គណៈរដ្ឋមន្ត្រីថៃ យល់ព្រមសេចក្តីព្រាងច្បាប់ឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរួមរស់ជាមួយគ្នា
សង្គមអន្តរជាតិ​
អន្តរជាតិ
គណៈរដ្ឋមន្ត្រីថៃ យល់ព្រមសេចក្តីព្រាងច្បាប់ឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរួមរស់ជាមួយគ្នា
09, Jul 2020 , 1:38 pm        
រូបភាព
ទង់តំណាងឲ្យក្រុម LGBT ។ រូបភាព៖ AFP
ទង់តំណាងឲ្យក្រុម LGBT ។ រូបភាព៖ AFP
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី៨ ខែកក្កដា បានយល់ព្រមសេចក្តីព្រាងច្បាប់មួយដែលទទួលស្គាល់ការរួមរស់ជាមួយគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នា និងការផ្ដល់សិទ្ធិផ្លូវច្បាប់សឹងតែដូចគ្នាទៅនឹងអ្នកដែលបានរៀបអាពាហ៍ពិពាហ៍ដែរ។ ការយល់ព្រមនេះ ត្រូវបានគេមើលឃើញថា ជាជំហានបែបសេរីនិយមមួយនៅក្នុងសង្គមបែបអភិរក្សរបស់ថៃ បើទោះជាកន្លងមក តែមានការអត់អោនចំពោះអ្នកស្រឡាញ់ភេទដូចគ្នាក្ដី។



បើសិនជាសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដោយសភាមែននោះ ថៃនឹងក្លាយជាប្រទេសទី២ ក្នុងទ្វីបអាស៊ីដែលទទួលស្គាល់ការចុះបញ្ជី និងការរួមរស់ជាមួយគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នា។ ច្បាប់នេះ ចែងពីការអនុញ្ញាតឲ្យគូស្នេហ៍អាចមានកូនចិញ្ចឹម សិទ្ធិលើការទទួលមរតក និងការកាន់កាប់ទ្រព្យសម្បត្តិរួមគ្នា។ ទោះជាយ៉ាងណាក្តី សេចក្តីព្រាងច្បាប់ខាងលើ បានកំណត់ថា ភាគីម្ខាងក្នុងចំណោមដៃគូទាំងពីរ ត្រូវតែជាជនជាតិថៃ។

«សេចក្តីព្រាងច្បាប់ភាពជាដៃគូស៊ីវិលនេះ មានសារសំខាន់ណាស់សម្រាប់សង្គមថៃក្នុងការលើកកម្ពស់សិទ្ធិស្មើគ្នា និងការគាំទ្រសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាក្នុងការបង្កើតគ្រួសារ និងការរស់នៅជាមួយគ្នាជាដៃគូ»។ នេះជាការលើកឡើងរបស់លោកស្រី Ratchada Thanadirek អ្នកនាំពាក្យរង របស់រដ្ឋាភិបាលថៃដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។

ថៃ ជាប្រទេសពុទ្ធសាសនាបែបអភិរក្សនិយម ប៉ុន្តែត្រូវបានគេស្គាល់ថា មានការបើកចំហ និងមានផ្នត់គំនិតបើកទូលាយ។ ផ្នត់គំនិត និងលក្ខណៈបែបនេះបានទាក់ទាញក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងស្រុក និងក្រៅស្រុក ដូចជាបុរសស្រឡាញ់បុរស ស្ត្រីស្រឡាញ់ស្ត្រី អ្នកស្រឡាញ់ទាំង២ភេទ និងអ្នកកែប្រែភេទ ហើយថែមទាំងមានយុទ្ធនាការដើម្បីទាក់ទាញក្រុមអ្នកធ្វើដំណើរ LGBTS ផងដែរ។

តាមពិតទៅ សេចក្តីព្រាងច្បាប់នេះ ត្រូវបានលេចចេញជារូបរាងនៅឆ្នាំ២០១៨ ប៉ុន្តែសភាថៃមុន មិនអាចអនុម័តឲ្យបានមុនការបោះឆ្នោតបាន។

បើតាម Reuters លោក Kittinan Daramadhaj ប្រធានសមាគម Rainbow Sky Association របស់ថៃ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការ តែមិនហៅថាជាចំណងអាពាហ៍ពិពាហ៍ឡើយ ព្រោះចំណងអាពាហ៍ពិពាហ៍ ត្រូវបានកំណត់រវាងបុរស និងស្ត្រី។ លោកបានបន្ថែមថា បើសិនត្រូវបានអនុម័ត វានឹងជួយកាត់បន្ថយទុក្ខសោករបស់អ្នកស្រឡាញ់ភេទដូចគ្នា និងគាំទ្រសិទ្ធិរបស់ក្រុម LGBT ។

ក្រៅតែពីសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារួមរស់ជាមួយគ្នាបាន តំណាងរាស្ត្រថៃមួយក្រុមទៀតក៏កំពុងទាមទារដោយឡែកមួយក្នុងការកំណត់ឡើងវិញនូវនិយមន័យចំណងអាពាហ៍ពិពាហ៍ មកជាត្រឹមទំនាក់ទំនងរវាងមនុស្ស២រូបផងដែរ។

នៅក្នុងទ្វីបអាស៊ី តែវ៉ាន់ជាកន្លែងដំបូងបង្អស់ដែលទទួលស្គាល់ដោយស្របច្បាប់អាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នាក្នុងឆ្នាំ២០១៩ ។ ចំណែកឯវៀតណាមពុំយកទោសពៃរ៍លើការរៀបការរបស់អ្នកស្រឡាញ់ភេទដូចគ្នា តែពុំទទួលស្គាល់ការរួមរស់ជាមួយគ្នាបែបនេះឡើយ៕

Tag:
 ថៃ
  LGBT
© រក្សាសិទ្ធិដោយ thmeythmey.com