ក្របខណ្ឌ Premier League បានបញ្ចប់ការប្រកួតសប្តាហ៍ទី៣៣របស់ខ្លួនហើយ និងថែមទាំងរកឃើញក្រុមជើងឯករួចហើយដែរ។ Liverpool បានក្លាយជាម្ចាស់ពានរង្វាន់លីគកំពូលអង់គ្លេសរដូវកាល ២០១៩-២០ តាំងពីសប្តាហ៍ទី៣១ម្លេះ ដ្បិតពួកគេមានពិន្ទុនាំមុខដាច់។ ស្របពេលគ្នានេះ ក្រុមចំនួន ៦ កំពុងស្រវេស្រវាដើម្បីចៀសផុតពីតំបន់ត្រូវកាត់ចោល ខណៈនៅសល់ ៥ ប្រកួតទៀត។
៦ក្រុមដែលត្រូវប្រជែងគ្នាដើម្បីបន្តដង្ហើមលេងក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាលក្រោយមានចាប់ពីចំណាត់ថ្នាកទី១៥ ដល់ទី២០ ដែលរួមមាន Brighton & Hove Albion, West Ham United, Watford, Aston Villa, AFC Bournemouth និង Norwich City។
ក្រុមបាតតារាង Norwich City ដែលទើបរកបាន២១ពិន្ទុ ហាក់ដូចជាមានការលំបាកជាងគេក្នុងចំណោមក្រុមទាំង៦ ខណៈ Brighton ដែលឈរនៅចំណាត់ថ្នាក់ទី១៥ ដែលមាន ៩ពិន្ទុពីលើតំបន់ត្រូវកាត់ចោលដូចជាមានសុវត្ថិភាពខ្ពស់ក្នុងការបន្តនៅរដូវកាលក្រោយ។ យ៉ាងណាក៏ដោយ ទាំង Norwich និង Brighton សុទ្ធតែមានឱកាសធ្លាក់ និងបន្តនៅលីគកំពូលដូចគ្នា។
ជាមួយនឹងការប្រកួតសេសសល់៥លើកទៀត ដែលស្មើនឹង១៥ពិន្ទុ គឺជាជំនួបដ៏សំខាន់បំផុតសម្រាប់ការប្រជែងគ្នារវាងក្រុម AFC Bournemouth, Aston Villa, Watford និង West Ham ដែលមានពិន្ទុប្រដេញគ្នា ដើម្បីបន្តស្នាក់នៅក្នុងក្របខណ្ឌ Premier League នេះទៀត។
Bournemouth ដែលឈរលេខ១៩ ក្នុងតារាង និង Aston Villa នៅលេខរៀងទី១៨ មាន២៧ពិន្ទុដូចគ្នា និងស្ថិតនៅតំបន់ត្រូវកាត់ចោលដូចគ្នា។ ដោយឡែក Watford ដែលនៅជាប់តំបន់ត្រូវកាត់ចោល មានតែ១ពិន្ទុប៉ុណ្ណោះលើក្រុម Aston Villa ហើយ West Ham រកបាន៣១ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី១៦។
៥ប្រកួតចុងក្រោយរបស់ Norwich City នឹងត្រូវប៉ះ Watford, West Ham, Chelsea, Burnley និង Manchester City។
AFC Bournemouth ត្រូវជួប Tottenham Hotspur, Leicester City, Man City, Southampton និង Everton។
៥ប្រកួតចុងក្រោយរបស់ Aston Villa ភាគច្រើនសុទ្ធតែប៉ះក្រុមខ្លាំងជាងដូចជា Manchester United, Crystal Palace, Everton, Arsenal និង West Ham។
៥ប្រកួតចុងក្រោយរបស់ Watford ត្រូវជួប Norwich City, Newcastle United, West Ham, Man City និង Arsenal។
West Ham ត្រូវជួប Burnley, Norwich City, Watford, Man Utd និង Aston Villa ខណៈ Brighton នឹងត្រូវតតាំងជាមួយ Liverpool, Man City, Southampton, Newcastle United និង Burnley។
ចំណោមក្រុមទាំង៦ខាងលើនេះ ប្រសិនបើក្រុមណាត្រូវប៉ះ Leicester City, Chelsea, Man Utd, Wolves, Arsenal និង Spurs នោះ ប្រាកដជាលំបាកខ្លាំងមិនខាន ដ្បិតក្រុមទាំងនេះ ក៏កំពុងប្រជែងយកតំណែង Top 4 ដើម្បីបានកៅអីលេង Champions League និងកៅអី Europa league នៅរដូវកាលក្រោយរៀងៗខ្លួនផងដែរ៕