អន្តរជាតិ
ជា​លើកដំបូង អាមេរិក​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​លើ​រឿង​បំពាន​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង​
10, Jul 2020 , 2:59 pm        
រូបភាព
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។ រូបភាពAFP
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ។ រូបភាពAFP
ដោយ:
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៩ ខែកក្កដា​នេះ បានដាក់​ចេញ​នូវ​វិធានការ​ដំបូង​ក្នុងការ​បញ្ឈប់​សកម្មភាព​បំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង ដោយ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន​ជាច្រើនរូប​។ ក្នុងនោះ លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​នេះ ក្លាយជា​មន្ត្រី​ថ្នាក់​ខ្ពស់បំផុត​ដែល​រង​ទណ្ឌកម្ម​អាមេរិក​។

 
​មន្ត្រីជាន់ខ្ពស់​ចិន​ទាំង​៣​រូប​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​អាមេរិក​មាន លោក Chen Quanguo ប​លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​ស៊ីន​ជាំ​ង លោក Wang Mingshan នាយក​ការិយាល័យ​សន្តិសុខ​សាធារណៈ  និង​លោក Zhu Hailun អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​។​
 
​ទណ្ឌកម្ម​ដែល​អាមេរិក ដាក់​លើ​មន្ត្រីជាន់ខ្ពស់​ចិន​ចំនួន​៣​រូប​រួមមាន ការមិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ចូល​អាមេរិក និង​ការ​បង្កក​ទ្រព្យសម្បត្តិ​។ បន្ថែម​ពីនេះ ក្រសួង​រតនាគារជាតិ​អាម​រិ​ក​ក៏បាន​ប្រកាស​ផងដែរ​ថា បុគ្គល​ទាំងឡាយណា​ដែល​ដោះដូរ​ហិរញ្ញវត្ថុ​ជាមួយ​បុគ្គល​ទាំង​៣​រូប នឹង​ជាប់ទោស​ព្រហ្មទណ្ឌ​ផងដែរ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៩ ខែកក្កដា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បានលើកឡើង​ថា អាមេរិក​កំពុង​ប្រឆាំងនឹង​អំពើ​យ៉ាង​រន្ធត់ និង​ការបំពាន​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​តំបន់​ភាគ​ខាងលិច​របស់​ប្រទេស​ចិន​មួយ​ដែល​រួមមាន​ពលកម្ម​ដោយ​បង្ខំ ការ​ឃុំឃាំង​ទ្រង់ទ្រាយ​ធំ និង​ការគ្រប់គ្រង​កំណើនប្រជាជន​ដោយ​បង្ខំ​ជាដើម​។ លោក​បន្ថែមថា អាមេរិក នឹងមិន​ឈរ​អោបដៃ​ឡើយ​ចំពោះ​ការបំពាន​សិទ្ធិមនុស្ស​ប្រព្រឹត្ត​ដោយ​បក្ស​កុម្មុយនីស្ត​ចិន​ទៅលើ​ជនជាតិ​វី​ហ្គ័​រ កា​ហ្សា​ក់ និង​ជនជាតិភាគតិច​ដទៃទៀត​នៅ​តំបន់​ស៊ីន​ជាំ​ង​។​
 
​ក្រៅតែពី​បុគ្គល​ទាំងបី​ខាងលើ លោក Huo Liujun ដែលជា​អតីតមន្ត្រី​សន្តិសុខ ក៏​ជាប់​ទណ្ឌកម្ម​ផងដែរ​។ បន្ថែម​ពីនេះ ក្រសួង​រតនាគារ​អាមេរិក ក៏​ដាក់ទណ្ឌកម្ម​លើ​ការិយាល័យ​សន្តិសុខ​ប្រចាំ​តំបន់​ចំពោះ​សកម្មភាព​ឃ្លាំមើល​តាម​ប្រព័ន្ធ​ឌី​ជី​ថ​លើ់​ជនជាតិ​មូស្លីម​វី​ហ្គ័​រ និង​ជនជាតិ​ភាគ​ដទៃ​ផ្សេងទៀត​។​
 
​សាក្សី និង​អង្គការសិទ្ធិមនុស្ស ក៏ដូចជា​អង្គការសហប្រជាជាតិ ប៉ាន​ស្មានថា ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ដទៃទៀត​ចំនួន​ច្រើនជាង​១​លាន​នាក់ បាន​ចាប់​បង្ខាំង​ក្នុង​ជំរំ​ជាច្រើន​នៅ​តំបន់​ស្វ័ត​ភាគ​ខាងលិច​នេះ​។ ប៉ុន្តែ​ចិន​វិញ បាន​ទាត់ចោល​នូវ​ការចោទប្រកាន់​ទាំងឡាយ​ដោយ​អះអាងថា ជំរំ​ទាំងអស់នោះ​សម្រាប់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រឆាំង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​។​
 
​ក្រុម​អ្នកការពារ​សិទ្ធ​ជនជាតិភាគតិច​វី​ហ្គ័​រ បាន​សាទរ​ចំពោះ​ការដាក់ទណ្ឌកម្ម​នេះ និង​មាន​ទទូច​ឲ្យ​ប្រទេស​ដទៃទៀត​ធ្វើតាម​អាមេរិក​។ នាពេល​ថ្មីៗ​នេះ​តំណាងរាស្ត្រ​អាមេរិក​ចំនួន​៧៨​រូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ បានចេញ​លិខិត​ទទូច​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពិចារណា​ជា​ផ្លូវការ​នូវ​សកម្មភាព​របស់​ចិន​ដោយ​ចាត់ទុកជា​អំពើ​ប្រល័យពូជសាសន៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com