ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ អ្នក​រិះគន់​រដ្ឋាភិបាល យក​បញ្ហា​កូ​វីដ​-១៩ ធ្វើជា​លេស ជំទាស់​នឹង​ការ​រឹតបន្តឹង​ចរាចរណ៍
07, Jul 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកយក​បញ្ហា​កូ​វីដ​-១៩​មក​ភ្ជាប់​នឹង​រឿង​រឹតបន្តឹង​ចរាចរណ៍​នោះ គឺ​គ្រាន់តែ​ជា​លេស ដើម្បី​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​៧ កក្កដា​។​



«​យើង​គ្មាន​បំណង​ណា ដើម្បី​ទៅ​ចាប់​(​អនុវត្ត​វិធានការ​ចរាចរណ៍​)​ប្រជាជន យកលុយ​មក​ចែកគ្នា​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​បាន​បន្ថែមថា ការដាក់ចេញ​វិធានការ​រឹតបន្តឹង​ចរាចរណ៍​នេះ នៅក្នុង​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​នេះ គឺ​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ជាការ​រក្សា និង​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេស​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តែម្ដង​។​




 
​ចំពោះ​អ្នក​ដែល​លើកយក​បញ្ហា​កូ​វីដ​-១៩ មក​ភ្ជាប់​ជាមួយ​រឿង​វិធានការ​ចរាចរណ៍​នេះ គឺ​គ្រាន់តែ​ជា​លេស ដើម្បី​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង​។​
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​នាពេល​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ហើយ​រហូតដល់​ពេលនេះ មាន​អ្នកជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​ចំនួន ១៤១​នាក់ និង​មិនទាន់មាន​អ្នកណាម្នាក់ ស្លាប់​ដោយសារ​ជំងឺ​នេះឡើយ ក៏ប៉ុន្ដែ​ងាក​មក​មើល​គ្រោះ​ចរាចរណ៍​វិញ មាន​អ្នកស្លាប់​ជា​រៀងរាល់ថ្ងៃ​។ ដូច្នេះ​អ្នក​រិះគន់​បញ្ហា​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ គ្រាន់តែ​លេស ដោយ​មិន​ធ្វើការ​វែកញែក​ឱ្យ​ច្បាស់លាស់ ហាក់បីដូចជា ចង់​ឲ្យ​ប្រជាជន​ស្លាប់​បន្ដទៀត​»​។​
 
​សម្ដេច ស ខេង មើលឃើញថា ការអនុវត្ត​វិធានការ​ចរាចរណ៍​២​ខែ​នេះ ក៏បាន​ធ្វើឱ្យ​គ្រោះថ្នាក់​កាត់បន្ថយ​ច្រើន​ដែរ ដូច្នេះ​រដ្ឋាភិបាល នឹង​បន្ត​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ការ​ថមថយ​ឡើយ​។ 
​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០​នេះ មាន​ចំនួន​១,៦១៩​ករណី​ថយចុះ​៥៥២​ករណី ដែល​ស្មើ​២៥​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩ ដែល​គ្រោះថ្នាក់​កើតឡើង​២,១៧១​លើក​។ ចំណែក​មនុស្ស​ស្លាប់​៨៦១​នាក់ លើ​១០៣៣​នាក់ ដោយ​ថយចុះ​១៧២​នាក់ ស្មើនឹង​១៧​ភាគរយ ខណៈ​អ្នករងរបួស ២,៤៤៩ លើ ៣,២២៧​នាក់ គឺ​ថយចុះ​៧៧៨​នាក់​ស្មើនឹង​២៤​ភាគរយ​។​
 
​សម្ដេច ស ខេង បាន​មើលឃើញថា ពលរដ្ឋ​បាន​យល់ដឹង​និង​គោរព​ច្បាប់​ច្រើនជាង​មុន ទើប​ធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់ចុះ​បែបនេះ​។  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ លើកឡើង​ដូច្នេះ​៖«​តាម​ទិន្នន័យ​បញ្ជាក់​ខាងលើនេះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា​ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន នៅពេល​ប្រទេសជាតិ​យើង​មានការ​រីកចម្រើន មាន​កំណើន​យានយន្ត​ធ្វើដំណើរ និង កំណើន​អ្នកបើកបរ​ក៏ដោយ តែ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​»៕
 

Tag:
 ស ខេង
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com