ជាតិ
​លោក ណៅ ធួ​ក សោកស្តាយ​ពេល​ឃើញ​ត្រី​គល់រាំង​ដ៏​កម្រ​បន្ត​មាន​វត្តមាន​នៅលើ​ទីផ្សារ​
10, Jul 2020 , 8:59 am        
រូបភាព
ដោយ​៖ ង៉ា​យ ណៃ​

​ភ្នំពេញ​៖ ត្រី​គល់រាំង ដែលជា​ត្រី​តំណាង​អត្តសញ្ញាណ​ជាតិ នៅតែ​បន្ត​រង​ការគំរាមកំហែង​អាយុជីវិត ពី​ការធ្វើ​នេសាទ​ខុសច្បាប់​។


​លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្តែង​ការសោកស្តាយ ចំពោះ​វត្តមាន​ត្រី​គល់រាំង ដែលជា​ប្រភេទ​ត្រី​កម្រ ជិត​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅហើយនោះ ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​។ 
 
​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) បាន​ចុះផ្សាយ​សម្តី​របស់លោក ណៅ ធួ​ក ដែល​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​មែនទែន នៅពេលដែល​ទទួលបាន​ដំណឹង​ថា នៅតែមាន​ការនេសាទ និង​លក់ដូរ​ត្រី​គល់រាំង ដែលជា​ត្រី​កម្រ​បំផុត​របស់​ប្រទេស​កម្ពុជា និង​ជា​ប្រភេទ​ត្រី​តំណាង​អត្តសញ្ញាណ​ជាតិ នៅលើ​ទីផ្សារ​»​។​


 
​ជាមួយ​លោក បានស្នើ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ប្រភេទ​ត្រី​អត្តសញ្ញាណ​ប្រទេស​នេះ ដោយ​កុំ​ទិញ ឬ​បរិភោគ ត្រី​គល់រាំង ក៏ដូចជា​ប្រភេទ​ត្រី​កម្រ​ផ្សេងទៀត​ដែរ​។ ទន្ទឹមនឹងនេះ លោក​ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ បន្ត​ចាត់វិធានការ​ចំពោះ​ជន​បំពាន​ច្បាប់ ក៏ដូចជា​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​បន្ថែមទៀត​។​
 
​តាម​រដ្ឋលេខាធិកា​ក្រសួងកសិកម្ម​រូបនេះ ត្រី​គល់រាំង មិនមែន​ទើបតែ​ធ្វើការ​ហាមឃាត់​នេសាទ  លក់ដូរ និង​ដឹកជញ្ជូន ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០០៥​ទេ តែ​ត្រី​តំណាង​ជាតិ​នេះ ត្រូវបាន​ហាមឃាត់​នេសាទ តាំងពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com