លោក ប៉ុ​ម​ប៉េ​អូ ថា អាមេរិក​កំពុង​គិតគូរ​បិទ​បណ្ដាញ​សង្គម​ចិន​រាប់ទាំង TikTok
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ថា អាមេរិក​កំពុង​គិតគូរ​បិទ​បណ្ដាញ​សង្គម​ចិន​រាប់ទាំង TikTok
07, Jul 2020 , 10:29 pm        
រូបភាព
​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​និយាយថា អាមេរិក​កំពុង​សម្លឹងមើល​ការបិទ​ហាមឃាត់​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ចិន​រាប់ទាំង​កម្មវិធី​ចែករំលែក​វីដេអូ​ខ្លី​កំពុង​ល្បីឈ្មោះ TikTok ផងដែរ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​៦ ខែកក្កដា លោក ប៉ុ​ម​ប៉េ​អូ បានលើកឡើង​ពី​ក្ដីបារម្ភ​ដែល​ទិន្នន័យ​អ្នកប្រើប្រាស់​អាច​ធ្លាក់ចូល​ដៃ​បក្ស​កុម្មុយនីស្ត​ចិន​។ ក្រុមហ៊ុន TikTok ដែលជា​មុខសញ្ញា​ធំជាងគេ បានចេញ​មុខ​ទាត់ចោល​ការផ្ទេរ​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​កម្មវិធី​រប​ស់​ខ្លួន​។​

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ពិធី​ការិនី Laura Ingraham រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ត្រូវបាន​ចោទសួរ​ថា អាមេរិក​នឹង​ហាមឃាត់​កម្មវិធី​របស់​ចិន ពិសេស TikTok ឬ​យ៉ាងណា​។ លោក ប៉ុ​ម​ប៉េ​អូ ឆ្លើយថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យកចិត្តទុកដាក់​ខ្លាំង​លើ​រឿងនេះ ហើយក៏​កំពុង​គិតគូរ​យ៉ាងខ្លាំង​ដែ​។ 
 
​លោក ប៉ុ​ម​ប៉េ​អូ បញ្ជាក់ថា អាមេរិក​បានធ្វើការ​ងា​រ​យូរ​មកហើយ​លើ​បញ្ហា​នៃ​បច្ចេកវិទ្យា​ចិន ហើយ​ក៏មាន​ដំណើរការ​ខ្លះ​ហើយ​ដែរ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​និយាយ​ច្បាស់​ថា​៖ «​ទាក់ទង​កម្មវិធី​រប​ស់​ចិន​ក្នុង​ទូរ​សព្ទ អាមេរិក​នឹង​ចាត់វិធានការ​មិន​ខាន​។​» លោក​បន្ថែមថា បើ​ចង់​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន​ទទួលបាន​ទិន្នន័យ​នោះ អ្នកប្រើប្រាស់​ក៏​អាច​ទាញយក​កម្មវិធី​ទាំងនោះ ប្រើប្រាស់​ក៏បាន​។​
 
​កន្លងទៅ អ្នកនយោបាយ​អាមេរិក ពិសេស​សមាជិកសភា​អាមេរិក​តែម្ដង តែង​បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​របស់​ចិន​ទាក់ទង​ការ​បែកធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ដែល​ធ្លាក់​ដល់ដៃ​រដ្ឋាភិបាល​ចិន​។ ចំណុច​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ គឺ​ច្បាប់​ចិន​ដែល​អនុញ្ញាត​ឲ្យ​មានការ​ផ្ទេរ​ទិន្នន័យ​អ្នកប្រើប្រាស់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទៅកាន់​រដ្ឋាភិបាល ក្នុង​គោលដៅ​ប្រមូល​ព័ត៌មាន​សម្ងាត់ និង​សំណុំរឿង​ឯកជន​ភាព​នានា​។ 
 
​ជារឿយៗ TikTok ក៏បាន​បកស្រាយ​ពី​ឯករាជ្យភាព​របស់ខ្លួន​ដែរ​។ ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ក្រុមហ៊ុន​ដែល​ចំណុះ​ឲ្យ​ក្រុមហ៊ុន Bytedance មួយ​នេះ អះអាងថា ខ្លួន​មាន​នាយក​ប្រតិបត្តិ​ជា​ជនជាតិ​អាមេរិក ហើយ​មាន​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ផ្នែក​នានា​នៅ​អាមេរិក​ផ្ទាល់​។ ក្រុមហ៊ុន​នេះ​បន្តថា ខ្លួន​ក៏​គ្មាន​គោលដៅ​អាទិភាព​ផ្សេង​ក្រៅពី​ការជំរុញ​កម្មវិធី​ទូរ​សព្ទ​មួយ​មាន​សុវត្ថិភាព និង​សន្តិសុខសម្រាប់​អ្នកប្រើប្រាស់​ដែរ​។​
 
​ក្រុមហ៊ុន​កំពុង​ល្បីឈ្មោះ​មួយ​ធ្លាប់​ប្រកាសថា ខ្លួន​មាន​កន្លែង​ស្តុក​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​អាមេរិក និង​មួយទៀត​នៅ​សិង្ហ​បុរី ចំណែក​ម​ជ្ឈ​ម​ណ្ឌ​ទិន្នន័យ​ក្រុមហ៊ុន​ក៏​មិនមាន​ទីតាំងនៅ​ចិន​ដែរ​។ លើសពីនោះ គ្មាន​ទិន្នន័យ​ណាមួយ ស្ថិតក្រោម​ច្បាប់​ចិន​ដែរ​។​
 
​មិនមែន​តែ​អាមេរិក​ឡើយ TikTok ក៏​ស្ថិត​ក្នុងចំណោម​កម្មវិធី​ទូរ​សព្ទ​ទាំង​៥៩ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រកាស​ហាមឃាត់​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​ដែរ​៕ 
 
 

Tag:
 អាមេរិក​
  ចិន​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com