កំណាព្យ
គំនិតមួយ
ជាតិ
កវី អ៊ីវ ហួត​៖ ឲ្យ​តែមាន​ចិត្ត​ចង់ កូន​ខ្មែរ​សុទ្ធតែ​អាច​តែង​កំណាព្យ​ខ្មែរ​បាន​ (២)
09, Jul 2020 , 4:17 pm        
រូបភាព
ឆ្លើយតប​នឹង​សំណួរ​ទីមួយ  របស់​សារព័ត៌មាន​ថ្មីៗ កវី អ៊ីវ ហួត វ័យ​៨០​ឆ្នាំ បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ទាក់ទង​នឹង​ការផ្សាភ្ជាប់​ខ្លួន​ជាមួយ​យុវជន​សម័យ​បច្ចុប្បន្ន តាមរយៈ​អត្ថបទ​កាព្យ​ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​។



​បន្ទាប់មក សារព័ត៌មាន​ថ្មីៗ ចង់បាន​ការយល់ឃើញ និង​ការវាយតម្លៃ​របស់​កវី​ជើងចាស់ រូបនេះ លើ​ស្នាដៃ​តែង​និពន្ធ​របស់​យុវជន​នាពេល​បច្ចុប្បន្ន​។ ឆ្លើយតប​នឹង​ការសាកសួរ​របស់លោក អ៊ឹង ចំរើន និពន្ធ​នាយក​សារព័ត៌មាន​ថ្មីៗ ព្រឹទ្ធាចារ្យ អ៊ីវ ហួត បាន​សរសេរ​កាព្យ​ឆ្លើយឆ្លង​រហូតដល់​៥០​ល្បៈ​បន្ថែមទៀត​។​

អត្ថបទទាក់ទង


​លោក អ៊ឹង ចំរើន​៖  នា​យុគសម័យ​--​ក្មេង​មាន​ស្នាដៃ​--​ក៏​មិនតិច​ដែរ​
​ពួកគាត់​ច្រើន​នាក់​--​ប្រឹង​រក្សា​ថែ​--​ពាក្យកាព្យ​ក្បូន​ខ្មែរ
​ឲ្យ​បាន​គង់វង្ស​។​


​តើ​ព្រឹទ្ធាចារ្យ​--​យល់ឃើញ​យ៉ាងណា​--​បែបផែន​ទម្រង់​
​សិល្ប៍​វិធី​តែង​--​ចារចែង​ទ្រាយ​ទ្រង់​--​នាំ​អ្នកអាន​លង់ ទៅតាម​ដែរ​ទេ​?


​កវី អ៊ីវ ហួត​៖ រឿង​ប្រាថ្នា គ្រា​ណា​ថា​បានសម្រេច​ពេញចិត្ត​? ឲ្យ​តែ​ចង់ គ្រប់​កូន​ខ្មែរ​អាច​តែង​កំណាព្យ​ខ្មែរ​បាន

១. ស្និទ្ធ​ដិត​វិញ្ញាណ​--​រឿង​ចេះ​ពី​រៀន​--​មាន​ពីរ​ករៀង​
​ចារ​ជា​ប្រាថ្នា​--​រចនា​ពង្រាង​--​តាំងចិត្ត​ឥត​ផ្អៀង
​ទៀង​ស្មាន​បាន​ផល​។​

២. ទឹកចិត្ត​កវី​--​ក្មេង​ចាស់​ប្រុស​ស្រី​--​លៃ​ច្នៃ​លាភ​យល់​
​ចារ​កំណាព្យ​ខ្មែរ​--​ដង្ហែ​កោសល្យ​--​ជួន​ជូន​យោបល់
​តម្កល់​មេត្រី​។​

៣. ខ្ញុំ​សុំ​សរសើរ​--​ដំណាល​ដំណើរ​--​ហោះហើរ​ក្នុង​ទ័យ​
​កាព្យ​ខ្មែរ​ពីរោះ​--​ស្មោះ​ស្មេរ​បេតី​--​ចារចែង​វែង​ខ្លី
​ប្រាស្រ័យ​ច្នៃ​ជាប់​។​

៤. សូម​លើកទឹកចិត្ត​--​បន្ត​ប្រឌិត​--​ស្វែង​ឫទ្ធ​គិត​គាប់​
​ខន្តី​លៃ​ចំ​--​សន្សំ​សព្វ​ភ័ព្វ​--​សំណេរ​កេរ​រាប់
​ទាំង​ទ្រព្យ​វប្បធម៌​។​

៥. ស្នាដៃ​ច្នៃ​បាន​--​ពិត​ផ្សំ​ចំណាន​--​លើ​ឋាន​អក្សរ​
​ជាក់​ជា​កំណប់​--​ប្រសព្វ​បន្ត​--​សូម​ចិត្ត​គិត​ល្អ
​ចរ​នឹង​យុទ្ធសាស្ត្រ​។​

៦. ជោគជ័យ​ច្នៃ​ចំ​--​ត្រូវការ​សន្សំ​--​បន្ទុំ​មន្ត​ណាស់​
​ជួន​ពេល​បូក​គុណ​--​មុននឹង​លេច​ច្បាស់​--​វាស់វែង​ប្រវាស់
​ឱកាស​ផងដែរ​។​

៧. ប្រាណ​បាន​ប្រយ័ត្ន​--​យល់​ហេតុ​ត្រូវ​ណាត់​--​ចាត់ចែង​បែង​បែរ​
​ចាំ​គេ​សរសើរ​--​ជួន​ដើរ​ខុស​ខ្សែ​--​ដូច្នេះ​ត្រូវតែ
​កែ​យុទ្ធសាស្ត្រ​ឆ្ងាយ​។​

៨. ផ្ចិតផ្ចង់​គុណភាព​--​គាស់​ក្បាច់​ខ្ពស់​ទាប​--​រៀប​មន្ត​អន្លាយ​
​ខ្លួន​ជា​គ្រូ​ដែរ​--​គ្រោង​កែ​មិន​ណាយ​--​កំណាព្យ​ប្រែក្លាយ​
​អាយ​ភាព​អស្ចារ្យ​។​

៩. ភាព​អស្ចារ្យ​ហ្នឹង​--​ជួន​វាត​សន្ធឹង​--​ស្និទ្ធ​នឹង​ព្រឹត្តិការណ៍​
​កាលៈទេសៈ​--​បញ្ជាក់​សព្វ​សារ​--​គួរ​ពិចារណា
​គ្រា​ណា​ចារ​ជ័យ​។​

១០. គិត​ស្រួល​ដូច​ខ្ញុំ​--​កោសល្យ​ពុំ​ធំ​--​សន្សំ​ខន្តី​
​គុណភាព​រៀបចំ​--​កំណាព្យ​ខ្លីៗ​--​ស្ទើរតែ​រាល់ថ្ងៃ
​នៃ​ជីវិត​ខ្ញុំ​។​

១១. អ្នកអាន​និង​ស្មេរ​--​គឺ​តែ​ម្នាក់​ទេ​--​រិះរេ​គ្នេរ​ជុំ​
​តិះ​ទៀន​រៀន​ទៀត​--​វាត​មន្តអាគម​--​ពិនិត្យ​បន្ទុំ
​សម្ផស្ស​កាព្យ​ស្ងួន​។​

១២. តាម​រៀន​គ្រប់​គ្រូ​--​ប្រជុំ​គម្រូ​--​គិតគូរ​'​លួច​'​ក្បួន​
​ចារ​ត្រាប់​លុះត្រា​--​វាចារ​សមសួន​--​ល្បិចល្បែង​ចែង​ចួន
​លេងពួន​នឹង​ពាក្យ​។​

១៣. ណែងណង​ក្រង​ល្បះ​--​ចួន​ពីរោះ​ណាស់​--​មិន​ខ្មាស់​បង្កៀ​ក​
​ពេចន៍​លេច​ពន្លឺ​--​គឺ​ចេះ​វិភាគ​--​កាព្យ​ខ្មែរ​ជា​នាគ
​ងាក​ប្រាណ​បាន​ងាយ​។​

១៤. គុណភាព​ចម្បង​--​គិត​យល់​រាល់ដង​--​បំណង​ពង្រាយ​
​ជា​'​ល្បែង​ពាក្យ​--​រស់​ពីរោះ​អាយ​នាយ​--​សន្សំ​សម្ទាយ​
​ស្ពាយ​ផង​រែក​ទៀត​។​

១៥. ខិតខំ​រៀបចំ​--​ជីវិត​គ្រួ​ក្រុម​--​ពុំ​ឲ្យ​ចង្អៀត​
​ការងារ​ទៀងទាត់​--​អំណត់​ឥត​ឃ្លាត​--​ពេលទំនេរ​ឆ្លៀត
​វាត​កាព្យ​ជា​ថ្នល់​។​

១៦. សូម​រួម​សាទរ​--​ទឹកដី​អង្គរ​--​បង្ក​កោសល្យ​
​ធនធាន​បញ្ញា​--​ស្មារតី​លៃ​យល់​--​សន្សំ​តម្កល់
​រាល់​ផល​រៀន​រក​។​

១៧. សិលាចារឹក​--​កវី​ខ្មែរ​នឹក​--​មុន​ថ្នឹក ពន្លក​
​ទុកជា​ស្នាដៃ​--​ឆ្នើម​ច្នៃ​លៃលក​--​និទាន​តម​ក
​ជម្រក​អរិយ​។​

១៨. ឆ្លាក់​ល្អឥតខ្ចោះ​--​ព្រោះ​បាន​រៀន​អស់​--​ស្មោះ​ផ្ទេរ​មេត្រី​
​មហានគរ​--​បន្ទរ​សេចក្តី​--​អក្ខរា​ចារ​ន័យ
​ជ័យ​ជាតិ​ខេមរា​។​

១៩. កវីនិពន្ធ​--​ស្គាល់​ច្បាស់​ទម្ងន់​--​មន្ត​ស្នេហ៍​ភាសា​
​ទ្រ​ព្រលឹង​ជាតិ​--​ឆ្លាស​ឆ្លៀត​សិក្សា​--​ច្បាស់​ទាំង​សាវតារ
​អាណាចក្រ​ខ្មែរ​។​

២០. ចេះ​ឆ្អិន​ប៉ិន​ថ្នឹក​--​ពន្លក​ពន្លឹក​--​នឹក​ភ្លឹក​គិត​ប្រែ​
​សង់​សាង​ចក្រភព​--​វប្បធម៌​មន្ត​ស្នេហ៍​--​អរិយ​ដង្ហែ
​រាល់​តែ​ភ័ព្វ​ផ្សំ​។​

២១. មាតា​ធិបតេយ្យ​--​គ្រឹៈ​ថ្នាល​សិរី​--​ន័យ​រុំ​បន្ទុំ​
​បិតា​ធិបតេយ្យ​--​នៃ​ឥណ្ឌា​ផ្គុំ​--​ទាំង​ចិន​មក​ជុំ
​ផ្សំផ្គុំ​អារ្យ​ខ្មែរ​។​

២២. រៀន​ចេះ​ពី​លោក​--​យកមក​គុណ​បូក​--​ជា​ស្នូក​ទ្រ​ថែ​
​ទេពកោសល្យ​ជាតិ​--​វាត​វង្ស​មន្ត​ស្នេហ៍​--​ធន​ម្នុស្ស​(១)​កែប្រែ
​ហូរហែ​វិស័យ​។​

២៣. កាលៈទេសៈ​--​ស្មារតី​លៃ​ស្ម័គ្រ​--​ឆ្លាក់​ចិត្ត​គិត​ជ័យ​
​វាសនា​ត្រចះ​--​រះ​ជះ​អរិយ​--​វិទ្យាសាស្ត្រ​ច្នៃ
​បុរី​សុខសាន្ត​។​

២៤. កវីនិពន្ធ​--​បញ្ញា​ពាក់ព័ន្ធ​--​គន់​ផ្តុំ​ចំណាន​
​វប្បធម៌​ទូទៅ​--​ជា​ផ្លូវត្រូវ​ឈាន​--​លោកា​ជា​ស្ពាន
​ប្រៀន​ស្នើ​ដើរ​ដល់​។​

២៥. វាសនា​ស្រុក​ខ្មែរ​--​គ្រប់គ្នា​ត្រូវតែ​--​បែរមក​អំពល់​
​សាង​អនាគត​--​មូល​មាត់​តម្កល់​--'​ធន​ម្នុស្ស​'(១)​ដឹង​យល់
​ពន្យល់​បង្រៀន​។​

២៦. ឲ្យ​ស្គាល់​សីមា​--​ស្គាល់​ភោគ​លោកា​--​ដោយសារ​និទាន​
​ហេតុ​ជាក់​រាក់​ជ្រៅ​--​ប្រាប់ផ្លូវ​ត្រូវ​ហ៊ាន​--​សន្សំ​ជំហាន
​អាស៊ាន​សាទរ​។​

២៧. ប្រជាជន​តិច​--​ជាតិខ្មែរ​មិន​ភ្លេច​--​ជានិច្ច​ថ្ពេច​..​ត​
​កោសល្យ​សង់​សាង​--​ត្រដាង​អង្គរ​--​ថេរ​ផ្តុំ​កំដរ
​ចិត្ត​ចរ​ចង់​ចេះ​។​

២៨. ចង់​ហើយ​ឆ្លើយឆ្លង​--​សិក្សា​រាល់ដង​--​ចម្លង​ចំណេះ​
​រៀន​ហើយ​រំលែក​--​ចែក​រឿង​ត្រិះរិះ​--​អ្នកអាន​បាន​បេះ
​ស្រេះ​ស្រោប​ក្តាប់​សារ​។​

២៩. ផ្ចិតផ្ចង់​ពិគ្រោះ​--​ជា​ស្មេរ​ស្ម័គ្រស្មោះ​--​ពិ​រោះ​ពិស្តារ​
​អ្នកអាន​សប្បាយ​--​មិន​ណាយ​សិក្សា​--​ប្រឹង​បែកប្រាជ្ញា
​ចេតនា​ចារ​ដែរ​។​

៣០. អាចជួយ​ជា​ថ្នាល​--​ហ្វេ​ស​ប៊ុ​ក​បណ្តាល​--​រាល់កាល​ប្រួល​ប្រែ​
​បង្ហាញ​លំ​ហាត់​--​ណាត់ជួប Friends ក្បែរ​--​ជួយ​ប្រាប់​ហូរហែ
​ពូកែ​កើនឡើង​។​

៣១. ចេះ​រៀន​ពីគ្នា​--​បង្កើត​សាម​គ្គា​--​មុខជា​ជាតិ​ថ្កើង​
​ជំនាញ​ចំណេះ​--​ស្រេះ​គ្រប់គ្នា​យើង​--​ចែក​លើកតម្កើង
​ជើង​ត្បូង​គ្រោង​គ្រាន់​។​

៣២. ធនធាន​ម្នុស្ស​ខ្មែរ​--​តទៅ​ស្និទ្ធស្នេហ៍​--​កែប្រែ​ជាម​ន្ត​
​វាសនា​អង្គរ​--​បន្ទរ​រួសរាន់​--​ហេតុផល​ជា​ឈ្នាន់
​បន្ទាន់​គន់​គិត​។​

៣៣. មុន​បញ្ហា​កើត​--​អ្នកមាន​កំណើត​--​អើតមើល​រួម​គិត​
​រក​ដំណោះស្រាយ​--​អាយ​ចម្លើយ​ឫទ្ធ​--​សន្ទនា​ពិនិត្យ
​ជិត​ជ័យ​ជូន​ជាតិ​។​

៣៤. បញ្ហា​មាន​ស្តែង​--​គិត​លៃ​ក្រៃលែង​--​ចារចែង​ជូន​ញាតិ​
​យល់ដឹង​ថ្លឹង​គ្រាន់​--​បន្ទន់​វិវាទ​--​ពិចារណ៍​ព្រោងព្រាត
​ឥត​ឃ្លាត​ហេតុ​.​ផល​។​

៣៥. រឿង​ពិត​ពឹងពាក់​--​ហេតុ​.​ផល​ជាក់លាក់​--​ប្រទាក់​តម្កល់​
'​រចនាបថ​'​តែង​--​ត្រូវ​ស្វែង​ដិតដល់​--​ជា​គ្រឿង​សម្គាល់
​កោសល្យ​អាត្មា​។​

៣៦. ហេតុតែ​ស្នេហ៍​ណាស់​--​តាក់តែង​ច្បារ​ច្បាស់​--​ដាស់​ចិត្ត​ខេមរា​
​ចំណែក​អ្នកដឹង​--​នឹង​ប្រឹង​សិក្សា​--​សរសើរ​សព្វ​សារ
​អ្នកណា​ក្រៅ​ខ្លួន​។​

៣៧. សរសើរ​ហើរ​មក​--​ត្រៀម​ទទួលយក​--​ពន្លក​ចិត្ត​ស្ងួន​
​កាព្យ​ខ្មែរ​ខ្លួន​ចែង​--​តុបតែង​សមសួន​--​កុំបី​បំពួន
​ពាក្យ​ចួន​ខ្លាំងណាស់​។​

៣៨. ចួន​គោល​ពោល​ដឹង​--​កវី​លៃ​ថ្លឹង​--​សន្ធឹង​ប្រឹង​ឆ្លាស់​
​ចួន​ខ្លួន​ពេញចិត្ត​--​ប្រណីត​យុទ្ធសាស្ត្រ​--​បាន​ច្រើន​ដេរដាស
​ច្បាស់​'​រចនាបថ​'​។​

៣៩. កំណាព្យ​គ្មាន​ព្រំ​--​អាច​រីក​ទំហំ​--​ពុំមាន​កំណត់​
​ក្បួន​កំណាព្យ​ខ្មែរ​--​ស្នេហ៍​ចិត្ត​អំណត់​--​ចិត្ត​ចង់​ប្រាកដ
​រត់​រក​រស្មី​។​

៤០. ពិសោធន៍​ជាក់ស្តែង​--​ខ្ញុំ​សុំ​សម្តែង​--​រែង​ម្តុំ​សម្តី​
​តែង​ល្អ​មួយ​ល្បះ​--​ច្បាស់​ជា​ភក្តី​--​ដូច​ណាត់​អត្ថន័យ
​វិស័យ​កាព្យ​ខ្មែរ​។​

៤១. ជា​រឿង​រៀប​ពាក្យ​--​ហេតុ​ចង់​បង្កៀ​ក​--​ច្រៀក​ពេចន៍​លេច​ថែ​
​ចាប់​ចុងចួន​ចង​--​ណែងណង​ហូរហែ​--​បាន​ច្រើន​រឹតតែ
​ពូកែ​គិត​គន់​។​

៤២. កុំ​ទាន់​ទៅណា​--​រំលេច​រចនា​--​ភាសា​មាន​មន្ត​
​សន្សំ​បន្ទុំ​--​ទម្លាប់​រាប់​គ្រាន់​--​ចិត្ត​ស្ម័គ្រ​ពាក់ព័ន្ធ
​រួសរាន់​រក​ឫទ្ធ​។​

៤៣. ឫទ្ធ​រៀប​ពាក្យពេចន៍​--​បង្កៀ​ក​រំលេច​--​ជានិច្ច​ពិនិត្យ​
​ចាប់​ចុងចួន​ចែង​--​ណែងណង​ក្រង​ចិត្ត​--​ទាល់​យល់​វិចិត្រ
​ខិតខំ​កែ​ទៀត​។​

៤៤. ទាល់តែ​អស់ចិត្ត​--​ភាសា​ពិសិដ្ឋ​--​អាណិត​ចិត្ត​ឆ្លៀត​
​រៀបរៀង​ផ្ទៀង​ផ្ទឹម​--​ចិញ្ចឹម​មាយា​ទ​--​អំណត់​ឥត​ឃ្លាត
​វាត​វង្ស​ខន្តី​។​

៤៥. មិនបាច់​ទៅ​ឆ្ងាយ​--'​កាកគតិ​'​អាយ​--​បន្លាយ​និស្ស័យ​
​សាកល្បង​ក្រង​ចិត្ត​--​ប្រព្រឹត្ត​ស្និទ្ធ​ន័យ​--​រំលេច​សេចក្តី
​កុំ​ភ័យខ្លាច​ខុស​។​

៤៦. ខ្លួន​ជា​លោកគ្រូ​--​ខ្លួន​កូនជាង​គូរ​--​ផ្ទឹម​ផ្ទូរ​ពិគ្រោះ​
​កែ​ទាល់​បានល្អ​--​ស្មោះសរ​បណ្តុះ​--​សង់​ធនធាន​ម្នុស្ស
​ស្រុះចិត្ត​គិត​ចំ​។​

៤៧. ចេះ​កែ​ឲ្យ​ស្រស់​--​ចេញ​ល្បះ​ពីរោះ​--​ជួសជុល​ឲ្យ​សម​
​ឡើងខ្លួន​ជា​គ្រូ​--​ស៊ូ​រៀន​គ្រប់​មុម​--​កូនសិស្ស​តូចធំ
​កុំ​ភ្លេច​ប្រាប់ផ្លូវ​។​

៤៨. ផ្លូវ​ល្អ​ប្រពៃ​--​ប្រើ​មន្ត​ខន្តី​--​លៃលក​រក​ទៅ​
​យុទ្ធសាស្ត្រ​ច្បាស់​ច្បារ​--​សិក្សា​ចារ​នៅ​--​កាព្យ​ឃ្លោង​យោង​ត្រូវ​
 ប៉ះ​ពូវ​'​ស្នាដៃ​'​។​

៤៩. អ្នកណា​ដឹង​កើត​--​ស្មេរ​មានកំណើត​--​បង្កើត​កាព្យ​ជ័យ​
​ចេញពី​មួយ​ល្បះ​--​រះ​លើ​បុរី​--​រាល​ដល់​ផែនដី
​ស្មារតី​សង់​សាង​។​

៥០. រឿង​ប៉ងប្រាថ្នា​--​សម្រេច​កាលណា​--​ចារ​កើតជា​ប្រាង្គ​
​កំណាព្យ​ខាប​ចិត្ត​--​ស្និទ្ធ​អាថ៌​សំណាង​--​អង្គរ​តំណាង
​ខាង​ខណ្ឌ​កវី​៕
(១) ធនធានមនុស្ស​

(​សូម​រង់ចាំ​អាន​វគ្គ​៣)


Tag:
 កវី អ៊ីវ ហួត
© រក្សាសិទ្ធិដោយ thmeythmey.com