សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​៖ ចិន ធ្វើ​សកម្មភាព​ហួសហេតុ​នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ឥណ្ឌា​
09, Jul 2020 , 3:14 pm        
រូបភាព
លោក​ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ AP
លោក​ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ AP
​ចិន បានធ្វើ​សកម្មភាព​ជ្រុល​ពេក នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ឥណ្ឌា​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។ ប្រមុខ​ការទូត​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចោទ​ចិន​បែបនេះ នៅ​ថ្ងៃទី​៨ ខែកក្កដា បន្ទាប់ពី​ការប៉ះទង្គិច​រវាង​ចិន និង​ឥណ្ឌា បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់ និង​របួស​ជាច្រើន​នាក់​។ ទន្ទឹមនេះ ប្រមុខ​ការទូត​អាមេរិក បាន​បន្តថា​ពិភពលោក មិនគួរ​បណ្តោយ​ឲ្យ​ចិន​ធ្វើ​សកម្មភាព​បែបនេះ​តទៅទៀត​ឡើយ​។


​ថ្លែង​នៅក្នុង​សន្ធិ​សីទ​សារព័ត៌​មាននៅ​ក្រសួងការបរទេស ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា ចិន បានធ្វើ​សកម្មភាព​ជ្រុលដៃ​ខ្លាំងពេក​នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ឥណ្ឌា​តាម​ព្រំដែន តែ​ឥណ្ឌា បាន​ឆ្លើយតប​នឹង​សកម្មភាព​របស់​ចិន​យ៉ាង​ល្អ​វិញ​ដែរ​។ 
 
​លោក ប៉ុ​ម​ប៉េ​អូ និយាយ​សំដៅ​ការប៉ះទង្គិច​ជាមួយ​ឥណ្ឌា​នៅ​ថ្ងៃទី​១៥ ខែមិថុនា ចិន បាន​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​ចំនួន​២០​នាក់ និង​របួស​ជាច្រើន​នាក់​។ ប៉ុន្តែ​នេះ​មិនមែនជា​លើកដំបូង​ដែល​លោក​និយាយ​រិះគន់​ចិន​លើ​រឿងនេះ​ឡើយ​។ 
 
«​កាយវិការ​របស់​ចិន​បែបនេះ មិនមាន​ត្រឹមតែ​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាននៅ​ជុំវិញ​ពិភពលោក​។​» លោក​ប៉ុ​ម​ប៉េ​អូ បានលើកឡើង​ដូច្នេះ ដោយ​បន្ថែមថា ចិន​ធ្វើ​សកម្មភាព​បំពាន​តាំងពី​ជួរ​ភ្នំ Himalayas ដល់​តំបន់​សមុទ្រ​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​វៀតណាម រហូតដល់​ប្រជុំ​កោះ Senkaku របស់​ជប៉ុន​ថែមទៀត​។ សកម្មភាព​ភាព​ទាំងនេះ សុទ្ធតែ​បង្ក​ឲ្យ​មាន​ជម្លោះទឹកដី​។ សម្រាប់​លោក ប៉ុ​ម​ប៉េ​អូ ពិភពលោក​មិនគួរ​បណ្តោយ​ឲ្យ​ចិន​ធ្វើ​សកម្មភាព​បង្កជម្លោះ​បែបនេះ​តទៅទៀត​ទេ​។ 
 
​ក្នុងពេល​កន្លងមក បន្ទាប់ពី​ជំនួប​រដ្ឋមន្ត្រីការបរទេស​ចិន និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឥណ្ឌា កងទ័ព​ចិន​បាន​ដកទ័ព​មួយចំនួន​ចេញពី​តំបន់​ព្រំដែន​ជម្លោះ ចំណែក​សំណង់​យោធា តង់ និង​រថយន្ត​មួយចំនួន ក៏​ដកចេញ​ដែរ​។ យ៉ាងណាក៏ដោយ តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី​៩ ខែកក្កដា ចិន​កំពុង​ប្រើប្រាស់​គ្រឿងយន្ត ដើម្បី​ធ្វើ​ផ្លូវ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន នៅក្បែរ​តំបន់​ព្រំដែន​ជម្លោះ​ចិន និង​ឥណ្ឌា​។ 
 
​សូមបញ្ជាក់ថា ការវិវត្ត​នៃ​ទំនាក់ទំនង​ចិន និង​អាមេរិក ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺមាន​ស្ថានភាព​អាក្រក់​យ៉ាងខ្លាំង​។ ប្រទេស​ទាំងពីរ បាន​រិះគន់ និង​ដាក់ទណ្ឌកម្ម​លើ​គ្នា​ទៅវិញទៅមក​។ បញ្ហា​មាន​ចាប់តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ បញ្ហា COVID-19 បញ្ហា​ហុងកុង និង​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទី​បេ និង​នៅ​បញ្ហា​សិទ្ធមនុស្ស​នៅ​ស៊ីន​ជាំ​ង​ទៀតផង​៕ 

Tag:
 ចិន​
  ឥណ្ឌា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com