ជាតិ
សង្គមជាតិ
សម្ដេច ស ខេង៖ បទពិសោធន៍ដ៏ល្អរវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ គឺធ្វើការ «មិនយកមុខ យកមាត់»
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំ និងអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមិនប្រជែងយកស្នាដៃរៀងៗខ្លួនឡើយ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ កក្កដា។
សម្ដេច ស ខេង បានកត់សម្គាល់ថា ក្រសួងទាំងពីរនេះ បានបំពេញការងារច្រើនកន្លងមកនេះ ដោយមានការយោគយល់ និងដោះស្រាយរួមគ្នា ហើយមិនដែលប្រកាន់ផ្នត់គំនិតយកឈ្នះ យកចាញ់គ្នា និងបំពេញការងារយកតែមុខមាត់ឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការសហការរួមគ្នា ដោយគ្មានភាពប្រទាំងប្រទើសនេះ ជាបទពិសោធន៍ល្អមួយនៅក្នុងសង្គម។
ថ្លែងចំពោះមុខមន្ត្រីរាជការ និងកងកម្លាំងសមត្ថកិច្ច សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ គឺជាបទពិសោធន៍មួយយ៉ាងល្អ ដែលបញ្ជាក់ឱ្យឃើញថា កិច្ចការទាំងឡាយ មានកិច្ចការខ្លះយើងចាំបាច់ត្រូវតែធ្វើការរួមគ្នា មិនអាចថាក្រសួង ស្ថាប័ននីមួយៗ គឺជម្នះរៀងខ្លួន យកមុខយកមាត់រៀងៗខ្លួននោះទេ ។ តាមពិតទៅនេះ ជាបេសកកម្មរួមរបស់យើង ដើម្បីជាតិ និងដើម្បីប្រជាពលរដ្ឋ។ អ៊ីចឹងហើយយើង(ក្រសួងទាំងពីរ) បានធ្វើការច្រើនណាស់ ដើម្បីធ្វើកិច្ចការនេះ តាំងពីការរៀបចំច្បាប់ទម្លាប់ហូរហែរមក»។
សម្ដេច ស ខេង ក៏ជំរុញមន្ត្រីក្រសួងទាំងពីរ បន្តអនុវត្តការងារដោយភាពហ្មត់ចត់ និងតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
© រក្សាសិទ្ធិដោយ thmeythmey.com