ជាតិ
សង្គមជាតិ
ឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបង ត្រូវជាប់ឃុំ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយពលរដ្ឋ ទិដ្ឋភាពមុខសាលាដំបូងរាជធានីភ្នំពេញ (រូបពី AFP)
× ក្រោយឆ្លងកាត់ការស៊ើបសួរប៉ុន្មានថ្ងៃរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បង្គាប់ឲ្យយកឧកញ៉ា សង ថន និង លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ទៅឃុំជាបណ្ណោះអាសន្ន។ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទយ៉ាងខ្លីថា៖«បានឃុំខ្លួនទាំងពីរនាក់ហើយ ទៅតាមនីតិវិធី»។
លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទ៣បទល្មើស គឺ បទបំផ្លាញដោយចេតនា បទគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក ហើយឧកញ៉ា សង ថន ត្រូវបានចោទ២បទល្មើស គឺ បទផ្តើមគំនិតគិតក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។
ឧកញ៉ា សង ថន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនទៅសាកសួរ កាលពីចុងខែមិថុនា ឆ្នាំ២០២០ ហើយ លោក ស៊ូ អារ៉ាហ្វាត់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅសួរ នៅដើមខែកក្កដា។ បន្ទាប់មក អង្គភាពប្រឆាំងអំពើពុករលួយ ក៏បញ្ជូនអ្នកទាំងពីរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
អ្នកទាំងពីរ ត្រូវសង្ស័យថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ឧកញ៉ា សង ថន ដែលកាន់កាប់ដីប្រមាណ៥ពាន់ហិកតា ក្នុងស្រុកគាស់ក្រឡ ចាប់ផ្តើមមានទំនាស់ជាមួយប្រជាពលរដ្ឋ តាំងពីឆ្នាំ២០១៥មក។
VOA បានសម្ភាសលោក ស៊ឹប គូ តំណាងប្រជាពលរដ្ឋជាង២០០គ្រួសារ ដោយគាត់ និយាយថា ប្រជាពលរដ្ឋ បានកាប់ឆ្ការដីព្រៃនិងរស់ក្នុងតំនប់ដីនោះ ជិត១០ឆ្នាំមកហើយ ដោយសារពួកគាត់ពុំមានដីរស់នៅ។ បើតាមលោក ស៊ឹម គូ ប្រជាពលរដ្ឋ បានកាន់កាប់ដីនោះយូរមកហើយ ហើយពួកគាត់ យល់ថា មិនមែនជាដីរបស់ឧកញ៉ា សង ថន នោះទេ។
រឿងនេះ ក៏បានលេចឮដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ឲ្យរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាក់ព័ន្ធ ដកហូតដីធ្លីទាំងនោះ ពីឧកញ៉ា សង ថន មកវិញ ដែលបានទន្ទ្រានយកដោយខុសច្បាប់ ហើយទុកចែកឲ្យប្រជាពលរដ្ឋ។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានសរសេរពីប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដូច្នេះថា៖«អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវការងារនេះបន្តទៀត។ ដំណាក់កាលនេះ ជាពេលដែលត្រូវវះកាត់រាល់ជនខិលខួចទាំងឡាយណា ដែលគប់គិតគ្នា យកដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ ហើយប្រើកលល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោស ហើយនឹងឈានដល់ការដកហូតមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាតែម្តង»៕
Tag:
ឧកញ៉ា សង ថន
ទំនាស់ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com