ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី​
10, Jul 2020 , 10:49 am        
រូបភាព
​ភ្នំពេញ​៖ អាមេរិក អំពាវនាវ​ឱ្យ​កម្ពុជា ស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ​។ លោក កែម ឡី ត្រូវបាន​ឃាតករ ដែល​គេ​ស្គាល់​ឈ្មោះថា អឿ​ត អាង ហៅ ជួប សម្លាប់ បាញ់​នៅក្នុង​ស្ដា​ម៉ា​ត កាល់​តិច នៅក្បែ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦​។​


​ឃាតករ​ដែល​បាញ់សម្លាប់​លោក កែម ឡី កាលពី​៤​ឆ្នាំមុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ ក៏ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​។ 
 
​ដ្បិត​តុលាការ​សម្រេច​បែបនេះ​ក្តី តែ​អន្តជាតិ និង​គ្រួសារ រួមទាំង​អ្នក​ស្រលាញ់​គោរព​លោក​បណ្ឌិត កែម ឡី នៅតែ​មិនទាន់​ជឿថា ឃាតករ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ នេះ ជា​ឃាតករ​ពិតប្រាកដ​ដែរ​។ ហើយ​លើសពីនេះ​ទៀត​នោះ ពួកគេ នៅតែ​សង្ស័យថា ករណី​បាញ់សម្លាប់​លោក កែម ឡី អាចមាន​អ្នកណាម្នាក់​នៅ​ពីក្រោយ​រឿងនេះ​។​
 
​អាមេរិក ក៏បាន​ចេញមុខ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​ករណី​ឃាតកម្ម​លោក កែម ឡី ផងដែរ​។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ និង​បង្ហោះ​រូបភាព​បែប​កាន់ទុក្ខ​លោក កែម ឡី លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​គឺជា​ខួប​លើក​ទី ៤ នៃ​មរណភាព​យ៉ាង​សោកនាដកម្ម​របស់លោក កែម ឡី ដែល​ត្រូវបាន​គេ​គោរព​យ៉ាង​ជ្រាលជ្រៅ ហើយ​ជា​អ្នកមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​គ្មាន​ការភ័យខ្លាច​នៅក្នុង​ការស្វែងរក​ការពិត​។ យើង​សូម​អំពាវនាវ​សាជាថ្មី ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ និង​ប្រកបដោយ​តម្លាភាព លើ​ការធ្វើឃាត​លើ​រូបលោក​»​។​
 
​ក្រៅពី​អាមេរិក ក៏មាន​អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​ទាំង​៣០ បានចេញ​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បង្កើត​គណៈកម្មការ​ឯក​រាជ្យ ដើម្បី​ស៊ើបអង្កេត​ដោយ​ប្រសិទ្ធភាព និង​អាច​ជឿទុកចិត្ត​បាន លើ​ករណី​បាញ់សម្លាប់​បណ្ឌិត កែម ឡី​។​
 
​តែ​សំណើ​នេះ ត្រូវបាន​រដ្ឋាភិបាល​ប​ដិ​សេធ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​សំណើ​បង្កើត​អង្គភាព​ឯករាជ្យ​នេះ ជាការ​ប្រឆាំងនឹង​ច្បាប់​កម្ពុជា និង​រដ្ឋធម្មនុញ្ញ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​លោក ផៃ ស៊ី​ផាន អះអាងថា​៖«​វា ជាការ​បង្ខំ ហើយក៏​ជា​មាក់ងាយ​ដល់​ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា​ចៅក្រម​នេះឯង​»​។​
 
​នៅ​ព្រឹក​ថ្ងៃទី​១០ កក្កដា ក្រុមយុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែល​ស្រលាញ់​គោរព​លោក​បណ្ឌិត កែម ឡី ក៏បាន​រៀបចំ​ពិធី​រម្លឹក​ខួប​៤​ឆ្នាំ នៃ​ការស្លាប់​លោក នៅ​កន្លែង​បាញ់សម្លាប់ នៅក្នុង​ស្ដា​ម៉ា​ត កាល់​តិច ក្បែ​ស្ដុ​ប​បូកគោ រាជធានី​ភ្នំពេញ និង​នៅ​ខេត្តតាកែវ ស្រុកកំណើត​របស់លោក​បណ្ឌិត​ផងដែរ​៕

Tag:
 ​កែម ឡី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com