សំណួរ៖ ខ្ញុំបានសង្កេត--មិនមែនមួយភ្លែត--តែច្រើនឆ្នាំហើយ
ឃើញអ៊ំកវី--លកលៃមិនស្បើយ--សរសេរឆ្លងឆ្លើយ
កាព្យតាមហ្វេសប៊ុក។
ហេតុអ្វីបែបនេះ--ខំប្រឹងគិតរិះ--ចារពាក្យទំនុក--ចេញជាកំណាព្យ
ប្រាយប្រាប់សុខទុក្ខ--ឬចង់លើកមុខ--អក្សរសាស្ត្រជាតិ?
កវី អ៊ីវ ហួត៖ ចិត្តចង់ថែកាយឲ្យនៅតែមានសម្រស់ដូចកាលវ័យក្មេង..! (កាកគតិ)
១. ចូលចិត្តសរសេរ--ច្រើនដងម្ល៉េះទេ--ស្ទើរតែរាល់ថ្ងៃ
ចូលរួមសុខទុក្ខ--ហ្វេសប៊ុកប្រាស្រ័យ--ផ្ទឹមផ្ទេរមេត្រី
ទ័យ Friends សាទរ។
២. អ្វីក៏មានហេតុ--បើចង់សង្កេត--កើតរឿងជូនពរ
សុខភាពកាយចិត្ត--គំនិតស្និទ្ធទ្រ--សព្វទ្រព្យវប្បធម៌
អង្គរនិម្មិត។
៣. ខ្ញុំមានបញ្ហា--សុខភាពកាយា--គ្រាណាល្អពិត
ប៉ែតសិបពេញហើយ--នៅឡើយគំនិត--ព្រមទាំងទឹកចិត្ត
គិតថាខ្លួនចាស់។
៤. តើធ្វើម្តេចទៅ--ចង់ដើរគេចផ្លូវ--ត្រូវម្តុំចំណាស់
ទោះវ័យកើនមែន--កេណ្ឌចិត្តដេរដាស--ចង់តែប្រកាស
យុទ្ធសាស្ត្រនៅក្មេង។
៥. ថែបានខ្លះដែរ--ចំណង់ដង្ហែ--ក្បែរចិត្តស្និទ្ធភ្លេង
តន្ត្រីកំណាព្យ--ឆាបចិត្តគេឯង--បើប៉ិនតុបតែង
ចារចែងបែងសារ។
៦. ពេលតែងពីរោះ--ក្នុងចិត្តពិគ្រោះ--ស្មោះសរច្រើនសារ
រៀបពាក្យបានល្អ--បង្កចេតនា--ផ្ចិតផ្ចង់រចនា
អារម្មណ៍រីករាយ។
៧. សង្កេតឃើញទៀត--កាលខ្លះឆ្លាស់ឆ្លៀត--វាតវង្សនិយាយ
ចិញ្ចឹមសង្ឃឹម--ញញឹមពព្រាយ--ក្នុងចិត្តសប្បាយ
សាយដល់អ្នកអាន។
៨. តែវ័យនៅនឹង--រាំងផ្លូវត្រូវទ្រឹង--ថ្លឹងក្នុងសន្តាន
ចិត្តគិតទ្រទ្រង់--ចំណង់អំណាន--បម្រុងក្នុងប្រាណ
សុខសាន្តបានដែរ។
៩. សៀវភៅជួយគ្រាន់--អានពុំធុញទ្រាន់--គន់ហេតុផល..ថែ
វប្បធម៌ទូទៅ--បើកផ្លូវនៅក្បែរ--ព្រឹត្តិការណ៍ហូរហែ
មន្តស្នេហ៍សាវតារ។
១០.សប្បាយចិត្តណាស់--ព្រោះចង់ដឹងច្បាស់--យុទ្ធសាស្ត្រខេមរា
មូលហេតុអ្វីខ្លះ--ដេរដាសខ្លាំងក្លា--ជាតិខ្មែរស្ថាបនា
'មហានគរ'។
១១. រឿងពុំតូចតាច--ត្រូវតែអង់អាច--មិនខ្លាចបន្ត
តាមដានបានខ្លាំង--សម្រាំងបង្ក--អានច្រើនស្មោះសរ
ប្រវត្តិសាស្ត្រលោក។
១២. ឆ្ងល់ក្នុងចិត្តណាស់--ហេតុអ្វីប្តូរផ្លាស់--ប្រវាស់ឆ្លាស់ភោគ
ជាតិខ្មែរធ្លាប់ខ្លាំង--ទាំងសង់គរគោក--ចក្រភពជ័យជោគ
បូកបានអរិយ។
១៣. ងឿងឆ្ងល់បន្ត--ចង់ស្គាល់អង្គរ--ភពទ្រនិស្ស័យ
មិនឃើញតែថ្ម--ប្រាង្គឈរឥតស្តី--និទានរឿងអ្វី
ប្រាប់ន័យឲ្យដឹង។
១៤. ពេលឃើញទេសចរ--បរទេសមានក្រ--សរសើរសម្លឹង
មកពីជើងមេឃ--ក្រឡេកជញ្ជឹង--នាំអាទិ៍ស្មាធស្មឹង
សឹងស្គាល់សួគ៌សារ។
១៥. ចង់យល់ឆ្ងល់ឆ្ងាយ--ប្រៀបធៀបអន្លាយ--នាយអាយសាវតារ
រ៉ូម.ចិន.ឥណ្ឌា-- ទារតាមសិក្សា--ចក្រភពខេមរា
ចារប្រវត្តិជ័យ។
១៦. រឿងកើត.ចាស់.ស្លាប់--ហូរហែលំដាប់--ជាច្បាប់លោកិយ
មូលហេតុថ្កុំថ្កើង--ខ្ពស់ឡើងលើដី--ចុះទាបសាថ្មី
លៃរកហេតុរៀន។
១៧. មិនមានតែខ្មែរ--ចិន.ឥណ្ឌាដែរ-- រ៉ូម..ថែនិទាន
កាលៈទេសៈ--ប្រទាក់ជាយាន--វិទ្យាសាស្ត្រឈាន
គ្មានអ្វីទប់ជាប់។
១៨. តាមដានសិក្សា--យុទ្ធសាស្ត្រច្បាស់ច្បារ--ហេតុការណ៍ផ្សាភ្ជាប់
អាណាចក្រថ្មី-- 'ប្រល័យ'លៃរាប់--ប្រើជាទម្លាប់
រាប់ទាំងសៀម.យួន។
១៩. មូលហេតុក្រៅក្នុង--បន្ទុំបម្រុង--ត្រូវប្រុងខ្ជាប់ខ្ជួន
រៀនហើយបង្រៀន--ឲ្យមានជាក្បួន--រៀបចំមាំមួន
ស្ងួនធនធានមនុស្ស។
២០. ចំណេះគ្រប់គ្នា--វប្បធម៌ធានា--ជាគ្រឹៈបណ្តុះ
ធនធានបញ្ញា--ស្ថាបនាចម្រុះ--ឃើញអង្គរផុស
ដុះដាលក្នុងចិត្ត។
២១. សាវតារវគ្គថ្មី--អឺរុបនាំន័យ--ជ័យពេញលោកពិត
បារាំងមកដល់--តម្កល់ជីវិត--ជាតិខ្មែរថែឫទ្ធ
ឥតភ្លេចអង្គរ។
២២. សម័យនេះដែរ--ទឹកដីស្រុកខ្មែរ--រួមថែស្មោះសរ
ធនធានបញ្ញា--ខ្លាំងក្លាបង្ក--គ្រោងយុទ្ធសាស្ត្រល្អ
នគររស់រាន។
២៣. ជាតិត្រូវតែរស់--ខ្មែររួមពិគ្រោះ--ដោះស្រាយអាយឈាន
កសាងសីមា--ខ្លាំងក្លាជាស្ពាន--អង្គរនិទាន
ធនធានបញ្ញា។
២៤. ចេះឆ្ងល់ចេះគិត--សិក្សាពិនិត្យ--ស្និទ្ធហេតុផលស្តារ
ខ្មែរពង្សអង្គរ--សាទរសាវតារ--រចនាស្ថាបនា
អនាគតជាតិ។
២៥. ជាតម្រូវការ--ជាតិមានសង្ខារ--សាទរណាស់ញាតិ
ចេះដឹងថ្លឹងថ្លែង--ស្វះស្វែងបែងវាត--ចេះគិតឥតឃ្លាត
ឆ្លៀតរស់ក្នុងលោក។
២៦. រស់ជាពង្សខ្មែរ--គិតគូរពូកែ--ហេតុតែចែវចូក
មូលហេតុជាតិខ្លាំង--សម្រាំងគុណបូក--អង្គរជ័យជោគ
ជាស្នូកវាសនា។
២៧. លើលានអាស៊ាន--ជាតិខ្មែរជាស្ពាន--ឈានដល់លោកា
នឹងចិន.ឥណ្ឌា--គ្រប់គ្រាពិចារណ៍--អាមេរិកា
អាស៊ី.អឺរុប។
២៨. កោសល្យសង់សាង--ប្រាសាទត្រដាង--'អាងទឹក'បង្គ្រប់
'ប្រព័ន្ធទឹក'ថ្លា--ខេមរាបានជប--ចេញពីទិសគ្រប់
សរុបគ្រប់គ្រង។
២៩. កសាងអង្គរ--បំផុសវិញល្អ--បន្តសាសង
ជាទិសដៅធំ--សម្រាប់លោកផង--ទេសចរណ៍លោកក្រង
បំណងជាតិខ្មែរ។
៣០. ចេះគិតគ្រប់គ្នា--នេះជាវិជ្ជា--ធានាហូរហែ
ពេលមានបញ្ហា--ដោះសារបកប្រែ--ឲ្យជាតិពូកែ
ត្រឹមតែសុខសាន្ត។
៣១. ជាភារកិច្ច--ត្រូវគិតជានិច្ច--កុំគេច..ត្រូវហ៊ាន
ជាអាទិភាព--សូមជ្រាបគ្រប់ប្រាណ--ស្ថាបនាឲ្យបាន
ចំណានខេមរា។
៣២. គិតជាកវី--បើពុំគប្បី--ប្រណីផងណា៎
ហេតុចង់នៅក្មេង--ពុំក្រែងវាចា--ជាក្បាច់រចនា
ចារល្បះ'ល្បែងពាក្យ'។
៣៣. ពិតណាស់ច្បាស់ផង--សរសេរសាសង--ជួនល្បងពុះច្រៀក
អារម្មណ៍សប្បាយ--រីករាយបង្កៀក--ចេញជាវិភាគ
ងាកផ្ទេរមេត្រី។
៣៤. ចំណែកខ្ញុំបាទ--ស្មារតីសង្វាត--នាំអាទិ៍លកលៃ
តែងល្បះឆ្លាស់ឆ្លង--ណែងណងក្រងន័យ--កាព្យឃ្លោងយោងទ័យ
ស្រមៃវ័យស្រាល។
៣៥. ភ្លេចថាខ្លួនប៉ែត--មិនមែនកូនង៉ែត--អណ្តែតកណ្តាល
វ័យលាស់លឿនគ្រាន់--ភាន់តិចបណ្តាល--ទ័យតែងត្រកាល
ជាថ្នាលគំនិត។
៣៦. សរសេរសប្បាយ--ភ្លេចអស់ទុក្ខកាយ--មិនណាយក្នុងចិត្ត
គ្មានពេលអផ្សុក--ទ័យសុខរកគិត--រឿងច្នៃប្រឌិត
មានឫទ្ធរចនា។
៣៧. គិតជាវិជ្ជមាន--រឿងស្មុគ្រមិនហ៊ាន--និទានពិស្តារ
វិភាគរាក់ជ្រៅ--ជ្រើសផ្លូវពិចារណ៍--ចៀសពាក្យហឹង្សា
កាយាចារស្ងប់។
៣៨. ចង់សរសេរទៀត--ប្រើទ័យលៃឆ្លៀត--វាតវង្សអានចប់
សៀវភៅមិនក្រាស់--ឆ្លាស់ឆ្លងកំណប់--ភាពប៉ិនប្រសប់
មិនស្អប់ចិត្តខំ។
៣៩. លទ្ធផលយល់ស្តែង--ក្រោយគ្រាបានតែង--រមែងសន្សំ
ទឹកចិត្តរីករាយ--នាយអាយមកជុំ--អារម្មណ៍ថាខ្ញុំ
ពុំចាស់ពេកទេ។
៤០. រកឃើញគន្លឹះ--យុទ្ធសាស្ត្រជ្រើសរើស--ពុំទើសសំណេរ
សរសេរបានញឹក--ប៉ិនថ្នឹកដូចគេ--ចេះក្បួនរិះរេ
សរសេរមិនដាច់។
៤១. ត្រូវរកឃើញក្បួន--តែងបានជាប់ចួន--សមសួនក្បូរក្បាច់
'ល្បែងពាក្យ'ផ្សំផ្គុំ--សន្សំសម្រេច--សាកល្បងត្រូវម៉ាច់
មិនបាច់ពិបាក។
៤២. 'ល្បែងពាក្យ'ជួយណាស់--រៀបពេចន៍លេចច្បាស់--ដេរដាសពុំផ្អាក
ពាក្យរត់រកពាក្យ--បង្កៀកក្រោយសាក--សន្សំសំណាក
រក្សាសំណេរ។
៤៣. កាព្យាខេមរា--កាលណារចនា--សាសងរិះរេ
កាព្យខ្មែរពីរោះ-- ជាយសគ្រប់ស្មេរ--អ្នកអានគន់គ្នេរ
ផ្ទេរភ័ព្វវប្បធម៌។
៤៤. 'ល្បែងពាក្យ'ជួយខ្ញុំ--ចារពុំបាច់ខំ--សន្សំបន្ត
ជាប់ចួនហូរហែ--មន្តស្នេហ៍ថែល្អ--ន័យរត់តាម..ត
ជួនក៏កៀកកៀន។
៤៥. 'ល្បែងពាក្យ'រាប់រៀប--ជាអាទិភាព--ជម្រាបនិទាន
យកតែពីរោះ--ពិគ្រោះជាស្មៀន--កែជាជំហាន
ច្រើនមានសិរី។
៤៦. ពេលតែងញឹកបាន--អារម្មណ៍សុខសាន្ត--ស្មានថាខ្ចីវ័យ
នៅតាមហ្វេសប៊ុក--មានមុខមាត់ថ្មី--Friends ច្រើនប្រុសស្រី
សម្តីសរសើរ។
៤៧. ស៊ីជោរមិនតិច--ខ្ញុំខំជានិច្ច--មិនភ្លេចបង្ហើរ
ចារពុំបង្អង់--បង្ហោះច្រើនតើ--រាល់ថ្ងៃលៃស្នើ
ណឺរ៉ូនដើរដែរ។
៤៨. មិនរស់ចាំស្លាប់--បន្តប្រញាប់--ចាប់ចិត្តស្និទ្ធស្នេហ៍
ញញឹមពព្រាយ--អាយកំណាព្យខ្មែរ--សប្បាយត្រាយកែ
រឹតតែពីរោះ។
៤៩. ខ្សត់រឿងតែងស្អាត--ទស្សនាប្រាសាទ--នាំអាទិ៍ចិត្តស្មោះ
ឧត្តមភរិយា--គ្រប់គ្រាអាលោះ--រួមតែងពិគ្រោះ
ព្រោះចង់តែងល្អ។
៥០. ចិត្តចង់នៅក្មេង--ជួនកាលវង្វេង--ឈ្វេងយល់បន្ត
តើចប់ពេលណា--សង្ខារសាទរ--នៅត្រៀមត្រេកអរ
ទទួលពេញទ័យ៕