COVID-19
អន្តរជាតិ
អូស្ត្រាលី សម្រេច​បិទ​ក្រុង Melbourne ជាថ្មី បន្ទាប់ពី​ករណី COVID-19 កើនឡើង​
07, Jul 2020 , 5:30 pm        
រូបភាព
បុគ្គលិកពេទ្យ ដើរពីមុនរថយន្តសង្រ្គោះបន្ទាន់ នៅក្នុងទីក្រុង Melbourne នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ AFP
បុគ្គលិកពេទ្យ ដើរពីមុនរថយន្តសង្រ្គោះបន្ទាន់ នៅក្នុងទីក្រុង Melbourne នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ AFP
​រដ្ឋ​Victoria របស់​អូស្ត្រាលី​រាយការណ៍​ពី​មានការ​កើនឡើង​ករណី​ឆ្លង​COVID-19 ជិត​២០០​ករណី​ក្នុង​មួយថ្ងៃ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Victoria លោក Daniel Andrews នៅ​ថ្ងៃទី​៧ ខែកក្កដា បានប្រកាស​បិទ​ទីក្រុង​ធំ​លំដាប់​ទី​២ នៅក្នុង​អូស្ត្រាលី​សារជាថ្មី​។ ការបិទ​ទីក្រុង​Melbourne នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​៨ ខែកក្កដា​តទៅ ហើយក៏​ត្រូវជា​ថ្ងៃ​បិទ​ព្រំដែន​រវាង​រដ្ឋ Victoria និង​រដ្ឋ New South Wales ផងដែរ​។


​រដ្ឋ​Victoria បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ច្រើន​បំផុត​ចាប់តាំងពី​ផ្ទុះ​កូ​រូ​ណា​វីរុស​មក ពោល​គឺមាន​រហូតដល់​ទៅ ១៩១​ករណី នៅ​ថ្ងៃទី​៧ ខែកក្កដា​។ ចំនួន​នេះ គឺ​ច្រើនជាង​តួលេខ​ម្សិលមិញ ដែលមាន​ចំនួន ១២៧​ករណី​ទៅទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទាក់ទង​នឹង​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​កើនឡើង​បែបនេះ លោក  Daniel Andrews នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Victoria បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​វា​មាន​ករណី​ឆ្លង COVID-19 ថ្មី​ជាច្រើន​»​។ ដោយ​មើលឃើញ​ពី​បញ្ហា​ខាងលើ លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បានសម្រេច​បិទ​ទីក្រុង Melbourne យ៉ាងហោចណាស់ ៦​សប្តាហ៍ ដោយ​ចាប់​គិតពី​ថ្ងៃទី​៨ ខែកក្កដា​ទៅ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណាវី​រុស​។ មនុស្ស​ជាច្រើន​លាន​នាក់ នឹង​ជាប់​បម្រាម​រឹតត្បិត​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ ប៉ុន្តែ​ក៏មាន​ករណី​លើកលែង​មួយចំនួន​ផងដែរ ដូចជា​ការ​ទៅ​ទិញ​របស់​ប្រើប្រាស់​ចាំបាច់ ម្ហូបអាហារ​ជាដើម​។ 
 
​កន្លងមក អូស្ត្រាលី ក៏បាន​ប្រកា​សបិទ​ព្រំដែន​រវាង​រដ្ឋ Victoria និង New South Wales ដែរ បន្ទាប់ពី​ករណី​ឆ្លង​COVID-19 នៅក្នុង​រដ្ឋ​Victoria បាន​ហក់​ឡើង​។ ការបិទ​ព្រំដែន​រដ្ឋ​នេះ នឹង​ចូល​ជា​ធរមាន​ដូចគ្នា​ទៅនឹង​ថ្ងៃ​បិទ​ក្រុង​Melbourne ដែរ​។ ដើម្បី​យាមល្បាត​តាម​ព្រំដែន​រវាង​រដ្ឋ​Victoria និង New South Wales ឲ្យ​មាន​ប្រសិទ្ធភាព អូស្ត្រាលី​បាន​ពង្រាយ​កម្លាំង​ប៉ូលិស និង​យោធា ដោយមាន​បន្ថែម​បច្ចេកវិទ្យា​ដូចជា ដ្រូ​ន ជាដើម​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ អូស្ត្រាលី​មាន​ករណី COVID-19 សរុប​ជាង ៨​ពាន់​ករណី អ្នកស្លាប់​មាន​ចំនួន​ជាង ១០០​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៧​ពាន់​នាក់​៕ 
 

Tag:
 អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com