នាថ្ងៃនេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើម ជ្រើសរើសកីឡាករសម្រាប់ចូលរួម នៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះ ទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។
កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះ ដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែកក្កដា។
ក្រុមនាំមុខគេទាំង ១០ នៅក្នុងកម្មវិធីប្រកួត Wild Card នឹងអាចបន្តចូលរួមព្រឹត្តិការណ៍ប្រកួត The Rules of Survival KH Cup Season 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែសីហា។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន (Ian Watson) បានឱ្យដឹងថា ការប្រកួតតាមប្រព័ន្ធអនឡាញនេះ ប្រាក់រង្វាន់សរុបរហូតដល់ទៅ ៥០ លានរៀល ហើយតាមរយៈប្រាក់រង្វាន់ដ៏ច្រើននេះ ច្បាស់ជាអាចទាក់ទាញកីឡាកររាប់រយនាក់ ពីទូទាំងប្រទេសកម្ពុជា មកចូលរួមប្រកួតប្រជែងយ៉ាងជក់ចិត្ត ជាមិនខាន។
លោក វ៉ាតសុន បានបន្តឱ្យដឹងទៀតថា ការប្រកួតនេះ អាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានការសហការគ្នា យ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុនសែលកាត សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង NetEase ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្ស របស់ប្រទេសចិន។
លោក វ៉ាតសុន បន្តថា៖ «មកទល់ពេលនេះ យើងបានធ្វើការរួមគ្នា ជាមួយ EFC និង NetEase អស់រយៈពេលជិតពីរឆ្នាំមកហើយ ដើម្បីបង្កើតសហគមន៍កីឡាករក្នុងស្រុក និងដើម្បីជួយគាំទ្រដល់កីឡាករខ្មែរឱ្យមានឱកាស អាចចូលរួមនៅក្នុងកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិបាន។ កាលពីខែមេសាកន្លងទៅ យើងបានបង្កើត PlayGame ដែលជាកម្មវិធី Virtual Gaming ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីប្រកួតតាមអនឡាញ ខណៈដែលពួកយើង កំពុងរង់ចាំការអនុញ្ញាត ឱ្យរៀបចំការប្រកួតនៅក្នុងទីលានផ្ទាល់បាន»។
លោក វ៉ាតសុន បានគូសបញ្ជាក់ទៀតថា ចំនួនកីឡាករ ដែលបានចូលរួមនៅក្នុងកម្មវិធីហ្គេមដែលរៀបចំដោយក្រុមហ៊ុន សែលកាត មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលគឺជាក្រុមយុវវ័យ ដែលមានទម្លាប់ជួបជុំជាមួយមិត្តភក្តិ ក៏ដូចជាមានចំណូលចិត្តចូលរួម នៅក្នុងសហគមន៍ បើទោះបីការជួបជុំនោះ តាមរយៈរូបតំណាងក្តី។
លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលជួយគាំទ្រយ៉ាងសកម្មទៅលើវិស័យកីឡាអេឡិចត្រូនិក និងជាដៃគូទូរគមនាគមន៍ផ្តាច់មុខ របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុនសែលកាត នឹងខិតខំបន្តពង្រីកកម្មវិធីប្រកួតថ្នាក់ជាតិ ដើម្បីធានាបានថាកីឡាករកម្ពុជា អាចក្លាយជាតំណាងជាតិ ដើម្បីទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតធំៗ នៅក្នុងទ្វីបអាស៊ី។
នាពេលបច្ចុប្បន្ន នៅទូទាំងពិភពលោក កីឡាអេឡិចត្រូនិក បានក្លាយជាឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត។
ក្រុមហ៊ុនសែលកាត បានប៉ាន់ប្រមាណឃើញថា សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានអ្នកនិយមលេងហ្គេមប្រមាណជាង ២ លាននាក់ ខណៈដែលទីផ្សារជិតខាងដូចជា ប្រទេសថៃ មានចំនួន ១៥ លាននាក់ និងម៉ាឡេស៊ីមានចំនួន ១៤ លាននាក់។
សែលកាត ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកម្មវិធីប្រកួតធំៗ ចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩ ដោយក្នុងនោះបានទាក់ទាញក្រុមកីឡាករជាង ១០០០ ក្រុម មកចូលរួម។
ក្រៅពីក្រុមហ៊ុន Netease សែលកាត ក៏បានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយបណ្តាក្រុមហ៊ុនបង្កើតហ្គេមឈានមុខគេ នៅលើពិភពលោកផ្សេងៗទៀត ដូចជា Moonton and Tencent ដើម្បីនាំយកកម្មវិធីហ្គេមពេញនិយម ដូចជា Mobile Legends និង PUBG មកបម្រើជូនកម្សាន្ត ព្រមទាំងមានរៀបចំព្រឹត្តិការណ៍ប្រកួត យកប្រាក់រង្វាន់ ជូនដល់អ្នកគាំទ្រវិស័យហ្គេម នៅក្នុងប្រទេសកម្ពុជាទៀតផង។
ក្រៅពីកម្មវិធីហ្គេម សម្រាប់លេងកម្សាន្ត សែលកាត ក៏កំពុងយកចិត្តទុកដាក់ ទៅលើការផ្តល់ជូននូវកម្មវិធីអប់រំ តាមប្រព័ន្ធអេឡិចត្រូនិក ដ៏សម្បូរបែបផងដែរ។
លោក វ៉ាតសុន បានឱ្យដឹងថា ក្រុមហ៊ុន នឹងជម្រាបជូននូវគំនិតផ្តួចផ្តើម នៃគម្រោងសិក្សាតាមអេឡិចត្រូនិកនៅតាមសាលារៀន នាពេលឆាប់ៗខាងមុខនេះ។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖«ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តគ្រប់គ្រងដោយជនជាតិខ្មែរ ក្រុមហ៊ុនសែលកាត ប្តេជ្ញាជួយគាំទ្រដល់យុវជន ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សជុំវិញ និងក្រេបយកចំណេះដឹង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈដែលសាលារៀនត្រូវបានបិទ ក៏ដូចជាផ្តល់នូវភាពរីករាយ និងឱកាសដើម្បីអភិវឌ្ឍជំនាញថ្មីៗផងដែរ»។
«សែលកាត នឹងស្វាគមន៍អ្នក ដែលចូលរួមប្រកួតទាំងអស់ ហើយយើងសូមធានាថា ការប្រកួត និងកម្មវិធីហ្គេមរបស់យើង គឺបើកចំហសម្រាប់អ្នកគាំទ្រ វិស័យហ្គេមគ្រប់រូបតែម្តង។ យើងសូមលើកទឹកចិត្ត ឱ្យមានការចូលរួមលេងដោយយុត្តិធម៌ ពីព្រោះយើងជឿជាក់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរៀបចំកម្មវិធីប្រកួតហ្គេម ប្រកបដោយសុក្រិតភាព និងភាពថ្លៃថ្នូរ នៅក្នុងសហគមន៍របស់យើង»។
លោក វ៉ាតសុន មានប្រសាសន៍បន្តថា គោលដៅចុងក្រោយរបស់ សែលកាត គឺដើម្បីឱ្យប្រទេសកម្ពុជា មានភាពលេចធ្លោនៅក្នុងឆាកអន្តរជាតិ អាចផ្តល់នូវអាជីពដ៏ពិតប្រាកដមួយ និងផ្តល់នូវប្រាក់ចំណូលដ៏សមគួរ សម្រាប់ប្រជាជនខ្មែរ៕
(អត្ថបទពាណិជ្ជកម្ម)