COVID-19
អន្តរជាតិ
គណបក្ស​លោក លី សៀន​ឡុង បន្ត​ឈ្នះឆ្នោត​ដឹកនាំ​សិង្ហ​បុរី តែ​សំឡេងគាំទ្រ​ធ្លាក់ចុះ​
11, Jul 2020 , 10:25 am        
រូបភាព
​គណបក្ស​សកម្មភាព​ប្រជាជន (PAP) របស់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង បាន​បន្ត​ឈ្នះឆ្នោត​លើសលប់​ដដែល​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​ថ្ងៃទី​១០ ខែកក្កដា ប៉ុន្តែ​សំឡេងគាំទ្រ​បាន​ធ្លាក់ចុះ​ជិត​៩​ភាគរយ​ប្រៀបធៀប​ការបោះឆ្នោត​ឆ្នាំ​២០១៥ ។ ក្នុងការ​បោះឆ្នោត​ដែល​រៀបចំឡើង​ក្នុង​បរិបទ​ជំងឺ COVID-19 គណបក្ស​កម្មករ​ដែល​ជា​បក្សប្រឆាំង ធ្វើ​បានល្អ​ក្នុងការ​បោះឆ្នោត​លើក​នេះ ដោយ​ទទួលបាន​អាសន​សភា​លើស​ការបោះឆ្នោត​អាណត្តិ​មុន។​

 
​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១០ ខែកក្កដា គណបក្ស​សកម្មភាព​ប្រជាជន​ដែល​កាន់អំណាច​តាំងពី​ទទួលបាន​ឯករាជ្យ​ឆ្នាំ​១៩៦៥ បានទទួល​ជ័យជម្នះ​យ៉ាង​ស្រួល ជាមួយនឹង​សំឡេងគាំទ្រ​សរុប​៦១,២៤​ភាគរយ​នៃ​សំឡេងឆ្នោត​សរុប​។ បក្ស​នេះ​ទទួលបាន​កៅអី​សភា​ចំនួន​៨៣​ក្នុងចំណោម​កៅអី​សរុប​៩៣ ដែលជា​សំឡេង​ភាគច្រើន​លើសលុប​ទៅហើយ​។ 
 
​ដ្បិត​ឈ្នះ​ដោយ​សំឡេង​ច្រើន​មែន ការគាំទ្រ​របស់​បក្ស​ដែលមាន​លោក លី សៀន​ឡុង ជា​នាយករដ្ឋមន្ត្រី​នេះ ធ្វើ​មិនសូវ​បានល្អ​ឡើយ​ក្នុងការ​បោះឆ្នោត​លើក​នេះ ព្រោះ​សំឡេងគាំទ្រ​បាន​ធ្លាក់ចុះ​ប្រមាណ​៩​ភាគរយ បើ​ធៀប​ការបោះឆ្នោត​ឆ្នាំ​២០១៥ ដែល​កាលនោះ​បក្ស​នេះ​ទទួលបាន​ការគាំទ្រ​៦៩,៩​ភាគរយ​ឯណោះ​។ បក្ស​កម្មករ​ដែល​ជាប​ក្ស​ប្រឆាំង​បានឈ្នះ​នៅ​មណ្ឌល​ចំនួន​បី ហើយ​ទទួលបាន​កៅអី​ដល់​ចំនួន​១០​តែម្ដង ខណៈ​ឆ្នាំ​២០១៥ ពួកគេ​ឈ្នះ​តែ​៦​កៅអី​ប៉ុណ្ណោះ​។​
 
​លោក លី បង្ហាញ​ការមិន​សូវ​សប្បាយចិត្ត​ចំពោះ​លទ្ធផល​នេះ ព្រោះ​ឈ្នះ​ការបោះឆ្នោត​មែន តែ​សំឡេងគាំទ្រ​តិចជាង​អ្វីដែល​បក្ស​សង្ឃឹម​។ ទោះជា​យ៉ាងណា លោក​ចាត់ទុក​លទ្ធផល​នេះ​ជាការ​គាំទ្រ​ដ៏​ទូលាយ​លើ​បក្ស PAP ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការចេញ​លទ្ធផល លោក លី ដែល​ធ្វើជា​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​២០០៤ មក បាន​សន្យា​ដឹកនាំ​សិង្ហ​បុរី​ដើម្បី​ដោះស្រាយ​បញ្ហា COVID-19 និង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។​
 
​លោក លី ប្រកាស​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​បក្ស​កម្មករ​ក្នុង​សភា​ផងដែរ​។ ជាមួយគ្នានេះ លោក លី ក៏​ប្រកាស​បំណង​ទទួលស្គាល់​លោក ព្រី​តាំ ស៊ី​ង (Pritam Singh) ដែលជា​មេដឹកនាំ​បក្សប្រឆាំង ជា​មេដឹកនាំ​ប្រ​ឆាំ​ា​ង​ក្នុង​សភា​ផងដែរ ព្រោះ​ជាមួយ​កៅអី​សភា​១០​ក្នុង​ដៃ បក្ស​នឹង​នេះ​ទទួលបាន​ធនធាន​ច្រើណជាង​មុន​។ 
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក ហេង ស្វី​គៀត ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ដែល​ត្រូវ​បានកំណត់​ជា​អ្នក​ស្នង​តំណែង​ពី​លោក លី ធ្វើ​មិនសូវ​បានល្អ​ឡើយ​ក្នុងការ​បោះឆ្នោត​នេះ​។ នៅ​មណ្ឌល East Coast ដែល​លោក​ដឹកនាំ បក្ស PAP ឈ្នះ​កៅអី​សភា​ទាំង​៥ ប៉ុន្តែ​ទទួលបាន​សំឡេង​ប្រកៀក​ប្រកិត​ទល់នឹង​បក្ស​កម្មករ គឺ​។ ការណ៍​នេះ​ត្រូវបាន​គេ​វាយតម្លៃ​ខុសៗ​គ្នា​ពី​សមត្ថភាព​ដឹកនាំ​របស់​អនាគត​នាយករដ្ឋមន្ត្រី​រូបនេះ​៕
 
 

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com