ជាតិ
សង្គមជាតិ
ដី១២ហិចតាដែលកាន់កាប់ខុសច្បាប់នៅឧទ្យានជាតិគិរីរម្យ ត្រូវបានដកហូត
×
ដោយ៖ ខន ណារី
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានចាត់វិធានការក្ដៅទៅលើជនខិលខូចដែលរំលោភបំពានដីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនចំនួន ១២ហិកតា នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២០។
អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ ThmeyThmey25 តាមទូរសព្ទថា លោកបានបញ្ជាឲ្យមន្ត្រីឧទ្យានុរក្សចុះចាត់វិធានការបន្ទាន់ នៅពេលដឹងដំណឹងថាមានអ្នកធ្វើរបង និងសាងសង់តូបរំលោភយកដីរដ្ឋ ធ្វើកម្មសិទ្ធិរបស់ខ្លួន។
លោកបន្ថែមថា៖«ពេលនេះមិនមែនជាលើកដំបូងនោះទេ មានច្រើនលើកមកហើយសម្រាប់សកម្មភាពរំលោភបំពានបែបនេះ ហើយពេលនេះរដ្ឋបាលខេត្ត កំពុងស្រាវជ្រាវរកមុខជនខិលខូច ដែលបានធ្វើសកម្មភាពទាំងនោះ ដើម្បីមកទទួលទោសតាមផ្លូវច្បាប់ និងអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ចូលរួម រាយការណ៍ ថែរក្សា ការពារ កម្មសិទ្ធិសាធារណៈទាំងអស់»។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពនេះជនខិលខូច បានលួចសាងសង់រោងទាំងយប់ ដោយមិនឲ្យអាជ្ញាធរដឹងនោះទេ ហើយសូមឲ្យជនខិលខូចទាំងនោះ បញ្ឈប់ចំពោះការរំលោភបំពានកម្មសិទ្ធិសាធារណៈ ធ្វើជារបស់ផ្ទាល់ខ្លួន ព្រោះវាមិនរួចពីផ្លូវច្បាប់នោះទេ។
សូមបញ្ជាក់ថាឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គិរីរម្យ» មានចម្ងាយប្រមាណ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងចម្ងាយប្រមាណ ៦៥ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ មានផ្ទៃដីប្រមាណ ៨ពាន់ហិកតា មានទីតាំងស្ថិតនៅភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាឧទ្យានជាតិដ៏ល្បីមួយ ក្នុងចំណោមឧទ្យានជាតិដទៃ ក្នុងប្រទេសកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចចុះបញ្ជីរមណីយដ្ឋានគិរីរម្យជា «ឧទ្យានជាតិព្រះសុរាម្រិត» ដោយព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហនុ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ និង
សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ន ៕
Tag:
ឧទ្យានជាតិគិរីរម្យ
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com