ជ័យជម្នះ ៣-០ លើក្រុម Aston Villa ក្នុងការប្រកួតក្របខណ្ឌ Premier League បាននាំឲ្យក្រុម Manchester United កាន់តែប្រកៀកក្រុម Leicester City និង Chelsea ក្នុងការប្រជែងតំណែង Top 4 ដើម្បីទទួលបានកៅអី Champions League រដូវកាលក្រោយ។ Man Utd កើនដល់៥៨ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Leicester ១ពិន្ទុ និងក្រុមលេខ៣ Chelsea ២ពិន្ទុ។
នាជំនួបសប្តាហ៍ទី៣៤ ក្នុងទឹកដី Villa Park នៅយប់ថ្ងៃទី៩ ខែកក្កដា បិសាចក្រហមដែលជាក្រុមភ្ញៀវអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានដល់ទៅ៣គ្រាប់ និងមិនរបូតគ្រាប់បាល់ឡើយ។ ៣ គ្រាប់របស់ក្រុមលោក Ole Gunnar Solskjaer សម្រេចបានដោយខ្សែបម្រើ Bruno Fernandes (២៧) Mason Greenwood (៤៥) និង Paul Pogba (៥៨)។
ការទទួលបាន ៣ពិន្ទុបន្ថែមពីជ័យជម្នះនេះ បានធ្វើឲ្យ Man Utd កាន់តែមានពិន្ទុកៀកបំផុតជាមួយក្រុមគូប្រជែងសម្រាប់តំណែង Top 4 ដូចជា Leicester និង Chelsea។ ក្រុមរហ្សនាមបិសាចក្រហមដែលរកបាន៥៨ពិន្ទុពីការប្រកួត៣៤លើក ស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយចាញ់ប្រៀបក្រុមកញ្ជ្រោងដែលឈរលេខរៀងទី៤ តែ១ពិន្ទុ និងលេខ៣ តោខៀវ ចំនួន២ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់៤លើកទៀតទើបបញ្ចប់រដូវកាល ២០១៩-២០នេះ។
ក្នុងការដណ្តើមគ្នាយកទីតាំងដែលអាចទទួលបានកៅអីលេងក្នុងក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ ទាំង Man Utd, Leicester និង Chelsea ត្រូវកាត់សេចក្តីក្នុងការប្រកួត៤លើកដែលនៅសេសសល់។ Man Utd ហាក់មានប្រៀបជាងគេដ្បិតត្រូវជួបក្រុមមធ្យមច្រើនដូចជា Southampton, Crystal Palace, West Ham និងចុងក្រោយដែលជាជំនួបពិសេសគឺប៉ះ Leicester តែម្តង។
សម្រាប់ Leicester ចំណោម៤ប្រកួតចុងក្រោយរបស់ពួកគេ ពិបាកបំផុតគឺជួប Man Utd នៅជំនួបចុងក្រោយនេះឯង ខណៈ៣ប្រកួតដំបូងត្រូវប៉ះ Bournemouth, Sheffield Utd និង Tottenham Hotspur។ ដោយឡែក Chelsea ដែលស្ថិតក្រោមការចាត់ការរបស់លោក Frank Lampard ក៏ត្រូវប៉ះក្រុមល្អៗច្រើនដែរសម្រាប់៤ប្រកួតចុងក្រោយ។ ជំនួបបន្ទាប់ពួកគេត្រូវជួប Sheffield Utd, Norwich City, Liverpool និងចុងក្រោយ Wolverhampton។
ក្រឡែកមកក្រុម Aston Villa វិញ ក្រោយចាញ់ Man Utd ៣-០ បានធ្វើឲ្យក្រុមដែលទើបឡើងពីលីគទី២ Championship រដូវកាលនេះ ប្រឈមខ្លាំងនឹងការធ្លាក់ទៅវិញ។ Aston បានធ្លាក់ពីតំបន់ត្រូវកាត់ចោលពីលេខរៀង១៨ ទៅលេខ១៩ថែមទៀត ស្របពេល Bournemouth កើនមួយលេខទៅចំណាត់ថ្នាក់ទី១៨វិញ ក្រោយរកបានមួយពិន្ទុ ក្រោយស្មើជាមួយ Spur ០-០។
ក្រុមដែលកំពុងស្ថិតនៅតំបន់ត្រូវកាត់ចោលជាមួយ Aston Villa មាន Bournemouth និង Norwich City។
យ៉ាងណាក៏ដោយក្រុមទាំង៣នេះនៅសល់៤ប្រកួតសម្រាប់ឱកាសប្រជែងយកតំបន់សុវត្ថិភាព ជាមួយក្រុម៣ផ្សេងទៀតដូចជា Brighton & Hove Albion ដែលមាន៣៦ពិន្ទុ West Ham និង Watford ដែលមាន ៣១ពិន្ទុដូចគ្នា។ ប៉ុន្តែចំណោមក្រុមទាំង៦ខាងលើ Brighton មានភាគរយខ្ពស់ជាងគេក្នុងការបន្តជីវិតលេងនៅក្របខណ្ឌកំពូលរដូវកាលក្រោយ ស្របពេល Norwich City សល់ឱកាសតិចតួចបំផុត៕