ជាតិ
សង្គមជាតិ
ហេតុផល​៣​យ៉ាង​ដែល​អាជីវកម្ម​លក់​សាច់​ឆ្កែ ត្រូវ​បិទ​ជាដាច់ខាត​
10, Jul 2020 , 9:29 pm        
រូបភាព
front-ប្រភពរូប៖ AFP
front-ប្រភពរូប៖ AFP
ដោយ:
​ឆ្កែ (សុនខ) ជា​សត្វ​ចិញ្ចឹម​ជាទី​ស្រលាញ់​របស់​មនុស្ស​ភាគច្រើន ដែល​វា​ចេះ​ចាំផ្ទះ និង​ផ្ដល់​ភាពកក់ក្តៅ​ដល់​ម្ចាស់​ផងដែរ​។ ជាទូទៅ តាមបណ្តាខេត្ត ជាពិសេស​នៅ​ជន​បទ ដែលមាន​ទីធ្លាទូលាយ ពល​រដ្ឋ​តែងតែចិញ្ចឹម​ឆ្កែដើម្បី​ការពារ​ផ្ទះ រីឯនៅទីប្រជុំ អ្នក​ចិញ្ចឹមចាត់ឆ្កែជា​សត្វ​នៃក្តីស្រឡាញ់ ដោយអ្នក​ខ្លះឲ្យ​វារស់នៅ​ក្នុងបន្ទប់ជាមួយខ្លួន​ថែមទៀត​ផង។ ចំណាត់​ការ​មន្ទីរ​កសិកម្ម​ រុក្ខា ប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ ទទួលបាន​នូវ​ការសាទរជាច្រើន។ បណ្តាអ្នក​ស្រឡាញ់​សត្វ ចង់ឲ្យ​មាន​ការហាមឃាត់អាជីវកម្ម​សុនខក្នុង​កម្រិត​ទូទាំង​ប្រទេស​កម្ពុជាតែម្តង។



សារព័ត៌មាន​ថ្មីៗ សូម​​លើកឡើង​ហេតុផល​៣​យ៉ាង​ដែល​អាជីវកម្ម​សាច់​ឆ្កែ​ត្រូវតែ​ហាមឃាត់​ដាច់ខាត​៖
 
 
១៖ សាច់​ឆ្កែ​ដែល​គេ​ដាក់លក់ គឺ​ពុំមែន​ជា​សត្វ​ចិញ្ចឹម​លក្ខណៈ​កសិដ្ឋាន​ធំៗ​ទេ តែ​ពួកវា​ត្រូវបាន​គេ​លួច និង​សម្លាប់ចោល​
 
​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ FOUR PAWS អន្តរជាតិ ឆ្នាំ​២០២០ ក្នុងប្រទេស វៀតណាម កម្ពុជា និង​ឥណ្ឌូណេស៊ី គេ​ប៉ាន់​ស្មានថា សត្វ​ឆ្កែ​និង​ឆ្មា ១០​លាន​ក្បាល​ត្រូវបាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​រាល់​ឆ្នាំ​សម្រាប់​បរិភោគ​។ ខណៈ​ការបរិភោគ​សាច់​ឆ្កែ ពុំមែន​ជា​រឿង​ខុសច្បាប់​ក្នុងប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងបី​នេះ ករណី​លួច​រួចហើយ​សម្លាប់សត្វ​ចិញ្ចឹម​នេះ​ចោល បានកើត​ឡើងជា​ហូរហែរ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​។ 
 
​ករណី​ក្នុងប្រទេស​វៀតណាម ឆ្កែ​៥​លាន​ក្បាល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​ត្រូវបាន​សម្លាប់ចោល​សម្រាប់​ធ្វើជា​អាហារ ជា​រៀងរាល់ឆ្នាំ​។ តម្លៃ​សាច់​ឆ្កែ​មួយ​គីឡូក្រាម គឺ​ចន្លោះ​ពី ៧ ដុល្លារ ទៅ ១០​ដុល្លារ ។ ចំណែក ក្នុងប្រទេស​កម្ពុជា បើតាម​ការស៊ើបអង្កេត​របស់​អង្គការ FOUR PAWS សត្វ​ឆ្កែ​ប្រមាណ ៣​លាន​ក្បាល ត្រូវបាន​សម្លាប់ និង​បរិភោគ រាល់​ឆ្នាំ​។ ក្នុងចំណោម​សត្វ​ដែល​គេ​បរិភោគ គឺជា​ឆ្កែ​អនាថា និង​ត្រូវបាន​គេ​លួច​។ តម្លៃ​ឆ្កែ​រស់​មួយ​ក្បាល ចន្លោះ​ពី ២ ដុល្លារ ទៅ ៣​ដុល្លារ ក្នុង​មួយ​គីឡូក្រាម​។ 
 
​របាយការណ៍​ដដែល​ស​រ​សេរ​ទៀតថា​៖«​ក្នុង​រាជធានី​ភ្នំពេញ​តែឯង  អង្គការ FOUR PAWS បាន​រកឃើញ​ហាង​ជាង​១១០​ទីតាំង​ដែល​លក់​សាច់​ឆ្កែ ហើយ​ភាគច្រើន​បើកទ្វារ​ក្នុងពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​»​។ 
 
​ដោយឡែក របាយការណ៍​មួយ​ផ្សេងទៀត របស់​អង្គការ Animal Asia កាលពី​ឆ្នាំ​២០១៥ បាន​រកឃើញថា ទោះ​ឆ្កែ​រាប់លាន​ក្បាល​ត្រូវ​សម្លាប់​សម្រាប់​បរិភោគ​រាល់​ឆ្នាំ​ក្តី ក្នុងប្រទេស​ចិន គ្មាន​ឡើយ​កសិដ្ឋាន​ចិញ្ចឹម​យក​សាច់​ឆ្កែ​ទ្រង់​ទ្រោ​យ​ធំ តែ​សាច់​ឆ្កែ​ភាគច្រើន​ដែល​ដាក់​ធ្វើជា​ម្ហូប​ទាំងនោះ គឺ​ត្រូវបាន​លួច​ពី​ម្ចាស់​ឆ្កែ ឬ​ចាប់​ស្ទាក់​ឆ្កែ​អនាថា​។ 
 
២៖ អាជីវកម្ម​សាច់​ឆ្កែ រាលដាល​ជំងឺ និង​បង្ក​ហានិភ័យ​ដល់​ជីវិត​មនុស្ស​
 
​ជា​រឿង​ដែល​គួរកត់សម្គាល់ ទាំង​វៀតណាម និង​ចិន ពុំ​សម្រេច​ជោគជ័យ​លុបបំបាត់ចោល​ទាំងស្រុង​នូវ​ជំងឺ​ឆ្កែឆ្កួត​ឡើយ​។ មូលហេតុ​ចម្បង​នៃ​ការ​បញ្ហា​នេះ គឺ​បណ្ដាលមកពី​ការដឹកជញ្ជូន​សាច់​ឆ្កែ​រាប់លាន​ក្បាល​ដោយ​ខុសច្បាប់​ជា​រៀងរាល់ឆ្នាំ​។ យោងតាម​អង្គការ Animal Asia ជំងឺ​ឆ្កែឆ្កួត​នេះ បង្ក​ឲ្យ​មនុស្ស​ប្រមាណ​២​ពាន់​នាក់​ស្លាប់​រាល់​ឆ្នាំ​។ 
 
​ក្រៅពីនេះ សាច់​ឆ្កែ ក៏​អាច​ចម្លង​ប៉ារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះថា Trichinella ដែលជា​ជំងឺឆ្លង​ពី​សត្វ​ទៅ​មនុស្ស រស់នៅក្នុង​ពោះវៀនតូច​របស់​សត្វ និង មនុស្ស​។ ជំងឺ​នេះ​ចំពោះ​មនុស្ស វា​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់​ដោយហេតុថា ចំពោះ​មនុស្ស​ដែលមាន​ជំងឺ​នេះ ពិបាក​នឹង ព្យាបាល ហើយ​ជាទូទៅ អ្នក​ដែល​កើត​ជំងឺ​នេះ​ទីបំផុត​ក៏ត្រូវ​ស្លាប់​។ 
 នេះ​បើតាម​ការសិក្សា​របស់​អង្គការ Animal Rescue Cambodia ឆ្នាំ​២០១៩ ។ 
 
​អាសន្នរោគ​ក៏​ងាយ​ឆ្លង​រាលដាល​តាមរយៈ​ដំណើរការ​ដឹកជញ្ជូន​និង​ការ សម្លាប់សត្វ​ឆ្កែ​សម្រាប់​បរិភោគ​។ វិធីសាស្ត្រ​មួយ​ក្នុងការ​ចាប់​សត្វ​ឆ្កែ​គឺ​ត្រូវដាក់​នុយ​ដោយ​ថ្នាំពុល​។ ថ្នាំពុល​នៅតែមាន​នៅក្នុង​សត្វ​ឆ្កែ​ហើយ​អាច​សម្លាប់​មនុស្ស​ដែល​បរិភោគ​សាច់​ឆ្កែ​បាន​។ របាយការណ៍​ដដែល​ស​រ​សេរ​បែបនេះ​។ 
 
៣៖ ភាពព្រៃផ្សៃ​របស់​ឈ្មួញ​និង​អាជីវករ​លក់​សាច់​ឆ្កែ 
 
​មុន​ដាក់​សាច់​ឆ្កែ​នៅលើ​តុ​បាយ វិធីសាស្ត្រ​សម្លាប់សត្វ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ព្រៃផ្សៃ​បំផុត​។ យក​ខ្សែរឹត​ក​. យក​អគ្គិសនី​ឆក់ ចាប់​ជ្រមុជ​ទឹក​ក្តៅ យក​របស់​រឹង ដូចជា ដែក ឬ​ឈើ វ៉ៃ​សម្លាប់ចោល បង្អត់​ចំណី​និង​ទឹក​ក្នុង​ទ្រុង ជាដើម ត្រូវបាន​មនុស្ស​អនុវត្ត​។ ភាព​រង​ទុក្ខ​របស់​សត្វ​ឆ្កែ​ក្រោមរូបភាព​បែបនេះហើយ ធ្វើ​ឲ្យ​មនុស្ស​ដែល​ស្រលាញ់​ឆ្កែ ខូចចិត្ត និង​ឈឺចាប់​។ 


 សាច់ឆ្កែដាក់លក់ក្នុងផ្សារប្រទេសចិន
​ដូចជាការ​លើកឡើង​ខាងលើ ជាទូទៅ មនុស្ស​ភាគច្រើន មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​សត្វ​ឆ្កែ ដែលជា​សត្វ​ចិញ្ចឹម​ពួកគេ​។ អ្នកខ្លះ​ថែមទាំង​ចាត់ទុក​សត្វ​ទាំងនោះ​ជា​សមាជិកគ្រួសារ​ផងដែរ ជាពិសេស ពួកលោក​ខាងលិច​។ នៅ​ទីនោះ គេ​មិន​ពិសា​សាច់​ឆ្កែ​ទេ​។​
 
​ជា​សរុបមក ក្រោម​ហេតុផល​ទាំងបី​នេះ ការអនុវត្ត​វិធាន​ការហាម​ខាត់​ការលក់​សាច់​ឆ្កែ ដែល​ទើបបាន​ដាក់ចេញ​ឲ្យ​អនុវត្ត​ដោយ​ខេត្ត សៀមរាប តែមួយ គួរតែ​ពង្រីក​វិសាលភាព​គ្របដណ្ដប់​ទូទាំងប្រទេស​កម្ពុជា ។ ហើយ​ម្យ៉ាងវិញទៀត មនុស្ស​ជា​អ្នក​ចូលចិត្ត​ពិសា​សាច់​ឆ្កែ គួរ​ជ្រើស​អាហារ​ចម្អិន​ពីស​ត្វ​ផ្សេង ដែល​ចិញ្ចឹម​នៅ​កសិដ្ឋាន ដូចជា សត្វ​ជ្រូក សត្វ​គោ ទា និង​មាន់ ជាដើម ជំនួស​ឲ្យ​សត្វ​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​នេះ​៕ 
 

Tag:
 ​សាច់​ឆ្កែ​
  សិទ្ធ​សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com