ជាតិ
កសិដ្ឋានចិញ្ចឹមបង្គា និងតំបន់កោងកាង ជាសក្តានុពលទេសចរណ៍ថ្មីនៅខេត្តព្រះសីហនុ
×
ដោយ៖ ខន ណារី
ខេត្តព្រះសីហនុ មានបំណងប្រែក្លាយការងារវារីវប្បកម្ម ឲ្យក្លាយជាគោលដៅទេសចរណ៍ថ្មីបន្ថែមទៀត តាមរយៈការបង្កើនការចិញ្ចឹមបង្គា និងដាំដើមកោងកាងបន្ថែម។ នេះបើតាម លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានThmeyThmey25។
លោក នេន ចំរើន បានឲ្យដឹងទៀតថា សព្វថ្ងៃការងារចិញ្ចឹមបង្គាក្នុងខេត្ត មានលក្ខណៈល្អប្រសើរ ហើយខេត្តព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមបង្គា ២កន្លែង គឺមួយកន្លែងស្ថិតនៅស្រុកស្ទឹងហាវ និងមួយកន្លែងទៀតនៅស្រុកព្រៃនប់។ ក្នុងមួយឆ្នាំៗ កសិដ្ឋានចិញ្ចឹមបង្គាធម្មជាតិក្នុងខេត្តជាប់សមុទ្រមួយនេះ អាចផ្គត់ផ្គង់បង្គាបានប្រមាណ៥០០តោន ប៉ុន្តែចំនួននេះនៅមិនទាន់អាចលុបបំបាត់ការនាំចូលបង្គាពីបរទេសនៅឡើយ។
ចំណែកផ្ទៃដីដាំកោងកាងវិញ ខេត្តព្រះសីហនុមានទំហំ ៩ ៣៥២ ហិកតា។ ក្រៅពីខេត្តព្រះសីហនុ កម្ពុជាមានផ្ទៃដីព្រៃកោងកាងនៅខេត្តកោះកុងទំហំ ៤៦ ៥២៩ ហិកតា ខេត្តកំពតទំហំ ១ ៩៦៦ ហិកតា និងខេត្តកែប មានព្រៃកោងកាងជាង១ពាន់ហិកតាទៀត។
ក្រៅពីនេះវិស័យវារីវប្បកម្ម លោក នេន ចំរើន ក៏បញ្ជាក់បន្ថែមពីបំណងរបស់ថ្នាក់ដឹកនាំខេត្ត ដែលកែប្រែកសិឧស្សាហកម្ម ទៅជាកសិទេសចរណ៍ថ្មីសម្រាប់ចិត្តអ្នកទេសចរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com