អន្តរជាតិ
មី​យ៉ាន់​ម៉ា ពង្រាយ​ប៉ូលិស​ការពារ​ប្រាសាទ Bagan ដែល​រងគ្រោះ​ដោយ​ការ​លួច​វត្ថុ​មានតម្លៃ​
06, Jul 2020 , 10:39 pm        
រូបភាព
ប៉ូលិសមីយ៉ាន់ម៉ាដើរល្បាតប្រាសាទនៅ​ Bagan ។ រូបភាព AFP
ប៉ូលិសមីយ៉ាន់ម៉ាដើរល្បាតប្រាសាទនៅ​ Bagan ។ រូបភាព AFP
​ប៉ូលិស​មី​យ៉ាន់​ម៉ា​ដែល​ប្រដាប់​ដោយ​អាវុធ ត្រូវបាន​ពង្រាយ​នៅឯ​តំបន់​ប្រាសាទ Bagan ដែលជា​សម្បត្តិ​ត​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ទប់ស្កាត់​ការ​លួច​ជីក​យក​វត្ថុ​មានតម្លៃ​ពី​ប្រាសាទ​។ Bagan ដែលជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយ​របស់​មី​យ៉ាន់​ម៉ា ប្រែ​ទៅជា​ស្ងាត់ជ្រងំ​ក្រោយ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 ដែល​វា​ក្លាយជា​ឱកាស​សម្រាប់​ឧក្រិដ្ឋជន​។ ការការពារ​តំបន់​ប្រាសាទ​ដ៏​ធំ​នេះ ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ប៉ូលិស​។​

 
​ក្រុម​ប្រាសាទ Bagan មាន​ទីតាំង​ក្នុង​រដ្ឋ Mandalay ភាគ​កណ្ដាល​មី​យ៉ាន់​ម៉ា​។ តំបន់​នេះ​មាន​ប្រាសាទ និង​ទីតាំង​បុរាណ​ដែលមាន​សាងសង់​ចន្លោះ​សតវត្សរ៍​ទី​១៣​ដល់ទី​១៥ ប្រមាណ​៣៥០០​កន្លែង​លាតសន្ធឹង​លើ​ផ្ទៃដី​៥០​គីឡូម៉ែត្រ​ការ៉េ​។ Bagan ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០១៩ ។​
 
​ធ្លាប់តែ​ជា​កន្លែង​ទាក់ទាញ​ទេសចរ​ដ៏​ល្បី Bagan ក៏មាន​វាសនា​ដូច​ទីតាំង​ទេសចរណ៍​ឯទៀត​ដែរ គឺ​មិនមាន​អ្នក​ទៅ​ទស្សនា​ទៀតឡើយ នៅពេលដែល​ជំងឺ COVID-19 កំពុង​អុកឡុក​ពេញ​ពិភពលោក​នោះ​។ ភាពស្ងាត់ជ្រងំ​នេះ ធ្វើ​ឲ្យ​តំបន់​ប្រាសាទ​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ ក្លាយជា​មុខសញ្ញា​របស់​ក្រុមចោរ​ដែល​ចូល​លួច​វត្ថុ​បុរាណ​មានតម្លៃ​ដែល​កប់​នៅតាម​ប្រាសាទ​នានា​។​
 
​ដើម្បី​ទប់ស្កាត់​សកម្មភាព​នេះ ប៉ូលិស​មី​យ៉ាន់​ម៉ា​ប្រមាណ​មួយរយ​នាក់​ដែល​បំពាក់អាវុធ​ជាប់​ខ្លួន​ផង​នោះ ត្រូវបាន​ពង្រាយ​ដើម្បី​ការពារ​ប្រាសាទ ពិសេស​នៅពេល​រាត្រី​។ មន្ត្រីប៉ូលិស​មី​យ៉ាន់​ម៉ា​ឈ្មោះ  Sein Win ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា កម្លាំង​របស់លោក​យាម​កាម​ប្រាសាទ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ស្ថានការណ៍​បច្ចុប្បន្ន ស្ថិតក្រោម​ការគ្រប់គ្រង​បាន ទោះ​មាន​បញ្ហា​ប្រឈម​ក្ដី​។ មធ្យោបាយ​ដែល​ត្រូវមាន​ឡាន ការ​ល្បាត​ថ្មើរជើង និង​ការ​ជិះ​ម៉ូតូ​ជាដើម​។​
 
​បើតាម​ការផ្សាយ​របស់ AFP នៅ​ថ្ងៃទី​៦ ខែកក្កដា នៅ​ដើមខែ​មិថុនា​កន្លងទៅ ប្រាសាទ​ចំនួន​១២ ត្រូវបាន​ជីក​កកាយ ហើយ​រតនសម្បត្តិ​ជាច្រើន​ត្រូវបាន​លួច​យក​រាប់​ទាំងពី​រូបចម្លាក់​ទង់ដែង កាក់​បុរាណ និង​ត្បូង​មានតម្លៃ​។​
 
​មន្ត្រីប៉ូលិស​ម្នាក់​ដែល​យាមកាម​ប្រាសាទ Bagan និយាយថា វា​មិនមែនជា​រឿង​ងាយស្រួល​ដែល​ត្រូវ​ល្បាត​ទីតាំង​ធំ​បែបនេះ​ឡើយ​។ កាន់តែ​បារម្ភ​នោះ ប៉ូលិស​ក៏ត្រូវ​យាម​តំបន់​ព្រៃ​ដែលមាន​ពស់​ពិស​ទៅទៀត​។ នេះ​បើតាម AFP ។​
 
​លោក  Myint Than អនុប្រធាន​នាយក​រដ្ឋ​បុរាណវិទ្យា​នៅ Bagan អះអាងថា នៅពេល​ដែលមាន​អ្នកទេសចរ ករណី​លួច​ជីក​បែបនេះ មិនមាន​ឡើយ ហើយ​លោក​ជឿថា អ្វីដែល​កើតឡើង​ជា​ស្នាដៃ​អ្នករស់នៅ​ខាងក្រៅ​តំបន់ ព្រោះ​ប្រជាជន​ក្នុង​តំបន់​មិន​ក្បត់​បេតិកភណ្ឌ​ឡើយ​។ លោក​បន្តថា ករណី​លួច​ពេលនេះ ជា​លើកដំបូង​ដែល​ក្រុម​ប្រាសាទ Bagan ក្លាយជា​គោលដៅ​ធំ​បែបនេះ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  Bagan
© រក្សាសិទ្ធិដោយ thmeythmey.com