ភ្នំពេញ៖ ក្នុងបរិបទកូវីដ-១៩ ការបង្រៀនតាមប្រព័ន្ធអនឡាញ បានក្លាយជានិន្នាការទូទៅនៅលើសកលលោក រួមទាំងកម្ពុជាផងដែរ។ ប៉ុន្តែគ្រូមួយចំនួនដែលបង្រៀនតាមអនឡាញ បានត្អូញត្អែរករណីសិស្សដែលចូលរៀនមិនបានគ្រប់ចំនួន ខណៈគ្រូដែលចុះបង្រៀនសិស្សដល់ផ្ទះ មិនសូវបារម្ភនោះឡើយ។
អ្នកគ្រូ ជា ចាន់ណា ដែលបង្រៀនគណិតវិទ្យានៅវិទ្យាល័យអារញ្ញសាគរ CSC ខេត្តសៀមរាប ដល់សិស្សថ្នាក់ទី១០ បានបញ្ជាក់ថា ក្នុងចំណោមសិស្សចំនួនជិត១០០នាក់ ដែលអ្នកគ្រូបង្រៀនតាមអនឡាញ គឺមានតែសិស្សចំនួន៥០នាក់ប៉ុណ្ណោះ ដែលនៅរៀនទៀងទាត់ រីឯពាក់កណ្តាលទៀត អ្នកខ្លះក៏អវត្តមានដោយគ្មានច្បាប់ ហើយខ្លះទៀតផ្អាកការសិក្សាបណ្តោះអាសន្ន។
អ្នកគ្រូ បានឲ្យដឹងថាសិស្សដែលមិនបានចូលរៀនទៀងទាត់ ដោយសារពួកគេត្រូវជួយរកចំណូលសម្រាប់ឪពុកម្តាយដែលខ្វះខាតក្នុងអំឡុងវិបត្តិកូវីដ-១៩ដោយភាគច្រើនជាសិស្សស្រី។ ចំណែកសិស្សមួយចំនួនដែលតែងមានវត្តមាននៅម៉ោងរៀនជាមួយអ្នកគ្រូ ភាគច្រើនជាសិស្សដែលខិតខំរៀន មានទូរសព្ទ និងឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់សម្រាប់សិក្សាអនឡាញ។
សកម្មភាពការសិក្សារបស់កុមារនៅតាម ផ្ទះ ដែលបង្រៀនដោយលោកគ្រូ យ៉េង វាសនា រូបភាពពីលោកគ្រូ យ៉េង វាសនា
«សិស្សខ្លះគាត់អត់មានទូរសព្ទប្រើ សិស្សខ្លះក៏ខ្ជិល សិស្សខ្លះគាត់រៀនពូកែ តែគាត់អត់ចូលរៀន។ សិស្សខ្លះគាត់រវល់ជួយការងារឪពុកម្តាយរបស់ពួកគាត់។ ពួកគាត់ខ្លះអត់មានលុយបញ្ចូលសម្រាប់រៀន។ ណាមួយសិស្សដែលអត់ចូលរៀន គឺសិស្សដែលរៀនអត់សូវពូកែ។ មួយវិញទៀត គាត់គិតថាមុខវិជ្ជារបស់ខ្ញុំវាលំបាករៀន ទើបគាត់អត់ចូលរៀន»។ នេះជាការរៀបរាប់របស់អ្នកគ្រូ ជា ចាន់ណា។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគ្រូឯកទេសគណិតវិទ្យារូបនេះ តែងតែប្រាប់ទៅសិស្ស ឬអាណាព្យាបាលសិស្សតាមទូរសព្ទ ឬផ្ញើសារនៅក្នុងក្រុមតេឡេក្រាមរវាងសិស្ស និងអាណាព្យាបាលសិស្ស។ អ្នកគ្រូបញ្ជាក់យ៉ាងដូច្នេះថា៖«សិស្សខ្លះយើងបានហៅគាត់មករៀនវិញ។ ជួនកាលយើងបានអញ្ជើញមាតាបិតាគាត់មកជួប ដើម្បីសួរនាំពីគាត់ថាហេតុអ្វីបានជាគាត់អវត្តមានច្រើន»។
ចំពោះការបង្រៀនភាសាអង់គ្លេសថ្នាក់ទី១២ តាមអនឡាញរបស់អ្នកគ្រូ អ៊ូ សុផុន ក៏ទទួលបានសិស្សត្រឹមតែ១០នាក់ប៉ុណ្ណោះក្នុងចំណោមសិស្សជិត៥០នាក់។ អ្នកគ្រូ បញ្ជាក់ថា សិស្សប្រមាណ៨០ភាគរយគឺមិនបានចូលរៀនតាមអនឡាញជាមួយអ្នកគ្រូទេ ដោយសារតែសិស្សខ្លះគ្មានលទ្ធភាពរៀន និងសិស្សខ្លះទៀតរៀនមិនទាន់ ទើបពួកគេសម្រេចបោះបង់ការសិក្សាលើមុខវិជ្ជារបស់អ្នកគ្រូ។
គ្រូបង្រៀននៅវិទ្យាល័យតេជោហ៊ុន សែន បឹងកក់ ខេត្តកំពង់ចាមរូបនេះ បង្ហាញការព្រួយបារម្ភទៅលើសិស្សដែលឈប់រៀនមុខវិជ្ជារបស់អ្នកគ្រូដូច្នេះថា៖«ខ្ញុំបារម្ភពីពួកគាត់ដែរ។ ទោះបីមុខវិជ្ជានេះ រៀនគ្រាន់តែយកពិន្ទុ។ តែពេលគាត់ផុតទី១២ ទៅនោះ គឺពួកគេត្រូវការមុខវិជ្ជាភាសាអង់គ្លេសខ្លាំង ព្រោះ ពេលគាត់ត្រូវចូលរៀននៅតាមសកលវិទ្យាល័យ ឬតាមមុខជំនាញរបស់គាត់ ឬធ្វើការងារផ្សេងៗ។ ពួកគាត់អត់ទាន់យល់នៅត្រង់ចំណុចហ្នឹងទេ»។
ក្នុងរយៈពេលនៃការបិទសាលាកន្លងមក មានក្មេងស្រីមួយចំនួន មិនបានសិក្សាទៀងទាត់ ដោយពួកគេយកពេលវេលា ទៅជួយធ្វើការងារផ្ទះវិញ។ ក្មេងស្រីដែលងាកទៅធ្វើការងារផ្សេងៗ ក៏ជាហេតុនាំឲ្យពួកគេប្រឈមនឹងគ្រួសារបង្ខំឲ្យរៀបការ មានផ្ទៃពោះទាំងវ័យក្មេង រងអំពើហិង្សានៅក្នុងគ្រួសារ និង អំពើហិង្សាផ្លូវភេទ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយអង្គការ៦ដែលធ្វើការផ្តោតសំខាន់លើផ្នែកអប់រំកុមារ និងសិទ្ធិកុមារនៅកម្ពុជា រួមមាន Save the Children, Child World, Plan international Cambodia, Terre des Hommes, អង្គការភូមិកុមារ (SOS) និងអង្គការទស្សនៈពិភពលោកអន្តរជាតិ។
សកម្មភាពកុមារកំពុងរៀនតាមអនឡាញ រូបភាពពីលោក លាង វណ្ណធី ដែលបានផ្តល់ឲ្យសារព័ត៌មានថ្មីៗ
ទាក់ទងនឹងអវត្តមានសិស្សនៅពេលបង្រៀនសិស្សតាមអនឡាញ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងណែនាំឲ្យគ្រូបន្តតាមដានការសិក្សារបស់សិស្ស និងចុះទៅសម្របសម្រួលពីការរៀនរបស់សិស្សទៅតាមបណ្តុំតូចៗ តាមភូមិ និងតាមផ្ទះនីមួយៗ ដើម្បីបែងចែក និងប្រមូលសន្លឹកកិច្ចការឲ្យសិស្ស និងជំរុញឲ្យសិស្សខិតខំស្វ័យសិក្សានៅផ្ទះ។ ជាពិសេសណែនាំទៅអាណាព្យាបាលសិស្សឲ្យជួយពន្យល់ ដាស់តឿន និងបង្រៀនកូនបន្ថែមនៅផ្ទះ ដើម្បីកុំឲ្យកុមារបោះបង់ការសិក្សា។
ការរៀន និងការបង្រៀនតាមអនឡាញនៅតែបន្តអនុវត្តរហូតដល់ពេលដែលក្រសួងអប់រំប្រកាសពីការបើកសាលាឡើងវិញ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា សិស្សដែលគ្មានលទ្ធភាពរៀនតាមអនឡាញ ក្រសួងអប់រំបានឲ្យគ្រប់គណៈគ្រប់គ្រងសាលានីមួយៗរៀបចំ និងបែងចែកគ្រូបង្រៀនតាមមុខវិជ្ជានីមួយៗ ចុះទៅបង្រៀន និងពន្យល់មេរៀនដល់សិស្សផ្ទាល់តាមមូលដ្ឋាន។
«ចំពោះសិស្សដែលនៅដាច់ស្រយាលដែលគ្មានលទ្ធភាពទទួលបានអ៊ីនធឺណិតប្រើប្រាស់សម្រាប់រៀនតាមអនឡាញ។ គឺយើងនឹងប្រើវិធីសាស្ត្របុរាណ គឺការប្រមូលផ្តុំគ្នាតូចៗ ធ្វើស្វ័យសិក្សា ក៏ដូចជាដឹកនាំដោយគ្រូប្រចាំថ្នាក់ ឲ្យគាត់ជួយបន្តពន្យល់ និងបង្រៀនសិស្ស»។ នេះជាការលើកឡើងរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២២ ខែមិថុនា ក្នុងកម្មវិធីបើកការដ្ឋានជួសជុលអគារមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និង ការអប់រំពីចម្ងាយនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
សកម្មភាពការសិក្សារបស់កុមារនៅតាម ផ្ទះ ដែលបង្រៀនដោយលោកគ្រូ យ៉េង វាសនា រូបភាពពីលោកគ្រូ យ៉េង វាសនា
លោក យ៉េង វាសនា គ្រូបង្រៀនថ្នាក់មេត្តយ្យ នៅខេត្តកំពង់ចាម ដែលចុះទៅបង្រៀនកុមារផ្ទាល់ នៅតាមផ្ទះដែលដាច់ស្រយាល ត្រឹម៥នាក់ក្នុងរយៈពេល១ខែកន្លងទៅនេះ លោកសង្កេតឃើញថា ចាប់តាំងពីលោកចុះទៅបង្រៀនផ្ទាល់ជាមួយកុមារក្នុងភូមិមក គឺកុមារទទួលបានចំណេះដឹងបានច្រើនជាងពួកគេរៀនតាមអនឡាញ។
លោកគ្រូ វាសនា ដែលមានបទពិសោធបង្រៀនថ្នាក់មត្តេយ្យរយៈពេល៥ឆ្នាំ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលលោកគ្រូបានចុះទៅបង្រៀនផ្ទាល់ជាមួយកុមារតាមផ្ទះក្នុងរយៈពេល៥ម៉ោងក្នុងមួយថ្ងៃ ដូច្នេះថា៖«សិស្សភាគច្រើនគឺសុទ្ធតែខំរៀន ហើយឪពុកម្តាយសិស្សគឺសុទ្ធតែលើកទឹកចិត្តឲ្យកូនរៀនដែរ។ ពេលគាត់រៀនតាមអនឡាញ ពួកគេមិនដឹងថាត្រូវសួរពីណាគេទេ។ ពេលយើងចុះទៅបង្រៀនផ្ទាល់ គឺយើងដឹងថាគាត់ចេះបានកម្រិតណា»។
សម្រាប់អ្នកគ្រូ ឈិម វណ្ណារី ជានាយិកានៅបឋមសិក្សា ហ៊ុន សែន ត្បែងមានជ័យ ខេត្តព្រះវិហារ បានបញ្ជាក់ថា សាលាបានបែងចែកឲ្យគ្រូបន្ទុកថ្នាក់មួយចំនួន ចុះទៅបង្រៀនផ្ទាល់ជាមួយសិស្សក្នុងបរិមាណត្រឹមតែ១០នាក់ប៉ុណ្ណោះនៅតាមសហគមន៍ ឬតាមផ្ទះគ្រូ។
បើតាមអ្នកគ្រូ ឈិម វណ្ណារី សិស្សអាចជួបគ្រូម្តងបានតែ៣ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ តែយ៉ាងណា អ្នកគ្រូ វណ្ណារី នៅតែយល់ថាការបើកឱកាសឲ្យគ្រូចុះបង្រៀនសិស្សផ្ទាល់នេះ អាចឲ្យសិស្សសួរចំណុចមេរៀនដែលសិស្សមិនទាន់យល់។ អ្នកគ្រូរៀបរាប់ដូច្នេះថា៖«ដោយសារតែសិស្សច្រើន ដូច្នេះសិស្សអាចជួបគ្រូបានតែមួយសប្តាហ៍ម្តងទេ។ យើងចែកសន្លឹកកិច្ចការឲ្យគាត់។ ដូច្នេះពេលហ្នឹងគាត់ក៏អាចសួរយើងត្រង់ចំណុចដែលគាត់ឆ្ងល់ពេលដែលយើងចុះទៅបង្រៀនគាត់»៕