អន្តរជាតិ
មេទ័ព​ជើងគោក​ថៃ​៖ គ្មាន​មូលដ្ឋានទ័ព​អាមេរិក​លើទឹក​ដី​ថៃ​ឡើយ
09, Jul 2020 , 9:59 pm        
រូបភាព
ប្រមុខទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong (AFP)
ប្រមុខទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong (AFP)
ដោយ:
​ប្រមុខ​ទ័ពជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា សហរដ្ឋអាមេរិក​កំពុង​រក​សាងសង់​មូលដ្ឋានទ័ព​លើទឹក​ដី​ថៃ​។ លោក​បានស្នើ​កុំ​បំប៉ោង​បញ្ហា​បែបនេះ​ដែល​អាច​បង្ក​ទៅជា​ជម្លោះ​ក្នុង​តំបន់​។

 
​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​មូលដ្ឋានទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong និយាយថា កងទ័ព​ថៃ​និង​អាមេរិក គ្រាន់តែ​បានរៀបចំ​សមយុទ្ធ​យោធា​រួមគ្នា​មួយ ដែលមាន​ឈ្មោះថា «​ពស់វែក​មាស​» ប៉ុណ្ណោះ​។ សមយុទ្ធ​នេះ ជា​លំ​ហាត់​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំងពីរ និង​ដៃគូ​។ 
 
​លោក Apirat អះអាងថា សហរដ្ឋអាមេរិក​ពុំបាន​សុំ​ប្រើ​ប្រទេស​ថៃ​ជា​កន្លែង​កសាង​មូលដ្ឋានទ័ព​ពួកគេ​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៩ ខែកក្កដា​។ យ៉ាងណាមិញ ឧ​ត្ត​ម​សេនីយ៍​រូបនេះ បន្តថា កងទ័ព​អាមេរិក​បាន​បន្សល់ទុក​សម្ភារ​យោធា​ពួកគេ​ខ្លះ ដែល​ប្រើប្រាស់​អំឡុង​ការធ្វើ​សមយុទ្ធ​ក្នុងប្រទេស​ថៃ​។ 
 
«​បំប៉ោង​បញ្ហា​បែបនេះ ដែល​អាចបង្កើត​ជម្លោះ​ក្នុង​តំបន់​»​។ ប្រមុខ​កងទ័ពជើងគោក​ថៃ បាន​សង្កត់ធ្ងន់​ដូច្នេះ​។  
 
​ទាក់ទង​ការប្រើប្រាស់​មូលដ្ឋាន​យោធា កន្លងទៅ ថៃ​បាន​ចុះហត្ថលេខា​ជាមួយ​សិង្ហ​បុរី ដោយ​អនុញ្ញាត​ឲ្យ​បុរី​រដ្ឋ​សិង្ហ​បុរី​ប្រើប្រាស់​តំបន់​យោធា​ក្នុង​ខេត្ត Kanchanaburi ដើម្បី​រៀបចំ​ការហ្វឹកហាត់​យោធា​។ កិច្ចព្រមព្រៀង​នេះ ត្រូវធ្វើឡើង​ជាថ្មី​រៀងរាល់​៣​ឆ្នាំ​ម្ដង​។ 
 
​សូមបញ្ជាក់ថា ថៃ គឺជា​សម្ព័ន្ធមិត្ត​សន្តិសុខ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់​អាស៊ី​។ ចាប់តាំងពី​ចប់​សង្គ្រាម​លើក​លើក​ទី​២​មក ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​បាងកក បាន​ពង្រីក​ទំនាក់ទំនង​ទាំង​ផ្នែក​សន្តិសុខ ការទូត និង​ពាណិជ្ជកម្ម​។ សមយុទ្ធ «​ពស់វែក​មាស​» ដែលជា​សមយុទ្ធ​យោធា​ពហុ​ជាតិ​សាសន៍​ប្រចាំឆ្នាំ​ធំ​បំផុត​របស់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក តែង​រៀបចំ​ឡើងលើ​ទឹកដី​ថៃ ហើយ​វា​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ថៃ និង​អាមេរិក​។ 
 
​ចាប់ពី​ឆ្នាំ​១៩៥០ ថៃ បានទទួល​សម្ភារ​យោធា​អាមេរិក ការហ្វឹកហាត់ និង​ជំនួយ​បច្ចេកទេសផ្នែក​សាងសង់​ជាដើម​។ អ្នកស្ម័គ្រចិត្ត​សន្តិភាព​អាមេរិក (U.S. Peace Corps Volunteers) ដែលមាន​វត្តមាន​ក្នុងប្រទេស​ថៃ​តាំងពី​ឆ្នាំ​១៩៦៣ ផ្ដោតលើ​ការអប់រំ ការអភិវឌ្ឍ​យុវជន និង​ការចូលរួម​ពី​ប្រជាជន​ជាដើម​៕ 
 
 
 

Tag:
 ថៃ​
  Apirat Kongsompong
  សហរដ្ឋអាមេរិក​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com