អន្តរជាតិ
អាមេរិក យល់ព្រមលក់កញ្ចប់គ្រឿងបង្គុំខែលការពារមីស៊ីលឲ្យតៃវ៉ាន់តម្លៃ ៦២០លានដុល្លារ ប្រធានាធិបតីតៃវ៉ាន់ លោកស្រីTsai Ing-wen។ រូបភាព៖ AFP
× អាមេរិក បានផ្តល់ភ្លើងខៀវក្នុងការលក់ជាកញ្ចប់នៃគ្រឿងបង្គុំខែលការពារមីស៊ីល មកឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៦២០លានដុល្លារ។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៩ ខែកក្កដា។ ការលក់គ្រឿងបង្គុំឲ្យតៃវ៉ាន់ នេះធ្វើឡើងដើម្បីធ្វើទំនើបកម្មខែលមីស៊ីល Patriot ឲ្យមានអាយុកាលយូរជាងមុន។
រយៈពេលចុងក្រោយនេះ អាមេរិក បានឯកភាពលក់សម្ភារយោធាឲ្យតៃវ៉ាន់ជាបន្តបន្ទាប់។ នៅក្នុងខែឧសភា អាមេរិក បានផ្តល់ភ្លើងខៀវ លក់មីស៊ីលបំពាក់លើនាវា Torpedo ចំនួន១៨ដើមឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ១៨០លានដុល្លារ។ នៅពេលនេះ អាមេរិកបានយល់ព្រមលក់គ្រឿងបង្គុំនៃខែលការពារមីស៊ីលPatriot ឲ្យតៃវ៉ាន់ថែមទៀត។ ខែលការពារមីស៊ីល Patriot នេះ គឺប្រព័ន្ធការពារមីស៊ីលពីលើដីទៅអាកាស។
តាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក តៃវ៉ាន់ បានស្នើមកទីក្រុងវ៉ាស៊ីនតោនឲ្យគ្រឿងបង្គុំ ដើម្បីអភិវឌ្ឍខែលការពារ Patriot របស់ខ្លួន។ ការធ្វើទំនើបកម្មនេះ គឺដើម្បីគាំទ្រប្រព័ន្ធប្រតិបត្តិការខែលការពារមីស៊ីលឲ្យបានរយៈពេល ៣០ឆ្នាំទៀត។ ក្រុមហ៊ុនផលិតអាវុធ Lockheed Martin ជាភាគីផ្គត់ផ្គង់គ្រឿងបង្គុំរបស់ខែលការពារមីស៊ីលឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៦២០លានដុល្លារ។
សម្រាប់តៃវ៉ាន់ គ្រឿងបង្គុំទាំងនេះ គឺសំខាន់ណាស់ ហើយសង្ឃឹមថា ការលក់មួយនេះ នឹងមានសុពលភាពនៅខែក្រោយ។ ក្រសួងការពារជាតិតៃវ៉ាន់ បានលើកឡើងបែបនេះ ដោយបន្ថែមថា នេះគឺជាការលក់អាវុធលើកទី៧ របស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកឲ្យតៃវ៉ាន់។ វាគឺរឿងសំខាន់ ដើម្បីដំឡើងគ្រឿងបង្គុំទាំងនេះ ទៅជាប្រព័ន្ធសន្តិសុខការពារជាតិ។
លើសពីនេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានលើកឡើងពីតួនាទីដ៏ចម្បងរបស់អាមេរិក ក្នុងការពារសន្តិសុខ ស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងតំបន់ជារួមផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
តៃវ៉ាន់ តែងធ្វើទំនើបកម្មយោធារបស់ខ្លួនជានិច្ច ខណៈប្រឈមមុខនឹងការគំរាមរបស់ចិន ហើយអាមេរិក គឺជាដៃគូលក់អាវុធដ៏សំខាន់។ ក្រោមការដឹកនាំរបស់លោកស្រី ប្រធានាធិបតីTsai Ing-wen តៃវ៉ាន់តែងតែបង្ហាញពីសញ្ញាចង់ប្រកាសឯករាជ្យ។ ដោយសារបញ្ហានេះ ចិនបានព្រមានម្តងហើយម្តងទៀតថា លទ្ធភាពចុងក្រោយ គឺការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយសង្គ្រប់យកកោះតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ៕
Tag:
អាមេរិក
តៃវ៉ាន់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com