ជាតិ
សៀមរាប ដាក់បំរាមប្រកបអាជីវកម្មទិញ-លក់សត្វសុនខយកទៅសម្លាប់
× ភ្នំពេញ៖ ការធ្វើអាជីវកម្មទិញ-លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទ ត្រូវបានហាមឃាត់ នៅក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅថ្ងៃទី ៦ កក្កដា។ តាមសេចក្តីជូនដំណឹងដដែល ការហាមប្រាមនេះ គឺបន្ទាប់ពីអាជ្ញាធរសង្កេតឃើញថា ការធ្វើអាជីវកម្ម ទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) មានភាពអាណាធិបតេយ្យ និងមានការកើនឡើងគួរឲ្យព្រួយបារម្ភ នារយៈពេលចុងក្រោយនេះ។
លោក ទា គឹមសុទ្ធ ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនេះថា៖ សកម្មភាពនេះ ជាសញ្ញាមួយ បង្ហាញថាមានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ និងធ្វើឲ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនពីតំបន់មួយទៅតំបន់មួយ ដែលប៉ះពាល់សុខភាពសាធារណៈ»។
មន្ទីរកសិកម្ម បន្តថាការដើរទាក់លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ ផ្ទុយពីខ្លឹមសារនៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ នឹងត្រូវទទួលទោសធ្ងន់ធ្ងរ តាមមាត្រ១១២, ១១៣, ១១៥នៃច្បាប់ដដែលទៀតផង៕
Tag:
អាជីវកម្ម
សុនខ
សត្វចិញ្ចឹម
© រក្សាសិទ្ធិដោយ thmeythmey.com