ជាតិ
នយោបាយជាតិ
បក្សប្រជាជនថា សមិទ្ធផលដែលសម្រេចបានកន្លងមក មិនអាចកាត់ផ្តាច់ពីការជួយរបស់វៀតណាមឡើយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Nguyen Phu Trong ប្រធានាធិបតីនិងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ចាប់ដៃគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបពី AFP)
× គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសរសេរលិខិតត្រឡប់ទៅវិញ ដើម្បីថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានសរសេរលិខិត មកអបអរសាទរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរម្លឹកខួប៦៩ឆ្នាំនៃការបង្កើតគណបក្ស។
ក្នុងលិខិតឆ្លើយតប ក្រៅពីថ្លែងអំណរគុណ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាននិយាយពីទំនាក់ទំនងនិងការជួយរបស់ភាគីវៀតណាមផងដែរ។ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សរសេរដូច្នេះថា៖«សមិទ្ធផលទាំងឡាយ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមកនេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភគាំទ្ររបស់គណបក្ស រដ្ឋាភិបាល និង ប្រជាជនវៀតណាមបានឡើយ»។
តាមរយៈលិខិតដដែល ចុះនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង សាមគ្គី មិត្តភាពយូរអង្វែងនិងរឹងមាំរវាងគណបក្ស រដ្ឋាភិបាល និង ប្រជាជននៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសរម្លឹកខួប៦៩ឆ្នាំ គណបក្សប្រជាជនកម្ពុជា ទទួលបានលិខិតអបអរសាទរពីគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម។ គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បង្ហាញ «ជំហរដោយឥតងាករេ» ក្នុងការគោរពនិងការពូនជ្រំនូវសាមគ្គីភាព-មិត្តភាពរវាងគណបក្សនិងប្រជាជននៃប្រទេសទាំងពីរ។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចាត់ទុកចំណងមិត្តភាពនេះ ថាជា «ទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រទេសទាំងពីរ»។ លើសពីនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អះអាងថា បក្ស រដ្ឋ និង ប្រជាជនវៀតណាម នឹងខិតខំអស់ពីកម្លាំងកាយចិត្ត រួមជាមួយគណបក្សប្រជាជនកម្ពុជា រដ្ឋ និង ប្រជាជនកម្ពុជា ដើម្បីថែរក្សានិងពូនជ្រំបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ «ឲ្យកាន់តែស្រស់បំព្រងនិងរឹងមាំជានិរន្តតរៀងទៅ»៕
Tag:
គណបក្សប្រជាជនកម្ពុជា
បក្សកុម្មុយនីស្តវៀតណាម
មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com