COVID-19
អន្តរជាតិ
ប្រជាជន​វៀតណាម​៩០​ម៉ឺន​នាក់ អស់​ការងារ​ធ្វើ​ដោយសារ COVID-19
10, Jul 2020 , 5:39 pm        
រូបភាព
កម្មករធ្វើការក្នុងរោងចក្រផលិតម៉ាស់មួយ ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០២ (AFP)
កម្មករធ្វើការក្នុងរោងចក្រផលិតម៉ាស់មួយ ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០២ (AFP)
ដោយ:
​បញ្ហា​សេដ្ឋកិច្ច​ដែល​កើតចេញពី​ជំងឺ​រាតត្បាត​សកល COVID-19 ជះឥទ្ធិពល​អវិជ្ជមាន​លើ​កម្មករនិយោជិត​ប្រមាណ​៣១​លាន​នាក់​ក្នុងប្រទេស​វៀតណាម ។ ទីភ្នាក់ងារ​រដ្ឋាភិបាល​វៀតណាម បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ១០ ខែកក្កដា ដោយ​បន្ថែមថា ក្នុងចំណោម​នោះ មនុស្ស​៩០​ម៉ឹ​ន​នាក់​បាត់បង់​ការងារ​ធ្វើ និង​ជិត​១៨​លាន​នាក់​ទទួល​ប្រាក់ចំណូល​ទាប​ជាង​មុន​។ 

 
​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម (GSO) គូសបញ្ជាក់ថា វិស័យ​សេវាកម្ម​របស់​វៀតណាម រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ជាមួយ​កម្មករនិយោជិត​៧២​ភាគរយ រង​ផលប៉ះពាល់​។ កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​កសិកម្ម រងគ្រោះ​ខ្លាំង​បន្ទាប់​។ 
 
«​ប្រសិនបើ​ដំណោះស្រាយ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច ពុំ​ត្រូវបាន​អនុវត្ត​ភ្លាមៗ​ទេនោះ មនុស្ស​ជាង​៥​លាន​នាក់​ទៀត អាច​បាត់បង់​ការងារ​នា​ដំណាច់ឆ្នាំ​២០២០​នេះ​»​។ ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម សរសេរ​បែបនេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ទីភ្នាក់ងារ​រដ្ឋាភិបាល​វៀតណាម អះអាងថា កម្មករនិយោជិត​ជាច្រើន អស់​ការងារ​ធ្វើ ឬ​ម៉ោង​ការងារ​ពួកគេ​ត្រូវ​កាត់បន្ថយ​។ ទីភ្នាក់ងារ​នេះ​ព្រមាន​ទៀតថា ចំនួន​កម្មករ​រងគ្រោះ នឹង​បន្ត​កើនឡើង​ក្នុង​ត្រីមាស​ខាងមុខ​។ ត្រង់នេះ GSO សរសេរ​ដូច្នេះ​ថា​៖«​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​ទីប្រជុំជន ក្នុង​ត្រីមាស​ទី​២ កើន​ខ្ពស់បំផុត​ក្នុងពេល​១០​ឆ្នាំ​ចុងក្រោយ ដែល​ស្មើ ៤,៤៦​ភាគរយ ហើយ​ភាគច្រើន​បណ្ដាលមកពី​វិធានការ​គម្លាត​សុវត្ថិភាព ក្នុង​មេសា​»​។​
 
​គិត​មកទល់ពេលនេះ វៀតណាម បាន​រាយការណ៍​ករ​ណ៍​ឆ្លង COVID-19 សរុប​៣៦៩​ករណី ខណៈ​គ្មាន​ករណី​ស្លាប់​។ ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​រកឃើញ​ករណី​ឆ្លង​លក្ខណៈ​សហគមន៍ ៨១​ថ្ងៃ​មកហើយ ។ 
 
​ទោះជា​ជោគជ័យ​លើ​ការប្រយុទ្ធប្រឆាំង COVID-19 សេដ្ឋកិច្ច​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​២ បាន​ធ្លាក់ចុះ​យឺត​បំផុត​ក្នុងពេល​៣០​ឆ្នាំ​ចុងក្រោយ​។ ករណី​ធ្លាក់ចុះ​ខ្លាំង​បែបនេះ កំពុង​ធ្វើ​ឲ្យ​គោលដៅ​សេដ្ឋកិច្ច​ឆ្នាំ​២០២០​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ពិបាក​នឹង​កើតឡើង​៕
 
 

Tag:
 វៀតណាម​
  COVID-19
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com