អន្តរជាតិ
អាមេរិក​ផ្ដល់ប្រាក់ ១.៦០០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Novavax ឲ្យ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩
08, Jul 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖​ វ៉ាក់សាំងដែលមានបិទតែមថា «វ៉ាក់សាំងកូវីដ១៩» ក្នុងរូបថតមួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖​ វ៉ាក់សាំងដែលមានបិទតែមថា «វ៉ាក់សាំងកូវីដ១៩» ក្នុងរូបថតមួយកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ចុះកិច្ចសន្យា​ផ្ដល់ប្រាក់​ចំនួន ១.៦០០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Novavax, Inc. ឲ្យ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​។​

 
​ការចុះកិច្ចសន្យា​ផ្ដល់ប្រាក់​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​ក្រុមហ៊ុន​ដែលមាន​ទីស្នាក់ការ​នៅ​រដ្ឋ Maryland នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​ធំ​បំផុត​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុងការ​បង្កើនល្បឿន​ការផលិត​វ៉ាក់សាំង​និង​វិធី​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។ 
 
​លោក Stanley Erck នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Novavax នេះ គ្រោង​នឹង​ចាប់ផ្ដើម​ចែកចាយ​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូ​ស​នៅក្នុង​ត្រីមាស​ទី​បួន​ឆ្នាំនេះ​។ លោក​ថ្លែងថា គម្រោង​នេះ​ប្រហែលជា​នឹង​បញ្ចប់​នៅ​ខែមករា ឬ​ខែកុម្ភៈ​ឆ្នាំ​ក្រោយនេះ​។​
 
​ក្រសួងសុខាភិបាល​និង​សេវា​ពលរដ្ឋ និង​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ​ថា ដោយសារតែ​រដ្ឋាភិបាល​សហព័ន្ធ​ជា​អ្នកផ្ដល់​ថវិកា​សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ ពួកគេ​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូ​ស​ពី​គម្រោង​ស្រាវជ្រាវ​នេះ​។​
 
​កិច្ចសន្យា​នេះ​ត្រូវធ្វើឡើង ខណៈដែល​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ កំពុងតែ​កើនឡើង​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក​ក៏​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក​ផងដែរ​។ កំណើន​ករណី​ឆ្លង​នេះ​បានធ្វើ​ឲ្យ​បណ្ដា​រដ្ឋ​និង​ទីក្រុង​មួយចំនួន​ដាក់​វិធាន​បិទ​សកម្មភាព​សង្គម​ជាថ្មីទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com