ជាតិ
ព្រំដែន
វៀតណាម សន្យារើតង់ចេញទាំងអស់ តែរង់ចាំជំងឺកូវីដ-១៩ ផុតរលត់ទាំងស្រុងសិន
10, Jul 2020 , 6:14 pm        
រូបភាព
ទាំងមន្រ្តីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្យាយាមបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរ ដឹងថា រដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ ចំពោះតង់យោធាវៀតណាម ដែលបោះចូលមកទឹកដីកម្ពុជា។ បើតាមការអត្ថាធិប្បាយរបស់មន្រ្តីរដ្ឋាភិបាលច្រើនលើកកន្លងមក រួមទាំងពេលនេះផង គឺរដ្ឋាភិបាលកម្ពុជា បានប្រាប់ទៅវៀតណាម ឲ្យរើតង់ទាំងអស់ចេញវិញ តែវៀតណាម សំណូមពរ ថាចាំអស់ជំងឺកូវីដ-១៩សិន។



លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថា ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ឲ្យចុះទៅសម្របសម្រួល និងចរចាជាមួយភាគីវៀតណាម ដើម្បីឲ្យរុះរើតង់ទាំងនោះចេញ។ លោក បន្តថា ជាលទ្ធផល វៀតណាមបានយល់ព្រមរុះរើចេញ និងរំកិលតង់មួយចំនួន ថយក្រោយ។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក សក់ សេដ្ឋា មានប្រសាសន៍ដូច្នេះថា៖«ទន្ទឹមនេះ ភាគីវៀតណាម បានឆ្លើយតបមកអាជ្ញាធរកម្ពុជាថា វៀតណាម នឹងរុះរើតង់ទាំងនោះចោលវិញ ក្រោយពេលដែលជំងឺកូវីដ-១៩ ត្រូវបានកម្ចាត់ចោលទាំងស្រុងនាពេលខាងមុខ»។

ប្រសាសន៍ទាំងស្រុងរបស់លោក សក់ សេដ្ឋា ក៏ត្រូវបានដកស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងមហាផ្ទៃផងដែរ។

បើតាមលោក សក់ សេដ្ឋា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វៀតណាម បានរុះរើតង់៨ហើយ ក្នុងចំណោមតង់ទាំង៤២ ដែលបានបោះនៅតំបន់ព្រំដែន មិនទាន់ឯកភាពគ្នា។ ប៉ុន្តែ លោក ពុំបានបញ្ជាក់ទេ ថាតង់ទាំង៨ ដែលរុះរើនោះ ស្ថិតនៅតំបន់ណាខ្លះ ហើយតង់៣៤ទៀត ស្ថិតក្នុងតំបន់ណាខ្លះ។

លោក គ្រាន់តែរំលេចថា កន្លងមក រដ្ឋបាលខេត្តកណ្តាល ធ្លាប់សរសេរលិខិត និងហើយក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូត ផ្ញើទៅវៀតណាម ដើម្បីតវ៉ាអំពីការបោះតង់របស់វៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ២៤១-២៤៥ និងនៅតាមបណ្តោយព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះបង្គោលព្រំដែន លេខ២៤៧-២៥៣។

ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ តាមដានខ្លាំងជាងគេ នៅខេត្តកណ្តាល។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា តង់ទាំងអស់ មាន៣១ ដែលវៀតណាមបោះចូលមកតាមបណ្តោយខេត្តកណ្តាល ហើយឥឡូវ វៀតណាម បានរើចេញ៧ហើយ។

លោកអភិបាលខេត្ត និយាយដូចលោក សក់ សេដ្ឋា ដែរថា វៀតណាម នឹងរុះរើតង់ទាំងអស់ចេញវិញ ក្រោយជំងឺកូវីដ-១៩ ត្រូវបញ្ចប់ទាំងស្រុង ក្នុងពេលខាងមុខដ៏ខ្លី ខណៈជំងឺរាតត្បាតនេះ កាន់តែធូរស្រាល។ លោកអភិបាលខេត្ត ថ្លែងដូច្នេះថា៖«វៀតណាម មិនបានបង្ហាញឆន្ទៈថា បោះតង់រហូត ឬ មិនរុះរើនោះទេ»។

ទាំងនៅកម្ពុជានិងនៅវៀតណាម ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលវិញ ដោយអ្នកជំងឺ បានជាសះស្បើយជាបន្តបន្ទាប់ ខណៈអ្នកឆ្លងថ្មី មិនសូវកើតមាន។ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លង១៤១នាក់ ជាសះស្បើយ១៣១នាក់ ហើយវៀតណាម រកឃើញអ្នកឆ្លង៣៦៩នាក់ ជាសះស្បើយ៣៤៧នាក់។ ប្រទេសទាំងពីរ មិនមានអ្នកស្លាប់ដោយសារជំងឺនេះឡើយ។  

ដ្បិតកម្ពុជានិងវៀតណាម ឬប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ធូរស្បើយនឹងជំងឺកូវីដ-១៩ក្តី តែពិភពលោកទាំងមូល មិនទាន់បានធូរស្បើយទេ តែផ្ទុយទៅវិញ អ្នកឆ្លងជំងឺនេះ កើនឡើងរាល់ថ្ងៃ។ មកដល់ពេលនេះ អ្នកឆ្លងនៅទូទាំងពិភពលោក កើនឡើងដល់ជាង១២លាននាក់ហើយ ដោយក្នុងនោះ អ្នកជាសះស្បើយជាង៧លាននាក់ ស្លាប់ជាង៥៥ម៉ឺននាក់។

មិនទាន់មានអ្នកណា អាចវាយតម្លៃថា ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក នឹងត្រូវធូរស្បើយនៅពេលណាឡើយ។ គេ ក៏មិនអាចសន្និដ្ឋានបានដែរថា ជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅវៀតណាម ផុតរលត់និងមានសុវត្ថិភាពទាំងស្រុងឡើងវិញនៅពេលណាដែរ ថ្វីបើពេលនេះ ប្រទេសទាំងពីរ ធូរស្បើយនឹងជំងឺកូវីដ-១៩ក៏ដោយ។ ដូច្នេះ គេ មិនដឹងថា វៀតណាម នឹងត្រូវរើតង់ចេញពីកម្ពុជានៅពេលណាឡើយ។

វៀតណាម មានហេតុផលថា ការបោះតង់ទាំងអស់ គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចេញចូល ព្រោះបារម្ភពីការរាលដាលជំងឺកូវីដ-១៩។ យ៉ាងណា កម្ពុជា និងវៀតណាម យល់ព្រមអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលវិញហើយ ដោយគ្រាន់តែត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។ ប្រជាពលរដ្ឋខ្មែរចូលទៅវៀតណាម ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលវៀតណាម។ ប្រជាពលរដ្ឋវៀតណាម ចូលមកកម្ពុជា ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជា។

វា អាចបង្កើតជាចម្ងល់មួយដល់ប្រជាពលរដ្ឋខ្មែរថា ពីមុនកម្ពុជា និងវៀតណាម បិទគ្រប់ច្រកមិនឲ្យប្រជាពលរដ្ឋចេញចូល ដូច្នេះ វៀតណាម ក៏បោះតង់ឲ្យយោធាឈរជើង ដើម្បីឃ្លាំមើល ក្រែងលោមានប្រជាពលរដ្ឋខ្មែរ ឬជនបរទេស លួចចេញពីកម្ពុជា ចូលទៅវៀតណាម តែពេលនេះ កម្ពុជានិងវៀតណាម បានឯកភាពជាមួយគ្នា ឲ្យប្រជាពលរដ្ឋឆ្លងកាត់វិញហើយ ចុះហេតុអ្វី ចាំបាច់នៅបន្តទុកតង់ទាំងនោះទៀត?

បើថា វៀតណាម ខ្លាចប្រជាពលរដ្ឋខ្មែរ ឬជនបរទេស លួចឆ្លងដែនចូលទៅវៀតណាមដោយលួចលាក់ ហើយមិនឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩ និងមិនធ្វើចត្តាឡីស័ក១៤ថ្ងៃ គឺវៀតណាម អាចដាក់កម្លាំងសមត្ថកិច្ច នៅគ្រប់ច្រកព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយលួចលាក់ទាំងនោះ តែមិនគួរ មកបោះតង់ក្នុងតំបន់មិនទាន់ឯកភាពគ្នាជាមួយកម្ពុជាឡើយ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម បានសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីផ្លាស់ប្តូរយោបល់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងទំនាក់ទំនងទ្វេភាគី ហើយបានឆ្លៀតនិយាយពីរឿងព្រំដែន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សរសេរថា ថ្នាក់ដឹកនាំកំពូលទាំងពីរ អបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបោះបង្គោលព្រំដែន ដែលសម្រេចបាន៨៤ភាគរយ ព្រមទាំងបង្ហាញឆន្ទៈរួមគ្នា ក្នុងការពន្លឿនការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់១៦ភាគរយទៀត ជាតំបន់មិនទាន់ឯកភាព។ មេដឹកនាំទាំងពីរ ជជែកគ្នាឬក៏អត់ ពីការបោះតង់យោធាវៀតណាម ចូលមកទឹកដីកម្ពុជានោះ គេ មិនបានដឹងឡើយ ព្រោះក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស មិនឃើញសរសេរ។  

ក្រៅពីណែនាំទៅរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ ក៏បានស្នើទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនដែរ ដើម្បីចរចាជាមួយវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ និងរក្សាស្ថានភាពដដែល នៅតាមបណ្តោយព្រំដែន ដែលពុំទាន់បានឯកភាព។ នេះបើតាមលោក សក់ សេដ្ឋា ដដែល ដោយលោក បន្ថែមថា ជាការឆ្លើយតប គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានស្នើទៅក្រសួងមហាផ្ទៃវិញ ឲ្យជួយផ្តល់ចំណុចនិយាមការនៃទីតាំង ដែលវៀតណាមបោះតង់។ លោក បន្តថា បច្ចុប្បន្ន ក្រសួងមហាផ្ទៃ កំពុងបូកសរុបនិងផ្ទៀងផ្ទាត់និយាមការនៃទីតាំងតង់ទាំងនោះ ដើម្បីឲ្យទៅគណៈកម្មាធិការចំរុះកិច្ចការព្រំដែន។

លោក អះអាងទៀតថា លើសពីនេះ ក្រសួងមហាផ្ទៃ ស្នើឲ្យវៀតណាម គោរពឲ្យបានម៉ឺងម៉ាត់ ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣ ស្របតាមចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ ស្របតាមមាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង ស្របតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ។

គេហទំព័ររបស់ក្រសួងមហាផ្ទៃ សរសេរពីសម្តីលោក សក់ សេដ្ឋា យ៉ាងដូច្នេះថា៖«[ក្រសួងមហាផ្ទៃ] ស្នើឲ្យរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាម បន្តតាមដាន សកម្មភាពរបស់ភាគីវៀតណាមឲ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់»។

បើតាមសម្តីរបស់លោក សក់ សេដ្ឋា ក្រសួងមហាផ្ទៃ ប្រាប់ទៅរដ្ឋបាលខេត្ត ឲ្យប្រើប្រាស់ឲ្យអស់លទ្ធភាពនូវយន្តការ ដែលមានស្រាប់ក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ជាមួយវៀតណាម ប្រកបដោយស្មារតី មិត្តភាព និង ភាពជាអ្នកជិតខាងល្អ។

យោធាវៀតណាម បានបោះតង់ទាំង៣១ នៅតាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល តាំងពីអំឡុងខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី២៩ ខែមេសា អភិបាលខេត្តកណ្តាល បានសរសេរលិខិតជូនទៅខេត្តអានយ៉ាង ដើម្បីសុំឲ្យរុះរើតង់ទាំងនោះ។

នៅថ្ងៃទី១៣ ខែឧសភា លោក ង្វៀន ថាញ់ ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើលិខិតជូនមកលោក គង់ សោភ័ណ្ឌ វិញ ដោយលើកហេតុផលថា ការដែលវៀតណាមបោះតង់តាមបណ្តោយខ្សែព្រំដែន គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចូលទៅវៀតណាម ដែលអាចបង្កការឆ្លងជំងឺកូវីដ១៩។ ក្នុងលិខិតនោះ ភាគីវៀតណាម ប្រាប់អភិបាលខេត្តកណ្តាលថា ការបោះតង់ទាំងនោះ គឺគ្រាន់តែជាការងារបណ្តោះអាសន្ន។

នៅថ្ងៃទី១៣ ខែឧសភា ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូត ទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីស្នើឲ្យរុះរើតង់ទាំងនោះ។ ស្ថានទូតវៀតណាម បានធ្វើកំណត់ទូតមកវិញ ដោយសន្យាថា នឹងរុះរើតង់ទាំងនោះវិញ។

បន្ទាប់មក នៅថ្ងៃទី១ ខែមិថុនា ក្រសួងការបរទេសកម្ពុជា បានអញ្ជើញឯកអគ្គរដ្ឋទូតវៀតណាម ទៅជួបពិភាក្សា និងស្នើឲ្យវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់។ 

មិនមែននៅតែខេត្តកណ្តាលទេ នៅតាមបណ្តោយព្រំដែនខេត្តតាកែវ ក៏វៀតណាម បានបោះតង់យោធាដែរ គឺមានដល់ទៅ៨៣តង់ឯណោះ។ តែតង់ទាំងនោះ វៀតណាម មិនបោះចូលមកក្នុងទឹកដីខេត្តតាកែវឡើយ ពោលគឺ តង់ទាំងនោះ ស្ថិតក្នុងទឹកដីវៀតណាម។ មកដល់ពេលនេះ មិនទាន់មានព័ត៌មានថា វៀតណាម រើតង់ទាំងនោះ ឬក៏នៅនោះទេ៕

Tag:
 កម្ពុជា-វៀតណាម
  ព្រំដែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com