COVID-19
អន្តរជាតិ
ការឆ្លង​ជំងឺ​កូ​វីដ​១៩ អាច​សម្លាប់​មនុស្ស​ក្នុង​ជំរំ​ជនភៀសខ្លួន​នៅ​ស៊ី​រី​
11, Jul 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ សមាជិក​នៃ​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់​វាស់​សីតុណ្ហភាព នៅក្នុង​ក្រុង Kafr Takharim ខេត្ត Idlib ប្រទេស​ស៊ី​រី​។​
​រូប​ឯកសារ​៖ សមាជិក​នៃ​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់​វាស់​សីតុណ្ហភាព នៅក្នុង​ក្រុង Kafr Takharim ខេត្ត Idlib ប្រទេស​ស៊ី​រី​។​
ដោយ: VOA
​វីរុស​កូ​រ៉ូ​ណា​ត្រូវគេ​រកឃើញ​លើកដំបូង​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដែលជា​ដែនដី​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម ហើយ​ជា​ជំរំ​មាន​ជនភៀសខ្លួន​រស់នៅ​យ៉ាងច្រើន​នោះ​។​

 
​មនុស្ស​ដែល​ឆ្លង​ជំងឺ​នោះ​គឺ​វេជ្ជបណ្ឌិត​ម្នាក់​រស់នៅក្នុង​តំបន់​អ៊ី​ដ​លី​ប ដែល​ត្រូវ​បានដាក់​ឱ្យនៅ​ដាច់​ពី​គេឯង​ភ្លាមៗ​ក្រោយពី​រកឃើញថា​មាន​រោគសញ្ញា​បង្ហាញ​ចេញ​ឱ្យដឹង​។ ក្រុមមន្ត្រី​និយាយថា មនុស្ស​ដែលមាន​ការទាក់ទង​នឹង​វេជ្ជបណ្ឌិត​រូបនេះ​ត្រូវ​ដាក់ឱ្យ​ធ្វើតេស្ត​ទាំងអស់​។​
 
​សហព័ន្ធ​ថែទាំ​សុខភាព​ហៅថា UOSSM ដែលជា​អង្គការ​មនុស្សធម៌​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា វីរុស​នេះ​អាច​នឹង​ឆ្លង​រាលដាល​ពាសពេញ​ជំរំ​ជនភៀសខ្លួន​ដូចជា​ភ្លើង​ឆេះ​ព្រៃ​។​
 
​នៅ​កន្លែង​ផ្សេងទៀត ដូចជា​ដែនដី​ហុងកុង សាលារៀន​ទាំងអស់​ត្រូវ​បិទទ្វារ​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​វិស្សមកាល​ក្នុង​រដូវក្តៅ​មួយ​សប្តាហ៍​មុន​ការគ្រោងទុក​។ សាលារៀន​បាន​បិទទ្វារ​មុន​ការកំណត់​កាលពីដើមឆ្នាំ​ដោយសារ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ តែ​បានចាប់ផ្តើម​បើក​ជា​បណ្តើរៗ​ឡើងវិញ​កាលពី​ខែឧសភា​។​
 
​នៅ​អាមេរិក មាន​សេចក្តីរាយការណ៍​ថា​ចំនួន​អ្នក​ឆ្លង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ដល់​ទៅ​៦៤.០០០ ករណី​។ តំបន់​ដែលមាន​ការវាយប្រហារ​ខ្លាំងជាងគេ​គឺ​ស្ថិតនៅ​ភាគ​ខាងលិច និង​ខាងត្បូង ដូចជា​រដ្ឋ​Arizona រដ្ឋ California រដ្ឋ Florida និង​រដ្ឋ Texas៕
 

© រក្សាសិទ្ធិដោយ thmeythmey.com