អន្តរជាតិ
ចិន ចង់​ឲ្យ​អាមេរិក​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​មក​ត្រឹម​កម្រិត​របស់ខ្លួន ទើប​ចូល​តុ​ចរចា​
09, Jul 2020 , 9:39 am        
រូបភាព
លោក Fu Cong ​ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន។ រូបភាព៖ Reuters
លោក Fu Cong ​ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន។ រូបភាព៖ Reuters
​មន្ត្រីការទូត​ជាន់ខ្ពស់​ចិន នៅ​ថ្ងៃទី​៨ ខែកក្កដា បាន​លើកឡើងថា ចិន អាច​នឹង​ចូល​តុ​ចរចា​ជាមួយ​អាមេរិក និង​រុស្ស៊ី ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន យល់ព្រម​កាត់បន្ថយ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ មក​ត្រឹម​កម្រិត​របស់​ចិន​នៅពេល​បច្ចុប្បន្ន​។ ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ចិន​បែបនេះ គឺ​សំអាងថា បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក មាន​ច្រើនជាង​ចិន​រហូតដល់​ទៅ​២០​ដង​ឯណោះ​។

  
​នាពេល​កន្លងមក ទីក្រុង​វ៉ាស៊ីនតោន តែងតែ​ហៅ​ចិន​ឲ្យ​ចូលរួម ក្នុង​តុ​ចរចា​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី (New START) ដែល​គ្រោង​នឹង​អស់​សុពលភាព នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខ​។ អាមេរិក មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​នេះឡើយ ព្រោះ​ចិន​មិនមែនជា​ភាគី​នៃ​សន្ធិសញ្ញា​នេះ​។ ម្យ៉ាង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​មិន​ចង់​ចរចា​សន្ធិ​ស​ញ្ញ​នេះដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេងឆ្នោត​។ 
 
​ទាក់ទិន​នឹង​បញ្ហា​អាមេរិក​ហៅ​ចិន​ឲ្យ​ចូល​តុ​ចរចា​សន្ធិសញ្ញា​នេះ លោក Fu Cong ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ នៃ​ក្រសួងការបរទេស​ចិន បាន​អះអាងថា ចិន មិន​ចង់​ចូលរួម ក្នុង​តុ​ចរចា​ជាមួយ​អតីត​មហាអំណាច​សម័យ​សង្គ្រាមត្រជាក់​ទាំងពីរ​ទេ ព្រោះ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​មាន​តិច​ណាស់ ពោលគឺ​តិចជាង​អាមេរិក​រហូតដល់​ទៅ ២០​ដង​ឯណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​យ៉ាងណាក៏ដោយ មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ បាន​បន្តថា ចិន​នឹង​ចូល​តុ​ចរចា ប្រសិនបើ​អាមេរិក អាច​កាត់បន្ថយ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​មក​ត្រឹម​កម្រិត​របស់​ចិន​។ ក្នុងន័យនេះ វា​មិនអាច​ទៅរួច​ឡើយ​សម្រាប់​អាមេរិក ក្នុងការ​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែលមាន​រាប់ពាន់​គ្រាប់ មក​ត្រឹម​កម្រិត​របស់​ចិន ដែលមាន​ចំនួន ជាង ៣០០​គ្រាប់​នោះ​។ 
 
​ក្រៅពីនេះ លោក Fu ក៏បាន​លើកឡើង​ពី​ចេតនា​របស់​អាមេរិក​ក្នុង​ហៅ​ចិន​ឲ្យ​ចូលរួម​ក្នុង​កិច្ចចរចា​សន្ធិសញ្ញា New START នេះ​ផងដែរ​។ បើតាម​លោក Fu ការហៅ​ចិន​ឲ្យ​ចូល​តុ​ចរចា​នេះ គឺ​គ្រាន់តែ​ជា​លេស​សម្រាប់​អាមេរិក ដើរ​ចេញពី​កិច្ចចរចា​តែប៉ុណ្ណោះ ព្រោះ​អាមេរិក​ដឹងថា ចិន​មិនអាច​ចូលរួមបាន​។ ជាមួយគ្នានេះ លោក Fu បាន​ចោទ​អាមេរិក​ថា គោលដៅ​របស់​ទីក្រុង​វ៉ាស៊ីនតោន គឺ​ទាត់​ចោលការ​រឹតត្បិត​ទាំងអស់ ដើម្បី​ស្វែងរក​ឧត្តមភាព​យោធា​លើ​ប្រទេស​ជាស​ត្រូវ​ដទៃ​។
 
New START គឺជា​សន្ធិសញ្ញា​រវាង​អាមេរិក និង​រុស្ស៊ី ស្តីពី​ការកាត់បន្ថយ​អាវុធ​វាយប្រហារ​ជា​យុទ្ធសាស្ត្រ ដែល​បាន​ចូល​ជា​ធរមាន​នៅក្នុង​ឆ្នាំ​២០២១​។ សន្ធិសញ្ញា​ថ្មី ដែល​យក​ចំណុច​សំខាន់​មួយចំនួន​ចេញពី​សន្ធិសញ្ញា START ឆ្នាំ​១៩៩១ បានកំណត់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ត្រឹម​១៥៥០ សម្រាប់​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​បំពាក់​លើ​នាវាមុជទឹក ខណៈ​ចំនួន​មី​ស៊ី​ល​ទាំងពីរ​ប្រភេទ​នេះ​ទៀតសោត ត្រូវ​កំណត់​ត្រឹម ៧០០​ដើម និង​កម្រិត​បរិមាណ​អាវុធ​មួយចំនួនទៀត​។​
 
​ដោយ​ផ្អែក​ទៅតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm (SIPRI) នៅក្នុង​ឆ្នាំ​២០២០ អាមេរិក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​សរុប​ចំនួន​៥៨០០ គ្រាប់ ចំណែក​រុស្ស៊ី​មាន​ក្បាល​គ្រាប់​ចំនួន​៦៣៥៧ ខណៈ​ចិន​មាន​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ត្រឹមតែ ៣២០​ប៉ុណ្ណោះ​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ អាមេរិក និង​រុស្ស៊ី បាន​កាត់បន្ថយ​ចំនួន​នុយក្លេអ៊ែរ​ខ្លះ ខណៈ​ចិន​កើនឡើង​។ សម្រាប់​ឆ្នាំ​២០១៩ អាមេរិក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មាន​៦១៨៥​គ្រាប់ ចំណែក​រុស្ស៊ី​មាន​ចំនួន ៦៥០០​គ្រាប់ ខណៈ​ចិន​មាន​ចំនួន ២៩០​គ្រាប់​៕ 

Tag:
 ចិន​
  អាមេរិក​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com