ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! អាហារដែលអ្នកមានបញ្ហាស្បែកខ្លាញ់ ពុំគួរទទួលទាន
× របបអាហារមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពស្បែក។ ថាតើអាហារអ្វីខ្លះដែលអ្នកមានបញ្ហាស្បែកខ្លាញ់មិនគួរទទួលទាន? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ផលិតផលអាហារផ្សំឡើងពីទឹកដោះគោអាចជះផលប៉ះពាល់ដល់សុខភាពស្បែកបាន ពិសេសប្រសិនបើអ្នកមានស្បែកខ្លាញ់។ នេះក៏ព្រោះតែអាហារប្រភេទនេះរញោចក្រពេញខ្លាញ់ដែលបណ្ដាលឱ្យស្បែកកាន់តែឡើងខ្លាញ់ជាងមុន។
២. សាច់សម្បូរខ្លាញ់និងសាច់ក្រហម
អ្នកមានបញ្ហាស្បែកខ្លាញ់ក៏គួរកម្រិត ឬចៀសវាងការទទួលទានសាច់សម្បូរខ្លាញ់និងសាច់ក្រហមរួមមានសាច់ចៀម សាច់គោ និងសាច់ក្រកជាដើម។ សាច់ប្រភេទនេះមានផ្ទុកសម្បូរដោយខ្លាញ់ឆ្អែត saturated ដែលផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺបេះដូង ជំងឺធាត់ជ្រុល និងពិសេសការរលាកក្នុងរាងកាយដែលបង្កើនការផលិតជាតិខ្លាញ់។ អ្នកក៏គួរចៀសវាងអាហារសម្បូរខ្លាញ់មិនល្អ saturated fats និង Trans Fats ដទៃទៀតផងដែរ។
៣. អាហារប្រៃ
របបអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់អាចបំផ្លាញសុខភាពស្បែកគួរឱ្យព្រួយបារម្ភតាមរយៈការបង្កើនការរលាកក្នុងរាងកាយ។
៤. អាហារមានជាតិស្ករខ្ពស់
ការទទួលទានស្ករអាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយកម្រិតនៃការផលិតអាំងស៊ុយលីនក៏កើនឡើងតាមនោះ។ ជាលទ្ធផលក្រពេញខ្លាញ់ក៏ផលិតខ្លាញ់ច្រើនជាងមុន ហើយបញ្ហារោគមុននិងស្បែកខ្លាញ់ក៏លេចឡើង។ ដើម្បីជាការប្រសើរចូរទទួលទានស្ករធម្មជាតិដែលមានប្រភពពីបន្លែផ្លែឈើជំនួសវិញ ប៉ុន្តែក្នុងកម្រិតមធ្យម។
៥. អាហារហឹរ
អាហារហឹរក៏មិនសាកសមសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់ដែរ។ នេះក៏ព្រោះតែអាហារហឹរអាចបង្កការរលាក ជះឥទ្ធិពលដល់កម្រិតpHនៃស្បែក និងនាំឱ្យឡើងមុន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com