម្មណ៍ ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​។ ជាពិសេស​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​អយុត្តិធម៌ និងបង្កើត​នូវ​ការរើសអើង​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​។ បើតាមរដ្ឋបាលខេត្តដដែល ចម្រៀងមួយនេះ ក៏អាចជា​សកម្មភាព​វិទ្ធង្សនា​វប្បធម៌​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ប្រជាជាតិ​កម្ពុជា​ផង។​
 
​ផ្អែក​តាម​ខ្លឹមសារ​ខាងលើ​រដ្ឋបាល​ខេត្តព្រៃវែង ស្នើសុំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ផលិតកម្ម មរតក មេ​ឌៀ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ញុះញង់ បង្កឱ្យមាន​ការរើសអើង និង​ប្រព្រឹត្ត​បទល្មើស​។ លិខិត​ដដែល ក៏បាន​បញ្ជាក់ដែរថា​ផលិតកម្ម មរតក មេ​ឌៀ ត្រូវ​លុប​ឃ្លី​ប​វីដេអូ និង​ត្រូវ​បក​ស្រាវ​សុំទោស​ជា​សាធារណៈ​។​
 
​ទោះជា​យ៉ាងណា ការសម្រេច​ទាំងឡាយ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​រង់ចាំ​លទ្ធផល​ក្រោយ​ជំនួប​ជាមួយ​ផលិតកម្ម មរតក មេ​ឌៀ នៅក្រោយ​ម៉ោង​៤​រសៀល​នេះ​៕

Tag:
 វប្បធម៌​
  ក្រសួង​
  ចម្រៀង​
 
© រក្សាសិទ្ធិដោយ thmeythmey.com