ជាតិ
សង្គមជាតិ
រថយន្តជាង៣០ម៉ឺនគ្រឿង មិនព្រម «ឆៀក» តាមការកំណត់
× ភ្នំពេញ៖ រថយន្តផុតសុពលភាពជាង៣០ម៉ឺនគ្រឿង មិនបានយកទៅ«ឆៀក» តាមកាលបរិច្ឆេកកំណត់ឡើយ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានពិន័យលើរថយន្តទាំងនោះ បានជាង៤២៦លានរៀលដែរ គិតត្រឹមថ្ងៃទី៧ កក្កដា។
រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រថយន្តទាំងនោះ ភាគច្រើនផុតសុពលភាព ចន្លោះពី២ ទៅ៦ឆ្នាំ។ ក្រសួងក៏មានការផាកពិន័យលើរថយន្ត ដែលមិនឆៀកយូរឆ្នាំនេះ ដោយតម្លៃ៥០០រៀល និង២០០០រៀលក្នុងមួយថ្ងៃទៅតាមប្រភេទរថយន្តផងដែរ។
ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ កាលពីថ្ងៃទី៧ កក្កដា រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានធ្វើរបាយការណ៍ប្រាប់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូច្នេះថា៖បើមើលទៅគាត់(អត់យកឡានទៅឆៀក)ដល់៥ទៅ៦ឆ្នាំ ពេលផាក(ពិន័យ)ទៅ វាច្រើនពេក ដូច្នេះឥឡូវយើងផាកឡានទេសចរណ៍(គិត) ត្រឹមតែ២ឆ្នាំទេ គឺ៥០០រៀលក្នុងមួយថ្ងៃ សម្រាប់២ឆ្នាំ ។ ឡានធំ (ផាកពិន័យ)២០០០រៀល ក្នុងមួយថ្ងៃ ដែលផុតសុពលភាព១ឆ្នាំ ចង់ផុតសុពលភាព៥ឆ្នាំ ក៏យើងគិតតែ១ឆ្នាំដែរ»។
គិតចាប់ពីថ្ងៃទី១ កក្កដា ដល់៦ កក្កដា ក្រសួងសាធារណការ បានផាកពិន័យលើរថយន្តផុតសុពលភាពហើយ មិនព្រមយកទៅឆៀកនោះ បាន៤២៦លានរៀល។ ក្រៅពីរថយន្តមិនឆៀកនេះ ក្រសួងក៏ទទួលបានប្រាក់៨លានរៀល ពីការផាកពិន័យលើបណ្ណបើកបរផុតសុពលភាពផងដែរ។
បច្ចុប្បន្ននេះក្រសួងសាធារណការ ក៏បានបញ្ជូនសារតាមរយៈទូរសព្ទទៅកាន់ម្ចាស់យានយន្តជាង១ម៉ឺននាក់ហើយ ដើម្បីរំឭកឱ្យពួកគេយកយានយន្តទៅឆៀក និងពន្យា ឬធ្វើបណ្ណបើកបរថ្មីទៀតផង។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ ៕
Tag:
ស៊ុន ចាន់ថុល
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com