ជាតិ
សង្គមជាតិ
ព្រះសង្ឃ​និង​យុវជន នៅតែ​ទៅ​កន្លែង​ធ្វើឃាត​បណ្ឌិត កែម ឡី ទោះ​រង​ការព្រមាន​ចាត់វិធានការ
08, Jul 2020 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសង្ឃ​និង​ពលរដ្ឋ ដែល​ភាគច្រើន​ជា​យុវជន​ប្រមាណ​ជា​២០​ទៅ​៣០​នាក់ បាន​ទៅ​ប្រមូល​ផ្តុំគ្នា នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​ស្តុ​ប​បូកគោ ជា​កន្លែង​ឃាតក បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកសិក្សា​ពី​ការអភិវឌ្ឍ​សង្គម​និង​ជា​អ្នកវិភាគ​ដ៏​មាន​ប្រជាប្រិយភាព កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦។

 

​ព្រះសង្ឃ​និង​ក្រុមយុវជន ទៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ហើយក៏​ដើម្បី​រម្លឹក​ខួប​៤​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​ដែរ​។ ព្រះសង្ឃ​និង​ក្រុមយុវជន បាន​អង្គុយស្មិងស្មាធិ៍​មួយ​ភ្លែត ដើម្បីគោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​។ ព្រះសង្ឃ ក៏បាន​សូធ្យធម៌​ដែរ​។ 
 
​ព្រះសង្ឃ​និង​ក្រុមយុវជន គ្រោង​ទៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​ជាប់​គ្នា​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០ ខែកក្កដា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​និង​រម្លឹក​ខួប​នៃ​មរណភាព​របស់លោក​ប​ណ្ឌិ​ត​។ ការប្រមូលផ្តុំ​របស់​ព្រះសង្ឃ​និង​ក្រុម​យ​វជន នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈកាល់​តិច ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន គឺ​ប្រឈម​នឹង​ការព្រមាន​របស់​អាជ្ញាធរ​។  


 
​រដ្ឋបាល​ខណ្ឌចំការមន បានចេញ​សេ​ក្តី​ប្រកាស​ព័ត៌មាន​មុន​មួយថ្ងៃ គឺ​ថ្ងៃទី​៧ ខែកក្កដា ដោយបាន​ព្រមាន​ថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​មានការ​ប្រមូលផ្តុំ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​។ រដ្ឋបាល​ខណ្ឌចំការមន អះអាងថា ការមិន​ឲ្យ​ប្រមូលផ្តុំ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥ​ទ្ទ​នៈ​កាល់​តិច​។ 
 
​លើសពីនេះ រដ្ឋបាល​ខណ្ឌចំការមន បកស្រាយ​ថា ការមិន​ឲ្យ​ប្រមូលផ្តុំ​នេះ គឺ​ដើម្បី​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ រដ្ឋបាល​ខណ្ឌចំការមន នៅមាន​ហេតុផល​ផ្សេង​ទៀតថា   យោងតាម​ស្មារតី​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី អ្នក​ដែល​ចង់​សម្តែង​មតិ ត្រូវ​ទៅ​ជួបជុំ​នៅ​ទីលាន​ប្រជា​ធិ​តេ​យ្យ​។ 
 
​ហេតុផល​មួយទៀត​របស់​រដ្ឋបាល​ខណ្ឌចំការមន ដែល​មិន​ឲ្យ​ប្រមូល​ផ្តុំគ្នា​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច គឺ ដោយសារតែ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុង​រាលដាល​ជា​សាកល ហើយ​ក្រ​សួង​សុខាភិបាល​កម្ពុជា បាន​បិទ​ការជួបជុំ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស​។ 
 
​រដ្ឋបាល​ខណ្ឌចំការមន បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋបាល​ខណ្ឌ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា [​នោះទេ​]»​។ 
 
​ដូច​ការព្រមាន​មែន រដ្ឋបាល​ខណ្ឌចំការមន មិន​បណ្តោយ​ឲ្យ​ព្រះសង្ឃ​និង​ក្រុមយុវជន បន្ត​ប្រមូល​ផ្តុំគ្នា​យូរ នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​ឡើយ​។ កម្លាំង​សមត្ថកិច្ច បាន​ទៅ​បំបែក​ការប្រមូលផ្តុំ ហើយ​ប្រាប់​ព្រះសង្ឃ​និង​ក្រុមយុវជន ឲ្យ​ចាក​ចេញពី​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​។ 
 
​សហការី​របស់​សារព័ត៌មាន​ថ្មីៗ ដែល​ចុះ​ទៅដល់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​ផ្ទាល់ បាន​រាយការណ៍​ថា កម្លាំង​សមត្ថកិច្ច បាន​ឃាត់​យុ​វន​ម្នាក់ យកទៅ​សួរនាំ ប៉ុន្តែ​មិនទាន់ដឹង​ពី​អត្តសញ្ញាណ​នៃ​យុវជន​នោះឡើយ​។ យុវជន​នោះ ពាក់អាវ មាន​រូប​របស់លោក​ប​ណ្ឌិ​ត កែម ឡី​។ 


 
​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ លោក​បណ្ឌិត កែម ឡី បាន​ចូលទៅ​អង្គុយ​និង​ពិសា​អ្វី នៅក្នុង​ស្តារ​ម៉ាត់​នៃ​ស្ថានីយ៍​ប្រេង​ឥ​ទ្ទ​នៈ​កាល់​តិច ហើយក៏​ត្រូវ​ឃាតក បាញ់សម្លាប់​។ បុរស​ឈ្មោះ   អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​ចោទថា ជា​ឃាតក ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត​។ 
 
​ជួប សម្លាប់ បាន​សារភាពថា រូបគេ ពិតជា​បាន​បាញ់សម្លាប់​លោក​បណ្ឌិត​មែន ហើយ​លើក​មូល​ហេតុថា ព្រោះ​ខឹង​នឹង​លោក​បណ្ឌិត ដែល​ជំពាក់​លុយ​៣​ពាន់​ដុល្លារ ហើយ​មិន​សង​វិញ​។ រូបគេ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ 
 
​យ៉ាងណា មជ្ឈដ្ឋាន​ខ្លះ ជាពិសេស​អ្នកស្រី ប៊ូ រចនា ជា​ភរិយា​របស់លោក​បណ្ឌិត មិន​ជឿថា ជួប សម្លាប់ ជា​ឃាតក​នោះទេ​។ ពួកគេ រឹតតែ​មិន​ជឿថា លោក​បណ្ឌិត ជំពាក់​លុយ​ជួប សម្លាប់​។ ពួកគេ នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ ស្វែងរក​ឃាត​កពិត ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត យកទៅ​ផ្តន្ទាទោស​។ 

បច្ចុប្បន្ន អ្នកស្រី ប៊ូ រចនា និង កូនប្រុស​ទាំង​៥​នាក់ កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​៕ 





Tag:
 ខួប​៤​ឆ្នាំ​នៃ​ការបាញ់សម្លាប់​បណ្ឌិត កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com