អន្តរជាតិ
សារមន្ទីរ​ល្បីល្បាញ​នៅ​បារាំង Louvre បើកទ្វារ​ឡើងវិញ​ហើយ ក្រោយ​បិទ​៤​ខែ​
06, Jul 2020 , 11:19 pm        
រូបភាព
អ្នកកាសែត នៅសារមន្ទីរ louvre កាលពីថ្ងៃទី២៣ ខែមិថុនា ខណៈខាងសារមន្ទីរត្រៀមរៀបចំបើកទ្វារឡើងវិញ (AFP)
អ្នកកាសែត នៅសារមន្ទីរ louvre កាលពីថ្ងៃទី២៣ ខែមិថុនា ខណៈខាងសារមន្ទីរត្រៀមរៀបចំបើកទ្វារឡើងវិញ (AFP)
ដោយ:
​សារមន្ទីរ Louvre ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើន​បំផុត​ក្នុង​ពិភពលោក បើកទ្វារ​ទទួល​សាធារណជន​ជាថ្មី នៅ​ថ្ងៃទី​៦ ខែកក្កដា ក្រោយ​ផ្អាក​ដំណើរការ​រាប់​ខែ​ដោយសារ COVID-19 ។ ទោះ​បើកទទួល​ភ្ញៀវ​ចូល​កម្សាន្ត​ឡើងវិញ​មែន ប្រមាណ​១​ភាគ​៣​នៃ​សាល​ពិព័រណ៍​សិល្បៈ​ខ្លួន​នៅតែ​បន្ត​បិទទ្វារ​ដដែល​។​

 
​សារមន្ទីរ Louvre ដែលជា​អតីត​បរមរាជវាំង​ដ៏​ធំ​សម្បើម​របស់​ស្តេច​បារាំង បាន​បាត់បង់​ចំណូល​ក្នុង​ការលក់​សំបុត្រ​ចូល​ទស្សនា​រហូតដល់​៤៥​លាន​ដុល្លារ អំឡុងពេល​បម្រាម​បិទ​ប្រទេស​រយៈពេល​ជិត​៤​ខែ​មកនេះ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ទាក់ទិន​ហេតុផល​នៃ​ការបើក​ឡើងវិញ​នេះ នាយក​សារមន្ទីរ​បារាំ​ង​នេះ លោក Jean-Luc Martine បាន​សារភាពថា វា​អាច​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ​ទៅមុខទៀត មុនពេល​ពិភពលោក​អាច​សម្រួល​ខ្លួន​ជាមួយ​វីរុស​នេះ​។ 
 
​បើទោះជា​បន្ទប់​ដាក់តាំង​ផ្ទាំងគំនូរ​ល្បីល្បាញ​បំផុត​របស់​សារមន្ទីរ​បារាំង​នេះ ដូចជា Mona Lisa និង​វត្ថុ​បុរាណ​ដ៏​ច្រើន​មុខ​ផ្សេងទៀត នឹងត្រូវ​បើក​ឲ្យ​គេ​ចូល​ទស្សនា​បាន​មែន បន្ទប់​ដាក់តាំង​បង្ហាញ​សិល្បៈ​ផ្សេងទៀត ដែល​ពិបាក​អនុវត្ត​គម្លាត​សុវត្ថិភាព នឹងត្រូវ​បន្ត​បិទទ្វារ​ដដែល​។ សារមន្ទីរ​បារាំង​នេះ បាន​ដាក់ចេញ​វិធានការ​ខ្លះ​ដើម្បី​បញ្ចៀស​ការប្រមូលផ្ដុំ​មនុស្ស​ច្រើនពេក ដោយ​ការ​គូសសញ្ញា​ព្រួញ​នាំ​ផ្លូវ​អ្នក​ចូល​ទស្សនា​។​
 
​ខណៈ​ប្រមាណ​៧០​ភាគរយ​នៃ​អ្នក​ចូល​ទស្សនា​៩,៦​លាន​នាក់​របស់​សារមន្ទីរ Louvre កាលពី​ឆ្នាំមុន គឺ​មកពី​បរទេស ហើយ​វិស័យ​ទេសចរណ៍​ជាប់គាំង​នោះ លោកនាយក Martinez បាន​បញ្ជាក់ថា តួលេខ​នេះ​អាច​ធ្លាក់ចុះ​យ៉ាងគំហុក​។ ត្រង់ចំណុច​នេះ​លោក​ប្រាប់ AFP ដូច្នេះ​ថា​៖«​យើង​កំពុង​បាត់បង់​៨០%​នៃ​តួលេខ​អ្នក​ចូល​ទស្សនា​»​។ 
 
​យ៉ាងណាមិញ សារមន្ទីរ​បារាំង​ចំណាស់​ជាង​២០០​ឆ្នាំនេះ សង្ឃឹមថា អាច​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ជនជាតិ​បារាំង​ដើម្បី​បំពេញ​ចន្លោះប្រហោង​។ រដ្ឋាភិបាល​បារាំង​បាន​ដាក់ចេញ​បម្រាម​បិទ​ប្រទេស​តឹងរ៉ឹង​លើកដំបូង​កាលពី​ពាក់កណ្ដាល​ខែមីនា ហើយ​បន្ត​ពន្យារ​រហូតមក​។ តែ​ក្រោយ​ស្ថានការណ៍ COVID-19 ធូ​ស្រាល រដ្ឋាភិបាល​ផ្ដើម​បន្ធូរបន្ថយ​វិធានការ​នេះ​ជា​បណ្ដើរៗ​វិញ តាម​ដំណាក់កាល​៕ 
 
 

Tag:
 បារាំង​
  សារមន្ទីរ Louvre
© រក្សាសិទ្ធិដោយ thmeythmey.com