ជាតិ
សេដ្ឋកិច្ច
កម្ពុជា-កូរ៉េ ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាផ្លូវការ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២០
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង បានចាប់ផ្ដើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាផ្លូវការ កាលពីថ្ងៃទី៩ កក្កដា។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ។
បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរបានឆ្លងកាត់៣ដំណាក់កាលហើយ មុននឹងឈានមកដល់ការប្រកាសចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ។ ក្រុមការងារនៃប្រទេសទាំងពីរបានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូកន្លងមក ដោយសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី, ការរៀបចំគោលការណ៍រួមនៃការចរចា និងការស្នើសុំគោលការណ៍អនុញ្ញាតពី រដ្ឋាភិបាលទាំងពីរ។
ក្រសួងពាណិជ្ជកម្ម បានអះអាងលើហ្វេសប៊ុកដូច្នេះថា៖«ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ»។
រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយម និងប្តេជ្ញាចិត្តជំរុញឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ជាពិសេសការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ ក្នុងទិសដៅជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ក្រោយវិបត្តិជំងឺកូវីដ-១៩។
ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ ក្នុងឆ្នាំ២០១៩ មានប្រមាណ ១,០៣២ លានដុល្លាអាមេរិក ទំហំពាណិជ្ជកម្មនេះ បានកើនឡើងជិត២០ភាគរយ បើធៀបនឹងឆ្នាំ២០១៨ និងកើនឡើង ២៥៤ភាគរយ បើធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លាអាមេរិក។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតក្រុមការងារជំនាញដើម្បីសិក្សា និងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រចរចា ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗគោលដៅចំនួន៦ទៀត។ ក្នុងនោះ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល, ប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា៕
© រក្សាសិទ្ធិដោយ thmeythmey.com