COVID-19
ជាតិ
អ្នកនាំពាក្យ៖«បើគ្មានវិធានការសក្តិសិទ្ធិរបស់រដ្ឋាភិបាលទេ រោងចក្រដែលបិទ អាចកើនកាន់តែច្រើន»
08, Jul 2020 , 12:50 pm        
រូបភាព
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ (រូបពីគណនីហ្វេសប៊ុក Heng Sour)
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ (រូបពីគណនីហ្វេសប៊ុក Heng Sour)
មិនមែនតែឆ្នាំ២០២០នេះទេ កាលឆ្នាំ២០១៩ ដែលមិនទាន់មានជំងឺកូវីដ-១៩ ក៏មានរោងចក្របិទទ្វារដែរ ហើយការនាំចេញផលិតផលផ្នែកវិស័យកាត់ដេរ ក៏មានការថយចុះ។ បើប្រៀបធៀបរវាងឆ្នាំ២០១៩និងឆ្នាំ២០២០ ការបិទរោងចក្រ និងការថយចុះនៃការនាំចេញផលិតផលក្នុងវិស័យកាត់ដេរនេះ មិនសូវមានគម្លាតឆ្ងាយពីគ្នានោះទេ។



លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បង្ហាញតួលេខថា ក្នុងឆមាសទី១ ឆ្នាំ២០២០ មានរោងចក្រ៤៥០ ក្នុងវិស័យកាត់ដេរ ដូចជា សម្លៀកបំពាក់ ស្បែងជើង និង កាបូក ជាដើម បានព្យួរការងារ និង មានរោងចក្រ៨៣ទៀត បានបិទទ្វារតែម្តង។ លោក បន្តថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ មានរោងចក្រ៧៥ បានបិទ។ លោក មិនបានបង្ហាញចំនួនរោងចក្រ ដែលព្យួរការងារ ក្នុងឆមាសទី១ ឆ្នាំ២០១៩ឡើយ។

ចំណែក ការនាំចេញផលិតផលនៃវិស័យកាត់ដេរកម្ពុជា ទៅក្រៅប្រទេស  ក្នុងឆមាសទី១ ឆ្នាំ២០២០ មានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ ហើយក្នុងឆមាសទី១ ឆ្នាំ២០១៩ ការនាំចេញផលិតផលនៃវិស័យកាត់ដេរ មានទំហំទឹកប្រាក់ជាង៣,៧លានដុល្លារ។ នេះបើតាមលោក ហេង សួរ ដដែល ដោយលោក បន្ថែមថា ការនាំចេញផលិតផលនៃវិស័យកាត់ដេរ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានថយចុះត្រឹម៥,៤ភាគរយប៉ុណ្ណោះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩។

លោក លើកមូលហេតុថា ការបិទរោងចក្រ និងការថយចុះនៃការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ គឺដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩ ហើយមិនមែនតែកម្ពុជាទេ គឺបណ្តាប្រទេសនានា លើពិភពលោកទាំងមូល ដែលរងផលប៉ះពាល់នេះ។ លោក និយាយថា ពេលជំងឺកូវីដ-១៩ កើតឡើង តម្រូវការនិងការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ ក៏ធ្លាក់ចុះ។

យ៉ាងណា បើតាមសម្តីរបស់អ្នកនាំពាក្យ មូលហេតុ ដែលធ្វើឲ្យរោងចក្របិទទ្វារ មិនសូវច្រើន ហើយការថយចុះនៃការនាំចេញចេញផលិតក្នុងវិស័យកាត់ដែរ មិនសូវមានទំហំធំ គឺដោយសារតែរដ្ឋាភិបាល ចាត់វិធានការបានល្អ។ លោក អះអាងថា វិធានការរបស់រដ្ឋាភិបាល បានជួយទប់ស្កាត់និងធានាការងាររបស់កម្មករនិយោជិតបានច្រើន។

ផ្ទុយមកវិញ បើរដ្ឋាភិបាល មិនបាចាត់វិធានការ ដូចជា មិនសម្រួលការធ្វើពាណិជ្ជកម្ម និង មិនសម្រួលបន្ទុកវិស័យឯកជន ជាដើម កម្មករនិយោជិតរាប់សិបម៉ឺនផ្សេងនាក់ទៀត អាចនឹងបាត់បង់ការងារទាំងស្រុងតែម្តង។

ក្នុងសន្និសីទព័ត៌មាន ស្តីពីវិធានការទ្រទ្រង់ ស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការងារ លើកពីគុណសម្បត្តិរបស់រដ្ឋាភិបាល យ៉ាងដូច្នេះថា៖«..ខ្ញុំ ក៏ចង់យកឱកាសនេះ ជម្រាបជូនទៅដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋឲ្យជ្រាបដែរថា ប្រសិនបើ គ្មានវិធានការស័ក្តិសិទ្ធិរបស់រដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងសេដ្ឋកិច្ច ដើម្បីកាត់បន្ថយនូវបន្ទុកវិនិយោគ ឬក៏រោងចក្រនេះទេ ចំនួន [រោងចក្រ] ដែលបិទ គឺថា អាចកើនច្រើនជាងនេះ។ ប៉ុន្តែ អ្វីជាការទប់ស្កាត់ជាអតិបរិមា ក្នុងការបិទនេះ ឃើញថា មានប្រសិទ្ធិភាព»។

ទោះមន្រ្តីរដ្ឋាភិបាលខាងលើ និយាយល្អបែបនេះក្តី តែកន្លងមក គេ ឧស្សាហ៍ឃើញ កម្មករនិយោជិត ចេញតវ៉ានិងសុំកិច្ចអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាល ដូចជា មានរោងចក្រខ្លះ បានបិទទ្វារ ដោយមិនបានទូទាំងប្រាក់សំណងជូនកម្មករនិយោជិត ជាដើម។ ទន្ទឹមនេះ មេសហជីព បង្ហាញក្តីកង្វល់ ដោយសារសង្កេតឃើញថា រោងចក្រកាន់តែ បានព្យួរការងារនិងបិទទ្វារ ហើយកម្មករនិយោជិត ក៏កាន់តែច្រើន បានបាត់បង់ការងារ។ 

ពេលជំងឺកូវីដ-១៩ ចាប់ផ្តើមផ្ទុះ និងបានរាលដាលមកដល់កម្ពុជា រដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមថវិកាប្រមាណ៣ពាន់លានដុល្លារ ដើម្បីទុកដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងបញ្ហាផ្សេងៗទៀត។

រដ្ឋាភិបាល បានឧបត្ថម្ភ៤០ដុល្លារ ដល់កម្មករនិយោជិតម្នាក់ៗ ដែលត្រូវព្យួរការងារ។ ពួកគេ ក៏ត្រូវទទួលបាន៣០ដុល្លារទៀតម្ចាស់រោងចក្រដែរ។

បន្ទាប់មក រដ្ឋាភិបាល បានបញ្ចេញសាច់ប្រាក់ឧបត្ថម្ភជាប្រចាំខែ ដល់អ្នកក្រីក្រីនិងជនងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ-១៩។ នៅរាជធានីភ្នំពេញ និងនៅទីប្រជុំជន ក្រៅរាជធានីភ្នំពេញ អ្នកក្រីក្រ ទទួលបានប្រាក់ឧបត្ថម្ភ១២ម៉ឺនរៀលក្នុងមួយគ្រួសារ ហើយនៅទីជនបទ ទទួលបាន៨ម៉ឺនរៀលក្នុងមួយគ្រួសារ។

ពួកគេ នៅទទួលបានប្រាក់ឧបត្ថម្ភជាលក្ខណៈបុគ្គលដែរ។

នៅរាជធានីភ្នំពេញ សមាជិកនៃគ្រួសារក្រីក្រកម្រិត១ (ក្រីខ្លាំង) ទទួលបានប្រាក់ឧបត្ថម្ភ៥ម៉ឺន២ពាន់រៀលក្នុងម្នាក់ៗ ឯសមាជិកនៃគ្រួសារក្រីក្រកម្រិត២ (ក្រីល្មម) ទទួលបានប្រាក់ឧបត្ថម្ភ៣ម៉ឺន៦ពាន់រៀល ក្នុងម្នាក់ៗ។

នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ សមាជិកនៃគ្រួសារក្រីក្រកម្រិត១ ទទួលបានប្រាក់ឧបត្ថម្ភ៤រៀលក្នុងម្នាក់ៗ ឯសមាជិកនៃគ្រួសារក្រីក្រកម្រិត២ ទទួលបានប្រាក់ឧបត្ថម្ភ២ម៉ឺន៨ពាន់រៀល ក្នុងម្នាក់ៗ។

នៅទីជនបទ សមាជិកនៃគ្រួសារក្រីក្រកម្រិត១ ទទួលបានប្រាក់២ម៉ឺន៤ពាន់រៀល ក្នុងម្នាក់ៗ ហើយសមាជិកនៃគ្រួសារក្រីក្រកម្រិត២ ទទួលបានប្រាក់១ម៉ឺន៦ពាន់រៀល ក្នុងម្នាក់ៗ។

ប្រមុខរដ្ឋាភិបាល ប្រកាសថា ទោះជួបការលំបាកយ៉ាងណា ក៏មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់បាយស្លាប់ដែរ៕

Tag:
 COVID-19
  ហេង សួរ
  កម្មករនិយោជិត
  វិស័យកាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com