COVID-19
អន្តរជាតិ
ការបោះឆ្នោតនៅសិង្ហបុរីចាប់ផ្ដើម, បក្សកាន់អំណាចរំពឹងឈ្នះឆ្នោតមួយអាណត្តិទៀត ស្ត្រីសិង្ហបុរី ទម្លាក់សន្លឹកឆ្នោតក្នុងហិបអំឡុងការបោះឆ្នោតជ្រើសរើសសមាជិកសភា។ រូបភាព AFP
× ការបោះឆ្នោតជ្រើសរើសសមាជិកសភាសិង្ហបុរី បានចាប់ផ្ដើមព្រឹកនៅថ្ងៃទី១០ ខែកក្កដា។ គណបក្សកាន់អំណាចសកម្មភាពប្រជាជនដែលដឹកនាំប្រទេសតាំងពីទទួលឯករាជ្យមកនោះ រំពឹងឈ្នះការបោះឆ្នោតដែលធ្វើឡើងក្នុងបរិបទជំងឺ COVID-19 ហើយរងការប្រជែងខ្លាំងពីសំណាក់បក្សប្រឆាំង។ វិធានការសុខាភិបាល ត្រូវបានដាក់ឲ្យអនុវត្តនៅតាមការិយាល័យបោះឆ្នោតទូទាំងបុរីរដ្ឋមួយនេះ។
ការិយាល័យបោះឆ្នោតទាំង១១០០ បានបើកទា្វរនៅម៉ោង៨ព្រឹកថ្ងៃទី១០ ខែកក្កដា ដើម្បីទទួលអ្នកបោះឆ្នោតប្រមាណ២,៦៥លាននាក់។ ការបោះឆ្នោត នឹងបន្តធ្វើរហូតដល់ម៉ោង៨យប់ ហើយលទ្ធផលនឹងចេញជាបណ្ដើរនៅពេលនោះ។ អាសនសភាចំនួន៩៣ នឹងត្រូវដាក់ឲ្យប្រជែងសម្រាប់ការបោះឆ្នោតលើកនេះ។
បើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewsAsia ប្រជាជនសិង្ហបុរីដែលមានសិទ្ធិបោះឆ្នោត បានទៅដល់ការិយាល័យ និងបោះឆ្នោតភ្លាមៗក្រោយការបើកការិយាល័យ។ ពួកគេ ត្រូវឆ្លងកាត់ការវាស់កម្ដៅ ពាក់ស្រោមដៃ និងលាងសម្អាតដៃមុនពេលទទួលសន្លឹកឆ្នោត។ ចំណែកបន្ទប់គូសសន្លឹកឆ្នោត និងប៊ិច ក៏ត្រូវបានសម្អាតជាញឹកញាប់ផងដែរ។ ស្រោមដៃដែលប្រើហើយ នឹងត្រូវបោះចោលនៅខាងក្រៅការិយាល័យនីមួយៗ។
លើសពីនោះ គណៈកម្មការរៀបចំការបោះឆ្នោតក៏រៀបចំម៉ោងបោះឆ្នោតពិសេសសម្រាប់អ្នកដែលមានសីតុណ្ហភាពលើស៣៧,៥អង្សា និងអ្នកដែលនៅដោយឡែកផងដែរ។ ប្រធានាធិបតី ហាលីម៉ា យ៉ាកុប ស្ថិតក្នុងចំណោមអ្នកបោះឆ្នោតដំបូងគេ។
គណបក្សសកម្មភាពប្រជាជនរបស់នាយករដ្ឋមន្ត្រី លី សៀនឡុង ត្រូវបានរំពឹងថា នឹងឈ្នះឆ្នោតទៀត ប៉ុន្តែគេមិនទាន់ច្បាស់ថា អាចរក្សាសំឡេងភាគច្រើនលើសលប់ឬយ៉ាងណាឡើយ។ កាលពីការបោះឆ្នោតឆ្នាំ២០១៥ បក្សនេះឈ្នះកៅអីសភាចំនួន៨៣ ក្នុងចំណោមកៅអីសរុប៩១។ សម្រាប់ការបោះឆ្នោតលើកនេះ បក្សកាន់អំណាច ប្រហែលពិបាកបន្តិច ព្រោះមានបក្សប្រឆាំងជាច្រើនចូលរួម ក្នុងនោះក៏មានបក្សរបស់អតីតសមាជិកមន្ត្រីជាន់ខ្ពស់របស់ខ្លួនផង។
បក្សពលករ ជាបក្សប្រឆាំងធំជាងគេ និងជាបក្សតែមួយគត់ដែលមានកៅអីក្នុងសភា។ បក្សទទួលបានកៅអីចំនួន៩ ពីការបោះឆ្នោតឆ្នាំ២០១៥ ។ បក្សសិង្ហបុរីជឿនលឿនដែលទើបបង្កើតថ្មី ក៏ត្រូវបានមើលឃើញថា ជាដៃគូប្រជែងមិនអាចមើលរំលងដែរ។ បក្សនេះដឹកនាំដោយលោក Tan Cheng Bock អតីតមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច។ ប្អូនប្រុសលោក លី សៀនឡុង ឈ្មោះលី សៀនយ៉ាង ជាសមាជិកបក្សនេះដែរ។
អ្វីដែលគេរង់ចាំមើលពីការបោះឆ្នោតនេះ គឺសមត្ថភាពរបស់មន្ត្រីជំនាន់ទីបួនរបស់បក្សកាន់អំណាច។ លោក លី ដែលជាមេដឹកនាំជំនាន់ទីបី នឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅក្រោយការបោះឆ្នោតនេះ។ អ្នកស្នងតំណែងរបស់លោក ត្រូវបានកំណត់រួចហើយ គឺលោក ហេង ស្វីគៀត ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ការបោះឆ្នោតនេះ នឹងក្លាយជាការវាស់ស្ទង់ប្រជាប្រិយភាពរបស់អ្នកជំនាន់ក្រោយ៕
Tag:
សិង្ហបុរី
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com