កីឡាជាតិ
ជាតិ
អតីត​គ្រូ​ជម្រើសជាតិ​កម្ពុជា​លោក Scott O’Donell ក្លាយជា​ទីប្រឹក្សា​ក្លិប​សៀមរាប​យូ​ណាយ​ធី​ត​
09, Jul 2020 , 9:29 pm        
រូបភាព
លោក Scott O
លោក Scott O'Donell (កណ្តាល) ថតសែលហ្វីជាមួយ លោក ហុក សុចិត្រា អតីតគ្រូបង្វឹកជម្រើសជាតិម្នាក់ទៀត និង​លោក Yeo Wee Hans អ្នកដឹកនាំក្លិបណាហ្គាវើលដ៍
ដោយ:
​លោក Scott O’Donell អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​ក្លិប​បាល់ទាត់​សៀមរាប​យូ​ណាយ​ធី​ត​។ ក្លិប​សៀមរាប​យូ​ណាយ​ធី​ត​ស្វាគមន៍​ចំពោះ​ការវិល​ត្រឡប់មក​កម្ពុ​ជា​សាជាថ្មី​របស់លោក Scott ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។

 
​ក្លិប​បាល់ទាត់​សៀមរាប​យូ​ណាយ​ធី​ត​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ពី​ការតែងតាំង​លោក Scott O’Donell គ្រូឧទ្ទេស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ជាទី​ប្រឹក្សា​របស់​ក្លិប​។ នេះ​មិនមែនជា​លើក​ទី​១​នោះទេ សម្រាប់​លោក Scott នៅលើ​ទឹកដី​កម្ពុជា ពោលគឺ​លោក​ធ្លាប់​មក​ចូល​ជាមួយ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ម្តង​រួចមកហើយ​កាលពី​អំឡុង​ឆ្នាំ​២០៦​។ 
 
​បុរស​វ័យ​៥៣​ឆ្នាំ​រូបនេះ ធ្លាប់​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា​ពីរលើក គឺ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៥ ដល់​២០០៧ និង​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១០​។ នៅ​ឆ្នាំ​២០០៩ លោក​ក៏បាន​នាំ​ក្រុម U23 កម្ពុជា ឈ្នះ​ពាន​មិត្តភាព BIDC Cup ផងដែរ​។ បុរស​ជនជាតិ​អូស្ត្រាលី​រូបនេះ ធ្លាប់​ដឹកនាំ​ក្លិប Geylang United FC របស់​សិង្ហ​បុរី​ពី​ឆ្នាំ​២០០៣-២០០៥​។ 
 
​លោក Scott O’Donell ធ្លាប់​មក​ទស្សនា​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup ជុំ​ទី​ពីរ​រវាង​កម្ពុជា និង​ហុងកុង នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​។​
 
​កាល​នៅ​ជា​កីឡាករ​បុរស​កម្ពស់​១,៨៦​ម៉ែត្រ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​ពាក់កណ្តាល​អាជីព និង​អាជីព​ជាច្រើន​នៅ​សិង្ហ​បុរី ម៉ាឡេស៊ី និង​អូស្ត្រាលី​។ ក្លិប​ទាំងនោះ​រួមមាន Tampines Rovers FC, Marine Catsle United FC, Parramatta Eagles និង​ក្លិប​ជាច្រើន​ទៀត​៕     
 
  

Tag:
 បាល់ទាត់​
  សៀមរាប​យូ​ណាយ​ធី​ត​
  Scott O’Donell
© រក្សាសិទ្ធិដោយ thmeythmey.com