ជាតិ
សេដ្ឋកិច្ច
វិបត្តិ​កូ​វីដ​-១៩ ជា​ឱកាស​សម្រាប់​កម្ពុជា បង្ហាញ​សក្តានុព​ល​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​
08, Jul 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ ផ្ដល់​ការលំបាក​ដល់​សេដ្ឋកិច្ច​ផង ហើយក៏​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ផង ក្នុងការ​បង្ហាញ​សក្កា​នុព​ល​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​នាពេល​អនាគត​។ នេះ​ជាការ​យល់ឃើញ​របស់​អ្នកជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​។​

 
​អ្នកស្រី ប៊ិ ឧដ្ឋានវតី នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទេសចរណ៍​អ៊ែរ​.​តេ​.​អ៊ែរ ទទួលស្គាល់ថា វិបត្តិ​កូ​វីដ​-១៩ ពិតជា​ឥទ្ធិពល​អាក្រក់​ខ្លាំង​លើ​សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ​វា​ក៏​ជួយ​ឱ្យ​កម្ពុជា អាច​បង្ហាញ​សក្តានុពល​ទេសចរណ៍​ខ្លួន ទៅកាន់​តំបន់ និង​ពិភពលោក ដើម្បី​ទាញយក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​
 
​ត្រង់ចំណុច​នេះ​អ្នកស្រី ប៊ិ ឧដ្ឋានវតី ជំ​រុញឱ្យ​អាជ្ញាធរ​ដែនដី ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​សហគមន៍​ដែល​តាំងទី​លំនៅ​នៅ​កន្លែង​រមណីយដ្ឋាន​ធម្មជាតិ​ទាំងអស់ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​របស់​តំបន់​ទេសចរណ៍​នីមួយៗ និង​បង្កើន​បដិសណ្ឋាកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​ព្រម​គ្នា​។ ជាពិសេស​ការលុបបំបាត់​សំរាម​ពាសវាល​ពាសកាល​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​។​


  អ្នកស្រី ប៊ិ ឧដ្ឋានវតី នាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍អ៊ែរ.តេ.អ៊ែរ។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ប៊ិ ឧដ្ឋានវតី បាន​អះអាងថា​៖«​ប្រសិនបើ​កូ​វីដ​-១៩​ចប់​ទៅ ខ្ញុំ​ជឿថា​និន្នាការ​នៃ​ការដើរ​លេង​របស់​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក​នៅតែមាន ប៉ុន្តែ​គេ​នឹង​ទៅ​ទីកន្លែង​ទេសចរណ៍​ណា​ដែលមាន​លក្ខណៈ​ប្រណិតៗ និង​ទៅ​លក្ខណៈ​ទេសចរណ៍ធម្មជាតិ​បែប​ផ្សងព្រេង​។ ប៉ុន្តែ​ដំណើរ​ទេសចរណ៍​លក្ខណៈ​ផ្សងព្រេង ប្រសិនបើ​មានការ​បំផ្លាញ​ឬ​បំពុល​សម្រស់​ទីតាំង​ធម្មជាតិ​នោះ ដំណើរ​កម្សាន្ត​បែបនេះ គឺ​គ្មាន​និ​រ​ន្ត៍​ភាព​ទេ​»​។​
 
​កម្ពុជា មាន​កន្លែង​ទេសចរណ៍​ជាច្រើន ពិសេស​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ ដែល​ប្រជាពលរដ្ឋ​ក្នុងស្រុក​មិនទាន់បាន​ទៅដល់ ដោយសារតែ​ការរៀបចំ​ទទួលភ្ញៀវ​ទេសចរ និង​ការផ្សព្វផ្សាយ​ពី​ភាគី​ពាក់ព័ន្ធ​នៅមានកម្រិត ខណៈ​ភ្ញៀវ​ក្នុងស្រុក កំពុង​ស្វែងរក​តំបន់​ទេសចរណ៍​ទាំងអស់នេះ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា ដោយបាន​បន្ថែមថា អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ជួយ​រៀបចំ​សេវាកម្ម គុណភាព និង​សុវត្ថិភាព ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ចលនា​ទេសចរណ៍​ក្នុងស្រុក​។​
 
​អ្នកស្រី ឆាយ ស៊ីវ​លីន បន្ត​មានប្រសាសន៍​ដូច្នេះ​៖«​ប្រសិនបើ​យើង​អត់​បង្កើត​នូវ​សកម្ម​សេវាកម្ម​ផ្សេងៗ​ទេ ឬ​សកម្មភាព​សម្បទាន​ផ្សេងៗ​ទេ គឺ​យើង​អត់​បាន​អត្ថប្រយោជន៍​ប៉ុន្មាន​ទេ ពី​ភ្ញៀវទេសចរ​ក្នុងស្រុក  ព្រោះ ភ្ញៀវទេសចរ​សម័យ​ឥឡូវនេះ គឺ​អត់​ចង់យក​ឥ​វ៉ាន​ទៅតាម​ខ្លួន​ច្រើនៗ​ដូចជា​មុន​ទេ​។ ភាគច្រើន​គឺមាន​កាបូប ឬ​កាបូបស្ពាយ​តាម​ខ្លួន​ដាក់​ឥ​វ៉ាន​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ រីឯ​ឥ​វ៉ាន់​មួយចំនួនទៀត គឺ​ពឹង​ផ្អែកលើ​សេវាកម្ម​នៅ​រមណី​ដ្ឋា​ន​ទាំងនោះ​តែម្តង​»​។ 


 អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា

​បើតាម​អ្នកស្រី ស៊ីវ​លីន ម្ចាស់​មរ​ណី​យ​ដ្ឋា​ន និង​សហគមន៍​ទេសចរណ៍​នីមួយៗ ត្រូវ​ចេះ​លើក​បង្ហាញ ឬ​រំលេច​នូវ​អ្វី​ដែលជា​ផលិតផល​អត្តសញ្ញាណ​ប្រចាំ​តំបន់ ដោយ​ប្រកាន់​ភ្ជាប់​អនាម័យ​ខ្ពស់ ផាក​សុខភាព និង​តម្លៃ​សមរម្យ​។ ជាពិសេស​បង្កើត​អ្វី​ប្លែក​ពិសេស ដើម្បី​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ ដែល​ធ្វើ​ឱ្យគេ​បំភ្លេច​មិនបាន​។ « បើ​រមណីយដ្ឋាន​យើង​មាន​សេវាកម្ម​ល្អ មាន​ចំណីអាហារ​ឆ្ងាញ់ អនាម័យ ហើយ​ទីកន្លែង​ស្រស់ស្អាត​មាន​ផាក​សុខភាព ទោះបី​រមណីយដ្ឋាន​យើង​នៅ​ឆ្ងាយ​យ៉ាងណាក៏ដោយ ក៏​មនុស្ស​នៅតែ​នឹង​ចង់ទៅ​ជានិច្ច​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​។​
 
​កាល​ឆ្នាំ​២០១៩​កន្លងមក មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល​២​លាន​នាក់ បានធ្វើ​ដំណើរ​ទេសចរ​ណ៍​នៅ​បរទេស​។​បើតាម​អ្នកស្រី ឆាយ ស៊ីវ​លីន​ពលរដ្ឋ​ខ្មែរ​ដែល​ទៅធ្វើ​ទេសចរណ៍​នៅ​បរទេស​ក្នុង​មួយ​នាក់​ចំណាយ​យ៉ាងតិចណាស់​៥០០​ដុល្លារ​។  ដូច្នេះ ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ ពលរដ្ឋ​ខ្មែរ​ប្រមាណ​២​លាន​នាក់ ដែល​ទៅ​ទេសចរណ៍​នៅ​បរទេស គឺ​បាន​ចំណាយ​យ៉ាងហោចណាស់​១,០០០​លាន​ដុល្លារ ដោយ​ចាក់​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ប្រទេស​គេ​។ នេះ​ជាការ​ខាតបង់​ដ៏​ច្រើន​នៅ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​


 
​អ្នកស្រី ឆាយ ស៊ីវ​លីន​បាន​និយាយថា​៖« ពលរដ្ឋ​ខ្មែរ​យើង​ដែល​ទៅ​ទេសចរណ៍​នៅ​បរទេស​នេះ គឺជា​ចំនួន​មួយ​ដ៏​ច្រើន ហើយ​បើ​យើង​ស្រមៃ​មើល ប្រសិនបើ​ចំនួន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ហ្នឹង ងាក​មក​ដើរលេង​ក្នុងស្រុក​វិញ​ក្នុង​ចំនួន​២​លាន​នាក់​ហ្នឹង​វិញ គឺ​បាន​ជួយ​សេដ្ឋកិច្ច​ក្នុងស្រុក​បាន​ច្រើន​នាក់ ព្រោះ​ថាបើ​យើង​ចេញ​ដើរ គឺ​ត្រូវ​ចំណាយ​ហើយ​។ តែ​ទន្ទឹមនឹងនេះ ក៏​ទាមទារ​ឱ្យ​តំបន់​ទេសចរណ៍​នៅក្នុង​យើង​ហ្នឹង ផ្តល់​សេវាកម្ម​អ្វី​ឱ្យ​អ្នកទេសចរ កុំឱ្យ​ចាញ់​សេវាកម្ម​ទេសចរណ៍​គេ​នៅ​បរទេស​ខ្លាំងពេក​»​។ 
 
​ដោយសារ​ពិភពលោក​ជួប​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ទាំង​កម្ពុជា​និង បណ្ដា​ប្រទេស​ផ្សេងៗ គឺ​សុទ្ធសឹងតែ​បាត់​លំហូរ​ភ្ញៀវទេសចរ​បរទេស​។ ប៉ុន្តែ​បច្ចុប្បន្ននេះ កម្ពុជា​ចាប់ផ្ដើម​កើនឡើង​ទេសចរណ៍​ក្នុងស្រុក​ជា​បណ្ដើរ​វិញ​ហើយ ។ យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ក្នុង​ខែឧសភា ឆ្នាំ​២០២០  ក​ម្ព​ពុ​ជាមាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចំនួន​៦០​ម៉ឺន​នាក់ បាន​ទៅ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស ពិសេស​ពី​សំណាក់​យុវជន​ដែល​ចូលចិត្ត​ធ្វើដំណើរ​ទេសចរណ៍​ផ្សងព្រេង​។​


  កាំពី ក្នុងខេត្តក្រចេះ

​ក្រសួងទេសចរណ៍ ក៏បាន​ជំរុញ និង​ណែនាំ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ជាពិសេស​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន ពង្រឹងគុណភាព​ស្ដង់ដារ​អនាម័យ សម្រាប់​ទទួលភ្ញៀវ​នៅពេល​ខាងមុខ​។ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក បាន​សង្កត់ធ្ងន់ថា ក្រសួង​បាន​ប្រាប់​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​រៀបចំ​ទីកន្លែង​ទេសចរណ៍​និង​ឱ្យបាន​ភាព​ទាក់ទាញ និង​ស្អាត ជាពិសេស​គឺមាន​ភាព​អនាម័យ​ទាំង​ទីកន្លែង​កម្សាន្ត កន្លែង​ស្នាក់នៅ រួមទាំង​អនាម័យ​ចំណីអាហារ និង​បរិស្ថាន​។ មិនតែប៉ុណ្ណោះ​ការបង្កើត​សេវាកម្ម​សម្បូរបែប ប្រក​ដ​ដោយ​គុណភាព និង​រក្សា​តម្លៃ​សមរម្យ សម្រាប់​ភ្ញៀវទេសចរ​។ 
 
«​នៅពេលដែល​ទីកន្លែង​យើង​ស្អាត សេវាកម្ម​យើង​ធ្វើ​បានល្អ តម្លៃ​សេវាកម្ម​សមរម្យ​អាច​ទទួលយកបាន នោះ​មិន​ត្រឹម​ជាការ​ទាក់ទាញ​ចិត្ត​ភ្ញៀវទេសចរ​ទេ គឺ​ធ្វើឱ្យ​ជក់ចិត្ត នឹង​ចង់​មកលេង​កម្សាន្ត​ម្តង​ហើយ​ម្តងទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​៕
 


លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍


ក្រុមយុវជន ឡើងភ្នំគូលែន ខេត្តសៀមរាប 


ក្រុមយុវជននាំគ្នាឡើង«ខ្នងផ្សា» កាលពីថ្ងៃទី៣កក្កដា ឆ្នាំ២០២០។ រូបថត៖ លោក ប៉ាន់ បូនី


ទីកន្លែងបោះតង់នៅក្នុងសហគមអេកូទេសចរណ៍ចង្ក្រានរយ នៅខេត្តសៀមរាប


​សកម្មភាពគោយន្តដឹកជញ្ជូនទំនិញរបស់ភ្ញៀវទេសចរឡើងខ្នងផ្សា កាលពីថ្ងៃទី៣កក្កដា ឆ្នាំ២០២០។ រូបថត៖ លោក ប៉ាន បូនី

Tag:
 ទេសចរណ៍​
  COVID-19
  រមណីយដ្ឋាន​ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com