សង្គមជាតិ
សង្គមអន្តរជាតិ​
អន្តរជាតិ
អង្គការ​ជាតិ​-​អន្តរជាតិ​៖ ៤​ឆ្នាំ​ហើយ មិនទាន់មាន​ការស៊ើបអង្កេត​ដោយ​ប្រសិទ្ធភាព​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី​
09, Jul 2020 , 6:00 pm        
រូបភាព
អ្នកស្រី ប៊ូ រចនា ជាភរិយា ឱបរូបថតរបស់បណ្ឌិត កែម ឡី ពេលដង្ហែសពលោកបណ្ឌិត ពីវត្តចាស់ រាជធានីភ្នំពេញ ទៅបញ្ចុះនៅស្រុកកំណើត ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៦ (រូបពី AFP)
អ្នកស្រី ប៊ូ រចនា ជាភរិយា ឱបរូបថតរបស់បណ្ឌិត កែម ឡី ពេលដង្ហែសពលោកបណ្ឌិត ពីវត្តចាស់ រាជធានីភ្នំពេញ ទៅបញ្ចុះនៅស្រុកកំណើត ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៦ (រូបពី AFP)
​មួយថ្ងៃ​មុន​មកដល់​គម្រប់​ខួប​៤​ឆ្នាំ​នៃ​ការបាញ់សម្លាប់​បណ្ឌិត កែម ឡី អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​៣០ រួមគ្នា​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ ក្រោម​ចំណងជើង​ថា​៖«​រយៈពេល​៤​ឆ្នាំ​កន្លង​ទៅហើយ ពុំទាន់​មានការ​ស៊ើបអង្កេត​ដោយ​ប្រសិទ្ធភាព​ក្នុងករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​»​។

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​ទាំង​៣០ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បង្កើត​គណៈកម្មការ​ឯក​រាជ្យ ដើម្បី​ស៊ើបអង្កេត​ដោយ​ប្រសិទ្ធភាព និង​អាច​ជឿទុកចិត្ត​បាន លើ​ករណី​បាញ់សម្លាប់​បណ្ឌិត កែម ឡី​។ 
 
​អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ បង្ហាញ​ការតាំង​ចិត្ត​ដូច្នេះ​ថា​៖«​យើងខ្ញុំ នឹង​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ឥត​លម្អៀង មាន​ប្រសិទ្ធភាព និង​ហ្មត់ចត់​ក្នុងករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី រហូត​ទាល់តែ​ជន​ទាំងឡាយ​ដែលមាន​ចំណែក​ទទួលខុសត្រូវ ចំពោះ​ឃាតកម្ម​លើ​លោក ត្រូវបាន​នាំខ្លួន​មក​ផ្តន្ទាទោស​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​ថា ការបង្កើត​អង្គភាព​ផ្សេង ដើម្បី​ស៊ើបអង្កេត​ករណី​បណ្ឌិត កែម ឡី គឺជា​ការ​ប្រឆាំងនឹង​ច្បាប់​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ ចង្អុល​បង្ហាញថា មានតែ​តុលាការ​ទេ ដែលមាន​អំណាច​ក្នុងការ​វិនិច្ឆ័យ​ក្តី​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ លោក និយាយ​ទៅកាន់​អង្គការ​ទាំងនោះ​ថា​៖«​វា ជាការ​បង្ខំ ហើយក៏​ជា​មាក់​ងាយ​ដល់​ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា​ចៅក្រម​នេះឯង​»​។​
 
​អ្នកនាំពាក្យ​រូបនេះ មានប្រសាសន៍ថា បើ​អង្គការ​ខាងលើ មានលទ្ធភាព គឺអាច​ស្វែងរក​ភស្តុ​តាំង​ថ្មី ហើយ​ដាក់​ទៅ​តុលាការ ដើម្បី​សុំ​សើរើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី​។​
 
​អង្គការ​ជាតិ​និង​អន្តរជាតិ​ទាំង​៣០ លើកឡើងថា មិនមែន​តែ​ពេលនេះ​ទេ គឺ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ជាច្រើន បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ឯក​រាជ្យ ដើម្បី​ស៊ើបអង្កេត​ដោយ​មិន​លម្អៀង និង​មាន​ប្រសិទ្ធភាព​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី​។ 
 
​ជាមួយគ្នានេះ អង្គការ​ទាំង​៣០ សង្កេតឃើញថា អាជ្ញាធរ បាន​បន្ត​ឃ្លាំមើល យាយី និង រារាំង ការរៀបចំ​ពិធី​រម្លឹក​ខួប​នៃ​មរណភាព​បណ្ឌិត កែម ឡី​។ អង្គការ​ទាំ​នោះ ស្នើ​ឲ្យ​អាជ្ញាធរ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​ការយាយី​ទៅលើ​បុគ្គល​នានា​ដែល​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី​។ 
 
​លោក ផៃ ស៊ី​ផាន អះអាងថា វិធានការ​របស់​អាជ្ញា​ធរ គឺ​ដើម្បី​រក្សា​សណ្តាប់​សាធារណៈ ដូច្នេះ អ្នក​ដែល​ចង់​ធ្វើ​ពិធី​រម្លឹក​ខួប​បណ្ឌិត កែម ឡី ក៏​ត្រូ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែ​េ​រ​។ លោក បន្ថែមថា នៅ​ប្រទេស​ណាក៏ដោយ រួមទាំង​សហរដ្ឋអាមេរិក ការបង្ក្រាប​និង​ការទប់ស្កាត់​ណាមួយ គឺ​ដើម្បី​រក្សា​ស្ថិរភាព​ឬ​សណ្តាប់ធ្នាប់​សាធារណៈ​។​
 
​លោក មាន​ហេតុផល​ថា​៖«​អាហ្នឹង​ជាកា​ព្វ​កិ​ច្ចនៃ​ប្រទេស​ប្រជាធិបតេយ្យ​។ បើ​ធ្វើ​អី​ស្រេច​តែ​ចិត្ត មិនមែន​ប្រជាធិបតេយ្យ​ទេ គេ ហៅ​អនាធិបតេយ្យ​»​។​
 
​អង្គការ​ជាតិ ដែល​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​ខាងលើ មានដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស (LICADHO) និង អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា (TI) ជាដើម ហើយ​អង្គការ​អន្តរជាតិ មានដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) និង វិទ្យាស្ថាន​កម្ពុជា​ដើម្បី​ប្រជាធិបតេយ្យ (NDI) ជាដើម​។​
 
​បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ ត្រូវបាន​ឃាតក បាញ់​ស្លាប់​ក្នុង​ស្តា​ម៉ា​តនៃ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​ស្តុ​ប​បូកគោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ 
 
​បុរស​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​ចោទថា ជា​ឃាតក ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត​។ ជួប សម្លាប់ បាន​សារភាពថា រូបគេ ពិតជា​បាន​បាញ់សម្លាប់​លោក​បណ្ឌិត​មែន ហើយ​លើក​មូល​ហេតុថា ព្រោះ​ខឹង​នឹង​លោក​បណ្ឌិត ដែល​ជំពាក់​លុយ​៣​ពាន់​ដុល្លារ ហើយ​មិន​សង​វិញ​។ រូបគេ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ 
 
​យ៉ាងណា មជ្ឈដ្ឋាន​ខ្លះ ជាពិសេស​អ្នកស្រី ប៊ូ រចនា ជា​ភរិយា​របស់លោក​បណ្ឌិត មិន​ជឿថា ជួប សម្លាប់ ជា​ឃាតក​នោះទេ​។ ពួកគេ រឹតតែ​មិន​ជឿថា លោក​បណ្ឌិត ជំពាក់​លុយ​ជួប សម្លាប់​។ ពួកគេ នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ ស្វែងរក​ឃាត​កពិត ដែល​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត យកទៅ​ផ្តន្ទាទោស​។ បច្ចុប្បន្ន អ្នកស្រី ប៊ូ រចនា និង កូនប្រុស​ទាំង​៥​នាក់ កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​។ 
 
​ព្រះសង្ឃ​និង​ក្រុមយុវជន​មួយចំនួន គ្រោង​ទៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា គឺ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែកក្កដា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ហើយ​ដើម្បី​រម្លឹក​ខួប​៤​ឆ្នាំ​នៃ​មរណភាព​របស់លោក​ដែរ​។ ប៉ុន្តែ គម្រោង​នឹង មិនអាច​ធ្វើទៅបាន​ដោយ​រលូន​ឡើយ ដោយសារ​តែមាន​ការហាម​ឃាត់​ពី​អាជ្ញាធរ​ខណ្ឌចំការមន​។​
 
​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ព្រះសង្ឃ​និង​ក្រុមយុវជន​ប្រមាណ​២០​ទៅ​៣០​នាក់ បាន​ទៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល​តិច ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី​។ ភ្លាមៗ​នោះ អាជ្ញាធរ ក៏បាន​ទៅ​បំបែក​ប្រមូលផ្តុំ និង​បាន​នាំ​យុវជន​ម្នាក់ ទៅ​សាកសួរ ដោយ​មិនទាន់​ឮដំណឹង​ពី​ការដោះលែង​វិញ​នោះទេ​។ 
 
​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា​នេះ គេ មិន​បានឃើញ​ព្រះសង្ឃ​និង​ក្រុម​យុ​ជន បន្តទៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិ​ឡើយ​។ 
 
​អាជ្ញាធរ​ខណ្ឌចំការមន បាន​ជូនដំណឹង​ជាមុន​រួចហើយ​ថា ថា​អាច​នឹង​ប្រឈម​នឹង​ចំណាត់ការ បើ​មានការ​ប្រមូលផ្តុំ​។ អាជ្ញាធរ​ខណ្ឌចំការមន លើក​ហេតុផល​ថា ការមិន​ឲ្យ​ទៅ​ប្រមូលផ្តុំ​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​។ 
 
​ម្យ៉ាង​ទៀតថា អាជ្ញាធរ​ខណ្ឌចំការមន លើក​ហេតុផល​ថា ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ជា​សាកល ហើយ​ក្រសួងសុខាភិបាល​កម្ពុជា បាន​បិទ​ការជួបជុំ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស​៕  
 

Tag:
 អង្គការ​ជាតិ​-​អន្តរជាតិ​
  កែម ឡី​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com