ជាតិ
សម្ដេច ហ៊ុន សែន និង​សម្ដេច ស ខេង ប្រកាស​កម្ចាត់​មន្ត្រី​លោភលន់​ដីធ្លី , NGO គាំទ្រ តែ​មិន​ជឿជាក់​
08, Jul 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ មួយ​សប្ដាហ៍​មកនេះ មេដឹកនាំ​កម្ពុជា​ពីររូប គឺ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាប់ផ្ដើម​និយាយ​ពី​គំរូ​អាក្រក់​របស់​មន្ត្រី​មានអំណាច ដែល​លោភលន់​ដីធ្លី​។ មេដឹកនាំ​ទាំងពីរ​រូប ក៏​ព្រមាន​ចាត់វិធានការ​ក្តៅ​លើ​មន្ត្រី​ខិលខូច​ទាំង​នោះដែរ​។ សង្គម​ស៊ីវិល នឹង​តាមដាន​លទ្ធផល​ជាក់ស្ដែង នៃ​ការប្រកាស​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​នេះ​។​


​សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​៣ កក្កដា បានប្រកាស​អនុវត្ត​អភិក្រម​ទី​៥ ដែល​សំដៅលើ​ការវះកាត់​មន្ត្រី​ខិលខូច ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​។ ក្នុងន័យនេះ​សម្ដេច ក៏​បញ្ជា​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហាដីធ្លី ដោយ​ភាពយុត្តិធម៌ និង​ត្រឹមត្រូវ​ជូន​ពលរដ្ឋ ជាពិសេស​កម្ចាត់​មន្ត្រី ឬ​អ្នកមានអំណាច ដែល​រំលោភបំពាន​ដីធ្លី​ប្រជាពលរដ្ឋ​។ 
 
​សម្ដេច ក៏​ផ្ដាំ​មន្ត្រី​ទាំងនោះ ឱ្យ​ឈប់​ធ្វើបាប​ពលរដ្ឋ​ទឹកភ្នែក ដោយសារ​រឿង​ដីធ្លី​នេះ​ទៀត​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖ «​មន្ត្រី អ្នកមានអំណាច ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​»​។​
 
​កាលពី​ថ្ងៃទី​៧ កក្កដា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​យក​ឧកញ៉ា សង ថន និង លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ទៅ​ឃុំ​ជាប​ណ្ណោះ​អាសន្ន​។ អភិបាលរងខេត្ត​បាត់ដំបង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវបាន​ចោទ​៣​បទល្មើស គឺ បទ​បំផ្លាញ​ដោយ​ចេតនា បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក ហើយ​ឧកញ៉ា សង ថន ត្រូវបាន​ចោទ​២​បទល្មើស គឺ បទ​ផ្តើមគំនិត​គិត​ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា និង​គេង​បំបាត់​ដោយ​ទុច្ចរិត​។​
 
​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣ កក្កដា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តបាត់ដំបង ដកហូត​ដី​ពី​លោក​ឧកញ៉ា សង ថន ត្រឡប់មកវិញ​ដែរ​។ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង​គ្រប់គ្រង និង​រក្សាទុក​ដី​នោះ សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ ជា​លក្ខណៈ​ដី​សម្បទាន​សង្គមកិច្ច​ទៀតផង​។​
 
​ងាក​ចេញពី​ខេត្តបាត់ដំបង ទៅកាន់​ខេត្តមណ្ឌលគិរី​ឯណោះ​វិញ ក៏​កំពុងមាន​បញ្ហា​វិវាទ​ដីធ្លី​ដែរ​។ សម្ដេច ស ខេង ដែល​បានដឹង​ពី​បញ្ហា​ទំនាស់​ដីធ្លី​នេះ បាន​ស្នើឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​ចេញ​ប្លង់​មេ ឬ​ប្លង់គោល​ដីធ្លី​នៅ​តំបន់​នោះ ដើម្បី​ទប់ស្កាត់​បញ្ហាដីធ្លី​ខាងមុខ​។ បើតាម​សម្ដេច ស ខេង អ្នកមានអំណាច​ធំៗ កំពុង​សម្រុក​ទៅយក​ដី​នៅ​ខេត្តមណ្ឌលគិរី​ហើយ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​៧ កក្កដា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខាង​នគរូបនីយកម្ម ការរៀបចំ​ប្លង់គោល ប្លង់​នៅ​កន្លែង​មួយចំនួន ដែលជា​ប៉ូល​អភិវឌ្ឍន៍​អីហ្នឹង បើ​យើង​មិន​គិតពី​ឥឡូវ​ទៅ ច្របូកច្របល់​អស់ហើយ ហើយ​ទៅមុខ​មិន​ងាយ​កែ​ទេ មិន​ងាយ​កែ​ហ្មង​។ ឥឡូវ​ឧទាហរណ៍​កំពង់សោម វា​ទៅ​អ៊ីចឹង​ហើយ​(​បញ្ហាដីធ្លី​) ឥឡូវ​កែ​បាន​បណ្ដើរៗ​ហើយ​។ ខេត្ត​ម​ណ្ដ​ល​គិរី ឧទាហរណ៍​អ៊ីចឹង ដែលថា​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដែរ ឥឡូវ​នាំគ្នា​ទៅ​ចាប់ដី​កំពុង​មានរឿង​មិនទាន់​ដោះស្រាយ​ផង ហើយ​សុទ្ធតែ​(​អ្នកមានអំណាច​)​ធំៗ ប៉ុន្តែ​ប៉ុនណា​ខ្ញុំ​មិនដឹង​ទេ ដឹង​តែ​ធំៗ​»​។​
 
​កាលពី​ចុងខែ​មិថុនា តុលាការ​ក៏បាន​សម្រេច​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តមណ្ឌលគិរីជាប់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១​ពាន់​ហិកតា ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ លោក សេង សុវណ្ណារ៉ា ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តាម​សំណើ​​របស់​សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ដោយសារ​ករណី​ដីធ្លី​នេះ​។​
 
​សង្គម​ស៊ីវិល គាំទ្រ ប៉ុន្តែ​មិនទាន់​ជឿជាក់​១០០​ភាគរយ លើ​វិធានការ​ក្តៅ​របស់​រដ្ឋាភិបាល លើ​មន្ត្រី​មានអំណាច ដែល​កៀបសង្កត់ និង​រំលោភ​ដីធ្លី​ពលរដ្ឋ​ឡើយ​។ លោក សឹង សែន​ករុណា មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​កត់សម្គាល់ថា ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ចេញ​វិធានការ​ច្រើន​កន្លងមកហើយ ប៉ុន្តែ​ការអនុវត្ត​នោះ ហាក់​មិនសូវ​ជា​បាន​ផល​វិជ្ជមាន​ច្រើន ដូចជា​ការប្ដេជ្ញាចិត្ត​ឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សឹង សែន​ករុណា បាន​និយាយ​ដូច្នេះ​ថា​៖«​កន្លងមក​(​រដ្ឋាភិបាល​)​ក៏មាន​ការលើកឡើង​ច្រើន​មក​ដែរ ឧទាហរណ៍ ការប្រើ​កណ្ដាប់ដៃ​ដែក ជំនាន់​ស្ដារ​ប្រព័ន្ធយុត្តិធម៌​អី​ជាដើម ប៉ុន្តែ​អត់​ឃើញ​វា​(​ប្រព័ន្ធយុត្តិធម៌​ប្រែប្រួល​)​ទៅណា​ទេ ហើយ​បញ្ហា​ហ្នឹង​វា​ចេះតែ​នៅ​កើតមាន អំពើពុករលួយ ទំនាស់​ផលប្រយោជន៍ បក្ខពួកនិយម រើសអើង​ផ្នែក​នយោបាយ​ក្នុង​ប្រព័ន្ធតុលាការ​នៅតែមាន ទាំង​រឿង​ព្រៃឈើ​ក៏​អ៊ីចឹង​ដែរ​។ យើង​ឃើញ​នៅមាន​បញ្ហា​ច្រើន ប៉ុន្តែ​យើង​មិនដឹងថា តើ​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​លោក​មាន​វិធីសាស្ត្រ និង​យន្តការ​អ្វី​ថ្មី ក្នុងការ​ដោះស្រាយ​បញ្ហា​(​ដីធ្លី​)​ហ្នឹង ព្រោះ​ការលើកឡើង​កន្លងមក​អត់​មាន​ប្រសិទ្ធ​ភាពជា​បន្តបន្ទាប់​…»​។​
 
​ដ្បិត​មិនទាន់​ជឿជាក់​លើ​រដ្ឋាភិបាល​១០០​ភាគរយ​ក្តី ប៉ុន្តែ​លោក សឹង សែន​ករុណា ក៏​ទទួលស្គាល់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ពលរដ្ឋ​មួយចំនួន ក៏​ទទួលបាន​ពន្លឺយុត្តិធម៌​ខ្លះ​ហើយ ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​នេះ​។ «​ក្នុងពេល​ថ្មីៗ​ហ្នឹង ខ្ញុំ​បានឃើញ​សកម្មជន​ដីធ្លី​ខ្លះ នៅក្នុង​ខេត្ត​មួយចំនួន​ហ្នឹង​ត្រូវបាន​តុលាការ ធ្វើការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ហើយ ដូចជា​រឿង​នៅ​ខាង​បន្ទាយមានជ័យ ករណី​លោកស្រី ឡុង សុគ​ន្ធី ករណី​នៅ​ខាង​ព្រះវិហារ ករណី​ប្រជាពលរដ្ឋ​ត្រូវបាន​ក្រុមហ៊ុន​ប្ដឹង ហើយ​ត្រូវបាន​តុលាការ​ទម្លាក់ចោល​បទ​ចោទ​ទាំងស្រុង​។ អ៊ីចឹង​យើង​ឃើញ​មានការ​ដោះស្រាយ​នៅត្រឹម​តុលាការ​»​។ នេះ​ជាការ​មើលឃើញ​របស់​ម​ន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក ។​
 
​បើតាម​លោក សឹង សែន​ករុណា បញ្ហាដីធ្លី​ដែល​សមាគម​អាដហុក ស្រាវជ្រាវ​រកឃើញ​នោះ ភាគច្រើន​មាន​ជម្លោះ​រវាង​ពលរដ្ឋ​ជាមួយ​ឧកញ៉ា មន្ត្រី​មានអំណាច និង​ក្រុមហ៊ុន ដែល​រំលោភបំពាន​ដីធ្លី​ពួកគេ​។​
 
​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យ៉ាង​មធ្យ័ត​ថា ដំណាក់កាល​នេះ ជា​ពេលវេលា​ត្រូវ​វះកាត់ និង​កម្ចាត់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​ដី​ប្រជាពលរដ្ឋ តាមរយៈ​រូបភាព​ផ្សេងៗ​។ សម្ដេច ព្រមាន​ថា បុគ្គល​បែបនេះ​ត្រូវ​ផ្តន្ទាទោស ហើយ​ឈានទៅដល់​ការដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។​
 
​សង្គម​ស៊ីវិល នឹង​រង់ចាំ​តាមដាន​មើល​ការអនុវត្ត​ជាក់ស្ដែង​របស់​រដ្ឋាភិបាល​។ លោក សឹង សែន​ករុណា បាន​បញ្ជាក់ថា មន្ត្រី​សមាគម​អាដហុក ដែល​ធ្វើការ​លើ​រឿង​ដីធ្លី​នេះ នឹង​កត់ត្រា​រាល់​សមិទ្ធផល​ជាក់ស្ដែង​របស់​រដ្ឋាភិបាល ដែល​ប្ដេជ្ញា​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ​នេះ ដើម្បី​ចង់ដឹង​ពី​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​លើ​បញ្ហាដីធ្លី​នេះ មាន​ប្រសិទ្ធ​កម្រិតណា​។​
 
«​ក្រុមការងារ​របស់​ស​មា​គម​អាដហុក នឹង​កត់សម្គាល់​មើល​ចាប់ពីពេលនេះ​ទៅ ក្រោយ​ការ​ថ្លែង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​នេះ គឺ​ថ្ងៃក្រោយ​ទៅមុខទៀត យើង​នឹងធ្វើ​ការផ្ទៀងផ្ទាត់​ថា ក្រោយពី​ការប្រកាស​ហ្នឹង ករណី​ដីធ្លី​ក្នុង​របាយការណ៍​សមាគម​អាដហុក​មាន​ប៉ុន្មាន ដែល​រដ្ឋាភិបាល​ដោះស្រាយ​ហើយ ពលរដ្ឋ​ទទួលបាន​យុត្តិធម៌ និង​នៅសល់​ប៉ុន្មាន ដែល​មិនទាន់​ដោះស្រាយ មិនទាន់​ទទួលបាន​យុត្តិធម៌​។ យើង​នឹង​មានការ​ស្រង់​ព័ត៌មាន​ហ្នឹង​បន្តទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក ដែល​បាន​បន្ថែមថា បើ​រដ្ឋាភិបាល​ដាក់ចេញ​ចំណាត់ការ​បែបនេះ លុះត្រាតែ​រដ្ឋ​មានការ​ស្រាវជ្រាវ​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ផ្ដល់​ប្រយោជន៍​ឱ្យ​អ្នកមាន​លុយ អំណាច ឧកញ៉ា និង​ក្រុមហ៊ុន​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហាដីធ្លី​នេះឡើយ​។​
 
​គិត​ចាប់តាំងពី​ឆ្នាំ​២០០៣ ដល់​ខែសីហា ឆ្នាំ​២០១៩ គណៈកម្មការ​សុរិយោដី នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានទទួល​ពាក់​បណ្ដឹង​ជិត​៩​ពាន់​ករណី ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ជាង​៤​ពាន់​ករណី និង​ទម្លាក់ចោល​ពាក់​បណ្ដឹង​ក្រោយ​ស៊ើបអង្កេត​ជិត​៣​ពាន់​ករណី និង​ម្ចាស់​ដក​ពាក្យបណ្ដឹង​វិញ​ជិត​៩០០​ករណី​។ ចំណែក​ពាក្យបណ្ដឹង​ដីធ្លី ដែល​ពលរដ្ឋ​ឡើង​ដាក់​ដល់​ក្រសួង​រៀបចំ​ដែនដី​ផ្ទាល់ នៅត្រឹម​ខែសីហា ឆ្នាំ​២០១៩ មាន​ជិត​២​ពាន់​ករណី ក្នុងនោះ​ដោះស្រាយ​ជិត​៥០០​ករណី (​ដោះស្រាយ​បញ្ចប់​ជិត​២០០​ករណី​) ហើយ​ក្រសួង​ធ្វើលិខិត​ឆ្លើយតប​ទៅ​ម្ចាស់​ពាក្យបណ្ដឹង និង​ប​ង្វេ​រ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជិត​៣០០​ករណី និង​បន្តដំណើរ​ការដោះស្រាយ​ជិត​១៥០០​ករណី​។ រីឯ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ក៏​ទទួលបាន​ពាក្យបណ្ដឹង​ជាង​១៨០០​ករណី​ដែរ ហើយ​ដោះស្រាយបាន​ជាង​១៧០០​ករណី និង​បន្ត​ដោះស្រាយ​ជាង​១០០​ករណី​។ នេះ​បើតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី ដែល​សារព័ត៌មាន​ថ្មីៗ ទទួលបាន​កន្លងមក​៕
 

Tag:
 ហ៊ុន សែន​
  ស ខេង​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com