អន្តរជាតិ
WHO តែងតាំង​អតីត​មេដឹកនាំ​ស្ត្រី​ពីររូប​ឲ្យ​ដឹកនាំ​ការវាយតម្លៃ​ការឆ្លើយតប​ជំងឺ COVID-19
10, Jul 2020 , 10:39 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីនូវែលសេឡង់ Helen Clark និងអតីតប្រធានាធិបតីលីបេរីយ៉ា Ellen Johnson Shirleaf ។
អតីតនាយករដ្ឋមន្រ្តីនូវែលសេឡង់ Helen Clark និងអតីតប្រធានាធិបតីលីបេរីយ៉ា Ellen Johnson Shirleaf ។
​អង្គការ​សុខភាព​ពិភពលោក (WHO) បានតែងតាំង​អតីត​មេដឹកនាំ​នូ​វែ​ល​សេ​ឡង់ និង​លី​បេ​រី​យ៉ា​ឲ្យ​ដឹកនាំ​ការវាយតម្លៃ​ការឆ្លើយតប​ជំងឺ COVID-19 ដែល​មកទល់​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ជាង​៣​លាន​នាក់​ហើយ​។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយ​នៅ​ថ្ងៃទី​៩ ខែកក្កដា ថា ការវាយតម្លៃ​លើ​ការឆ្លើយតប​ពេលនេះ នឹង​ជួយ​បញ្ចៀស​ផលវិបាក​នៅ​ថ្ងៃ​អនាគត​។​

 
​អតីត​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ Helen Clark និង​អតីត​ប្រធានាធិបតី​លី​បេ​រី​យ៉ា Ellen Johnson Sirleaf នឹង​ដឹកនាំ​ក្រុមការងារ​ឯករាជ្យ​មួយ​ដែល​បង្កើត​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃទី​៩ ខែកក្កដា ក្នុង​គោលដៅ​ត្រួតពិនិត្យ​ការឆ្លើយតប​ជំងឺ COVID-19 ។ WHO រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​ការឆ្លើយតប​នេះ​រហូត​រង​ការ​ចោទថា ទោរទន់​ទៅរក​ចិន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​នេះ​មុនដំបូង​ផង​។​
 
​ពី​ទីស្នាក់ការ WHO ក្នុង​ទីក្រុង​ហ្សឺ​ណែវ លោក​អគ្គនាយក Tedros Adhanom Ghebreyesus ចាត់ទុក​លទ្ធផល​វាយ​តម្លៃ​របស់​គណៈកម្មកា​រ​ឯករាជ្យ​នេះ​ដែល​ចេញ​នៅ​ខែឧសភា ឆ្នាំក្រោយ នឹង​ជួយ​ឲ្យ​ប្រទេស​នានា​យល់ដឹង​ពី​មធ្យោបាយ​ទប់ស្កាត់​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ​។ លោក​បន្តថា​៖ «​តាមរយៈ​អ្នក​ទាំងអស់ ពិភពលោក នឹង​យល់ដឹង​ពី​ការពិត​ដែល​កើតឡើង ព្រមទាំង​ដំណោះស្រាយ​ដើម្បី​កសាង​អនាគត​ល្អប្រសើរ​របស់​មនុស្សជាតិ​។​»   
 
​ការបង្កើត​ក្រុម​ឯករាជ្យ​នេះ ធ្វើឡើង​ក្រោយ​ការឯកភាព​របស់​មហា​សន្និបាត​សុខាភិបាល​ពិភពលោក​ក្នុង​ខែឧសភា​កន្លងទៅ​។ សហភាព​អឺរ៉ុប ជា​អ្នកស្នើ​ឲ្យ​មានការ​បង្កើត​ស្ថាប័ន​ឯករាជ្យ មិន​លម្អៀង និង​មានការ​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​មួយ ដើម្បី​ពិនិត្យឡើងវិញ​បទពិសោធ និង​មេរៀន​បានមកពី​ការឆ្លើយតប​ជា​អន្តរជាតិ​ដឹកនាំ​ដោយ WHO ទៅនឹង​ជំងឺ COVID-19 ។​
 
​លោកស្រី Clark និង​លោកស្រី Shirleaf នឹងត្រូវ​រើស​សមាជិក​ដោយ​ខ្លួន និង​មាន​លេខាធិការដ្ឋាន​ដាច់ដោយឡែក​មួយ​ដែរ​។ ក្រោយ​ទទួលបាន​ការតែងតាំង លោកស្រី Shirleaf និយាយថា លោកស្រី​នឹង​ប្រឹងប្រែង​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដែល​រារាំង​ពិភពលោក​មិន​ឲ្យ​រួបរួមគ្នា​ឆ្ពោះទៅមុខ​។ ឯ​លោកស្រី Clark វិញ​លើកឡើងថា ការងារ​គួរ​ចាត់ទុកបាន​ជាការ​ប្រឈម​ដ៏​ពិសេស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការបើក​ការវាយតម្លៃ​នេះ ធ្វើឡើង​ក្រោយ​ការដកខ្លួន​របស់​អាមេរិក​ចេញពី WHO ។ រដ្ឋបាល​លោក ត្រាំ និយាយ​ដោយ​មិន​លាក់លៀម​ថា WHO លំអៀង​ទៅរក​ចិន ហើយ​មាន​ចំណាត់​មិនល្អ​ឡើយ​នៅ​ដំណាក់កាល​ដំបូង​នៃ COVID-19 ។ អាមេរិក​ក៏បាន​ផ្អឹប​ជំនួយ​ជាច្រើន​លាន​ដុល្លារ​ទៀត​សម្រាប់​អង្គការ​នេះដែរ​៕

Tag:
 WHO
  Helen Clark
  Ellen Johnson Sirleaf
© រក្សាសិទ្ធិដោយ thmeythmey.com